ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជាចង់ឲ្យក្រសួង ស្ថាប័នថ្នាក់ក្រោមជាតិ មន្ទីរពេទ្យនិងសាលារៀនគួរតែមានមន្ត្រីចេះភាសាសញ្ញាគថ្លង់ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និង ផ្តល់សេវាជូនពួកគេអោយកាន់តែប្រសើរ។
ការលើកឡើងរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជានេះ ដោយសារតែជនពិការគថ្លង់នៅ តែជួបផលវិបាកក្នុងការធ្វើទំនាក់ទំនងក្នុងសង្គម ពិសេសជាមួយស្ថាប័នធំៗដោយសារតែ មិនអាចទំនាក់ទំនងតាមភាសាសញ្ញាគថ្លង់បាន។
ថ្លែងនៅក្នុងទិវាមនុស្សគថ្លង់ កាលពីព្រឹកថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៨លោក ឯម ចន្ទមករា អគ្គលេខាធិការក្រុម ប្រឹក្សាសកម្មភាពជនពិការកម្ពុជាបានស្នើដល់គ្រប់ក្រសួងស្ថាប័ន និង វិស័យឯកជន មួយចំនួនគួរបញ្ចូលភាសាសញ្ញានៅក្នុងសកម្មភាពការងារដើម្បីដោះស្រាយផលវិបាករបស់ ជនពិការ គថ្លង់នៅក្នុងសង្គម ដែលពិបាកក្នុងការទំនាក់ទំនង។
ជាមួយគ្នានេះទៀត លោកបានលើកអំពីផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាដោយឲ្យក្រសួងអប់រំ ចាប់ផ្តើមបណ្តុះបណ្តាលភាសាសញ្ញា ដល់ជនពិការគថ្លង់ និងមនុស្សទូទៅចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៥ កម្រិតបឋមសិក្សា។
កញ្ញាអ៊ូ ចាន់សុភាព ដែលជាជនពិការគថ្លង់ កំពុងបម្រើការងារលើកកម្ពស់ការអភិវឌ្ឍមនុស្សគថ្លង់បានបានឲ្យដឹងតាមរយៈអ្នកបកប្រែភាសាសញ្ញាថា ប្រសិនបើមនុស្សទូទៅចេះភាសាសញ្ញា គថ្លង់គឺជារឿងសំខាន់ណាស់ ដែលបានកាត់បន្ថយគម្លាតអ្នកគថ្លង់នៅសង្គម ពោលគឺអាច ទទួលសេវា និងព័ត៌មានគ្រប់យ៉ាងកាន់តែទូលំទូលាយ។ ព្រោះថា រាល់ថ្ងៃនេះនាងមានការលំបាកក្នុងការទំនាក់ទំនងជាមួយសហគមន៍ដោយសារតែនៅតាមសហគមន៍មិនមានអ្នកចេះភាសាគថ្លង់នេះ។
លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទាបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានយល់ច្បាស់ពីតម្រូវការនិងបញ្ហាប្រឈមរបស់បងប្អូនជនពិការ ពិសេស ជនពិការគ ថ្លង់ ដែលក្រុមគ្រួសារ សហគមន៍ ពិបាកក្នុងការទំនាក់ទំនង។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅកម្ពុជាមានជនពិការ ទាំងអស់មានចំនួនជាង៥២ម៉ឺននាក់ ក្នុងនោះជនពិការគថ្លង់ មានចំនួនជាង៤០ភាគរយ៕
Source: Kampuchea Thmey Daily
0 Comments