Ad Code

ព្រះខ័ន​រាជ​ស្វាយរៀង ផ្តាច់​កិច្ចសន្យា​ជាមួយ​កីឡាករ​យុវជន​២​នាក់ តែ​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ម្នាក់



ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក Conor Nestor បានសម្រេច​មិន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​យុវជន​២​នាក់ ប៉ុន្តែ​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ម្នាក់​រហូតដល់​ឆ្នាំ​២០២០ ខាងមុខ​។

​យោង​តាម​សេចក្តី​ជូនដំណឹង​ពី​ក្លិប​បាល់ទាត់​មួយ​នេះ​បាន​បញ្ជាក់​ថា ​កីឡាករ​ដែល​ក្លិប​សម្រេច​បន្ត​កិច្ចសន្យា​នោះ​មាន​ឈ្មោះថា គីម សុខ​យុទ្ធ​។ កីឡាករ​រូប​នេះ ត្រូវ​បាន​ជ្រើសរើស​ពី​យុវជន​ថ្នាល​ដើម្បី​ឡើង​មក​លេង​ក្រុម​ធំ កាលពី​ខែមិថុនា កន្លងទៅ​។ ដំណាលគ្នា​នោះ​ដែរ​ក្លិប​បានសម្រេច​ចែកផ្លូវ​ជាមួយ​កីឡាករ​២​នាក់​ផងដែរ ដោយ​ក្នុងនោះ​មាន​អ្នកចាំទី យី ប៊ុនហេង និង​ខ្សែការពារ​ស្លាប គី បៀ​ង​ហៀ​ង​។



ថ្មីៗ​នេះ​ក្លិប​ក៏បាន​ជូនដំណឹង​ពី​ការ​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​៣​នាក់​និង​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​២​នាក់​ផងដែរ​។ កីឡាករ​ដែល​ក្លិប​ប្រកាស​បន្ត​កិច្ចសន្យា​នោះ​គឺ​កីឡាករ​អង់គ្លេស Harley Willard និង​កីឡាករ​ជប៉ុន Daisuke Kobayashi បានសម្រេច​ចិត្ត​បន្ត​កិច្ចសន្យា​១​ឆ្នាំ ពោលគឺ​ត្រៀម​ប្រកួត​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខ​។ ចំណែក​កីឡាករ​បរទេស​៣​រូប​ដែល​ក្លិប​មិន​បន្ត​កិច្ចសន្យា​នោះ​មាន​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រ​ស៊ី​ល Sergio Barboza, ខ្សែបម្រើ​ជប៉ុន Ryota Ishikawa និង Asnin Dzmitry អ្នកចាំទី​សញ្ជាតិ​បេឡា​រុស​។



ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ដឹកនាំ​ដោយ​លោក Conor Nestor ទទួល​ចំណាត់ថ្នាក់​មិនសូវ​បានល្អ​នោះ​ទេ​ ប្រចាំ​រដូវ​កាល​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំកន្លងមក​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​អង្គរ​ថាយហ្គឺរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu