ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងមួយ ដោយប្រកាសឲ្យម្ចាស់គណនី Facebook ចំនួន៥ដែលកំពុងប្រតិបត្តិការនៅកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការលក់, ចែកចាយ និងផ្សព្វផ្សាយពីឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Krachaidum Extract Plus ព្រោះឱសថនេះគ្មានការអនុញ្ញាតពីក្រសួងនិងអាចធ្វើឲ្យអ្នកប្រើប្រាស់គាំងបេះដូងប៉ះពាល់ដល់អាយុជីវិតផងដែរ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា តាមការពិនិត្យឃើញលើបណ្ដាញសង្គម Facebook ជារៀងរាល់ថ្ងៃឃើញថា មានគណនី Facebook ចំនួន៥រួមមាន៖ 4U, ជំនួយផ្លូវភេទបុរស, ជំនួយការបុរស, Krachaklum extra plus168 និងមហាខ្លាំង33Three បានកំពុងផ្សព្វផ្សាយ និងចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Krachaidum Extract Plus ផលិតនៅក្នុងប្រទេសថៃ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ និងការចុះបញ្ជីកា និងការអនុញ្ញាតផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ។
ក្រសួងសុខាភិបាល ស្នើឲ្យម្ចាស់គណនីទាំង៥ខាងលើ មេត្តាបញ្ឈប់ការចែកចាយ, ការផ្សព្វផ្សាយ, ការលក់ ឱសថបំប៉នផ្លូវភេទបុរស Krachaidum Extract Plus ជាបន្ទាន់ បើមិនដូច្នេះទេក្រសួងនឹងចាប់វិធានការតាមច្បាប់។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលក៏បានព្រមានចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ស្ដីពីការគ្រប់គ្រងឱសថចំពោះក្រុមហ៊ុនទាំងឡាយណា ដែលនាំចូលផ្សព្វផ្សាយលក់ ឬ ចែកចាយផលិតផលកាហ្វេ Coffee Like (កាហ្វេកម្លាំងសេះ) ដោយសារផលិតផលនេះមានផ្ទុកឱសថសម័យឈ្មោះ Sidenafil និង Tadafil ដែលជាឱសថបង្កើន ចំណង់ផ្លូវភេទសម្រាប់បុរស។
ផលិតផលកាហ្វេ Coffee Like ត្រូវបានផ្សព្វផ្សាយ តាមរយៈវិទ្យុប្រជាជន FM91.00MH ជារៀងរាល់ថ្ងៃថា ជាកាហ្វេកម្លាំងសេះ ចំពោះអ្នកមានបញ្ហាលើសជាតិស្ករ អាចញាំបាន និងអ្នកមានជំងឺទឹកនោមផ្អែម ក៏អាចញាំបាន ធ្វើឲ្យមេជីវិតបុរសរឹងមាំល្អ ជួយបញ្ហាស្ទះចរន្តឈាម ជួយផ្លូវភេទបុរសឲ្យបានធំ រឹងយូរ ដែលមានលក់តែនៅក្នុងវិទ្យុប្រជាជន FM91.00MH តែប៉ុណ្ណោះ។
ក្រសួងសុខាភិបាលបានចាត់ទុកថា នេះគឺជាការផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាល ឡើយ។
ក្រសួងបានណែនាំដល់ប្រជាពលរដ្ឋក៏ដូចជាសាធារណជនថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាក់ និងប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់ការបាត់បង់អាយុជីវិត (ដោយសារការគាំងបេះដូង) របស់អ្នកប្រើប្រាស់ទៀតនោះ ប្រជាពលរដ្ឋត្រូវឈប់ប្រើប្រាស់ផលិតផលទាំងនេះ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងករណីពលរដ្ឋជួបប្រទះ បុគ្គលណាម្នាក់កំពុងប្រើប្រាស់ លក់ ឬចែកចាយឱសថបំប៉នផ្លូវភេទ Krachaidum Extract Plus ត្រូវផ្ដល់ព័ត៌មានមកកាន់ នាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧ ឬ ០៩៥៣៥៩៣៩៩៕
Source: Kampuchea Thmey Daily
0 Comments