ភ្នំពេញ ៖ កម្ពុជាគ្រោងនឹងបញ្ជូនពលករប្រមាណ៥ពាន់នាក់ ទៅធ្វើការនៅប្រទេសគូវ៉េតជាលើកដំបូងនៅឆ្នាំ២០១៩ខាងមុខ ដើម្បីពង្រីកទីផ្សារពលកម្មក្រៅស្រុកក៏ដូចជាបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារពលករនិងសេដ្ឋកិច្ចជាតិផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបជាមួយលោកស្រី Hind Al-Sabeeh រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងការងារនិងក្រសួងសេដ្ឋកិច្ចប្រទេសគូវ៉េត កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នៅទីស្តីការក្រសួង លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា នៅឆ្នាំ២០១៩ខាងមុខនេះកម្ពុជានឹងរៀបចំបញ្ជូនពលករជាច្រើនវិស័យរួមមានផ្នែកសេវាកម្ម ឧស្សាហកម្ម និងកសិកម្មជាដើមដើម្បីទៅធ្វើការនៅប្រទេសគូវ៉េតដែលជាការបើកចំហគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា។
លោកបណ្ឌិត រដ្ឋមន្ត្រីបានបន្តឲ្យដឹងថា មុននឹងបញ្ជូនពលករទៅធ្វើការនៅប្រទេសគូវ៉េតនោះពលករនីមួយៗត្រូវធ្វើការបណ្តុះបណ្តាលនូវជំនាញផ្សេងៗ ស្វែងយល់ពីវិស័យការងារ លក្ខខណ្ឌអាកាសធាតុ វប្បធម៌ប្រពៃណីម្ហូបអាហារ ភាសាអង់គ្លេសនិងភាសាអារ៉ាប់ជាមុនសិនដើម្បីឲ្យពួកគេអាចស៊ាំ ឬ អាចសម្របខ្លួនធ្វើការនិងរស់នៅទីនោះបានដូចប្រជាជនគូវ៉េតដែរ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រសិនបើលក្ខខណ្ឌការងារនៅប្រទេសគូវ៉េតល្អ ប្រាក់ឈ្នួលខ្ពស់និងស្របតាមអ្វីដែលពលករកម្ពុជាចង់បាននោះកម្ពុជានឹងបញ្ជូនពលករបន្ថែមទៀតនាឆ្នាំបន្តបន្ទាប់។
លោកបណ្ឌិត រដ្ឋមន្ត្រីបានអំពាវនាវដល់ពលករកម្ពុជា ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេសពិសេសនៅតំបន់អារ៉ាប់ ត្រូវមានច្បាប់ត្រឹមត្រូវដើម្បីទទួលបាននូវការគាំពារផ្លូវច្បាប់ពីកម្ពុជានិងប្រទេសទទួលពលករព្រោះថាកន្លងមកមានពលករកម្ពុជាមួយចំនួនបានរងគ្រោះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតដោយសារចាញ់បោកបញ្ឆោតពីសំណាក់មេខ្យល់ដែលនាំទៅធ្វើការមិនស្របច្បាប់ដោយមានពលករខ្លះបានចេញទៅធ្វើការនៅទីនោះ២០ឆ្នាំដោយមិនមានដំណឹងក៏មាន។
លោកបណ្ឌិត រដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១៩ខាងនេះមុខតទៅប្រជាពលរដ្ឋកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគូវ៉េតអាចចេញទៅធ្វើការដោយស្របច្បាប់បានដោយសារប្រទេសកម្ពុជានិងគូវ៉េតមានចុះកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរពលកររួចហើយ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេសមានប្រមាណ១លាន២សែននាក់ក្នុងនោះនៅប្រទេសថៃមានច្រើនជាងគេប្រមាណ១លាន៨ម៉ឺននាក់ដោយបាននាំមកនូវប្រាក់ចំណូលមកកាន់ប្រទេសវិញប្រមាណជិត២ពាន់លានដុល្លារក្នុងមួយឆ្នាំដែលបានជួយលើកស្ទួយជីវភាពរស់នៅក្នុងគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរឡើងថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments