Ad Code

រដ្ឋមន្ត្រីក្រសួង​អប់រំ​ ជំរុញ​ឲ្យ​ក្រុមប្រឹក្សាភិបាល​សាលា​ស៊ីសុវត្ថិ​ លើកកម្ពស់​បរិស្ថាន​នៅក្នុង​បរិវេណ​សាលា



ភ្នំពេញ ​៖ ​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាភិបាល គណៈកម្មការ​ប្រតិបត្តិ និង​គណៈ​គ្រប់គ្រង​នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ត្រូវ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​សំរាម នៅក្នុង​បរិវេណ​សាលា​ដើម្បី​លើក​សោ​ភ័​ណ្ឌ​ភាព​ក៏ដូចជា​បរិស្ថាន​សាលា​ឲ្យ​កាន់តែ​ស្រស់​បំព្រង​ថែមទៀត។

លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​លើក​ឡើង​បែបនេះ​ កាលពី​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​នេះ​ ក្នុង​ឱកាស​ដែល​លោក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ចូលរួម​ប្រកាស​សមាសភាព​ក្រុមប្រឹក្សាភិបាល គណៈកម្មការ​ប្រតិបត្តិ និង​គណៈ​គ្រប់គ្រង​នៃ​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្ថិ។

ជា​មួយ​គ្នា​នេះ​ដែរ ​លោករ​ដ្ឋ​មន្ត្រី​ក៏បាន​ចុះ​ត្រួតពិនិត្យ​ការ​បង្រៀន ការសិក្សា​របស់​សិស្សានុសិស្ស នៅ​សាលារៀន​ជំនាន់​ថ្មី នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​ស្វែងយល់​អំពី​ការអភិវឌ្ឍន៍ ការបង្រៀន និង រៀន បែប​សតវត្ស​ទី​២១ និង​ឈាន​ទៅ​អភិវឌ្ឍ​សាលារៀន ដទៃ​នៅ​ទូទាំងប្រទេស​។

មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ​លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា​ រយៈពេល​០៥​ឆ្នាំ​មកនេះ ក្រសួង​អប់រំ បាន​បង្កើន​ថវិកា​ជាច្រើន ដើម្បី​ពង្រឹង​នៅ​តាម​សាលារៀន​នីមួយៗ នៅ​ទូទាំង​ប្រទេស ជាពិសេស​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព នៃ​ការដឹកនាំ និង​គ្រប់គ្រង ក្នុង​ន័យ​ឈាន​ទៅ​លើកកម្ពស់​គុណភាព នៃ​ការអប់រំ តាមរយៈ​ការបង្កើត​លទ្ធផល​សិក្សា​របស់​សិស្ស។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ​«​ភារកិច្ច​ដំបូង គឺ​ជួយ​សំអាត​សាលា អញ្ចឹង​តាំងពី​ថ្ងៃ​ប្រជុំ​មក​ខ្ញុំ​ងាក​តាម​មាត់​បង្អួច ឃើញ​សំរាម​ច្រើនណាស់​នៅ​ខាងក្រោយ​នេះ អញ្ចឹង​ខ្ញុំ​បាន​ឲ្យ​គេ​មក​សំអាត​ហើយ អញ្ចឹង​ជាបឋម​ខ្ញុំ​ជួយ​សំអាត​បរិស្ថាន ខ្ញុំ​មិន​លូកដៃ​ចូល​កិច្ច​ការងារ​បច្ចេកទេស​ទេ ប៉ុន្តែ​ខ្ញុំ​ជួយ​អភិវឌ្ឍ​សាលា​បន្ត​ទៀត​»​។

លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​ណែនាំ​ដល់​ក្រុមប្រឹក្សាភិបាល គណៈកម្មការ​ប្រតិបត្តិ និង​គណៈ​គ្រប់គ្រង​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ តើ​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​សាលា​ស្អាត​ជា​មុនសិន ហើយ​បន្ទាប់ពី​ការប្រកាស​ក្រុមប្រឹក្សាភិបាល​នេះ​។

ទន្ទឹម​នឹង​នេះ​ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើសុំ​ឲ្យ​គណៈ​គ្រប់គ្រង​សាលា​ចុះ​ត្រួតពិនិត្យ​តាម​ថ្នាក់រៀន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​បន្ទប់​សិក្សា​របស់​សិស្ស មាន​ផាសុកភាព ស្អាត ហើយ​កន្លែង​ណា​ដែល​អាច​រៀន​បាន​ត្រូវ​ជួសជុល​កែតម្រូវ និង​ដាក់​ជា​វិន័យ​ដើម្បី​ឲ្យ​សិស្សានុសិស្ស​ចូលរួម​ថែទាំ​សម្ភារៈ នៅក្នុង​សាលារៀន​ទាំងអស់គ្នា។

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់​ថា ជា​មួយ​គ្នា​នេះ​ដែរ ក្រុមប្រឹក្សាភិបាល​តើ​ត្រូវធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​សាលារៀន​ព្រះស៊ីសុវត្ថិ ជា​សាលារៀន​គំរូ​មួយ​ដែល​ស្អាត និង​មាន​សោ​ភ័​ណ្ឌ​ភាព​យ៉ាងដូច​ម្ដេច ប្រសិនបើ​យើង​ក្រឡេក​ទៅ​មើល​នៅ​ទសវត្ស​ឆ្នាំ​៥០ និង​៦០ វិញ គឺជា​សាលារៀន​មួយ​មាន​អាយុ​១០០​ឆ្នាំ​ជាង ដូច្នេះ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ចូល​ទស្សនា សិស្សានុសិស្ស​ចូលក្នុង​បរិវេណ មិនឃើញ​មាន​សំរាម​បោះចោល​ពាសវាលពាសកាល ដែល​សាក​សមជា​ទីកន្លែង​អប់រំ និង​បណ្តុះបណ្តាល​ផងដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu