Ad Code

លោក វេ​ង សាខុន អញ្ជើញ ជា​វាគ្មិន​នៅក្នុង​កិច្ចប្រជុំ ការ​វិនិយោគ​កសិកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ



ភ្នំពេញ ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កិច្ចប្រជុំ ការ​វិនិយោគ​កសិកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ ដោយមាន តំណាង​រដ្ឋាភិបាល វិស័យ​ឯកជន សង្គម​ស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និង​អង្គការ មកពី​បណ្តា​ប្រទេស​លើ​ពិភពលោក​សរុប​ប្រមាណ​ជាង ១០០​នាក់​។



ក្រសួង បាន​ឲ្យ​ដឹង​ថា វេទិកា​នៃ​កិច្ចប្រជុំ​នេះ​មានបំណង​ចែករំលែក​នូវ​បទពិសោធន៍​នៃ​ការ​វិនិយោគ​កសិកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​រវាង​រដ្ឋាភិបាល វិស័យ​ឯកជន សង្គម​ស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និង​អង្គការ​។ ក្រសួង​បន្ត​ថា ​កាលពី​រសៀល​ថ្ងៃ​ពុធ បន្ទាប់ពី​បាន​អញ្ជើញ​ចូល​ជួប​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នៃ​ចលនា​បង្កើន​កិច្ច​អន្តរាគមន៍​អាហារូបត្ថម្ភ (Scaling Up Nutrition Movement) ជាមួយ លោកស្រី Gerda Verburg អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ និង​ជា​អ្នកសម្របសម្រួល​ចលនា​បង្កើន​កិច្ច​អន្តរាគមន៍​អាហារូបត្ថម្ភ រួចមក លោក រដ្ឋមន្ត្រី វេ​ង សាខុន បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កិច្ចប្រជុំ ការ​វិនិយោគ​កសិកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ។



ក្រសួង​បញ្ជាក់​ថា អង្គ​ប្រជុំ​បាន​បញ្ជាក់ថា​ ការ​វិនិយោគ​កសិកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ សំដៅ​ទៅលើ​ការ​វិនិយោគ​ដែល​ប្រកបដោយ​បរិ​យា​ប័ន្ន ការ​លើក​ទឹកចិត្ត ការ​គាំទ្រ​ដល់​កសិករ​ដែល​ជា​អ្នក​ផលិត ការ​លើកកម្ពស់​ជីវភាព​និង​ការរស់នៅ​របស់​កសិករ កុមារ និង​ស្ត្រី និង​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។ ទន្ទឹម​នឹង​នេះ ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ក៏​ជា​យន្តការ​មួយ​ដែល​មាន​ភាព​ទទួលខុស​ត្រូវ​ទៅលើ​ទីផ្សារ​ផលិតផល និង​ការ​គាំទ្រ​ដល់​ខ្សែ​ច្រវាក់​នៃ​ការផលិត​ប្រកបដោយ​និរន្ត​ភាព​។ លើស​ពី​នេះ ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ក៏​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ការគ្រប់គ្រង​កាកសំណល់ និង​ការបាត់បង់​នូវ​ទិន្នផល ដើម្បី​បង្កើន​ផលិតភាព បង្កើន​តម្លៃបន្ថែម និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​។

អង្គប្រជុំ​បាន​ស្នើ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ជួប​ប្រជុំ និង​ពិភាក្សា​អំពី​ការរៀបចំ​ផែនការ​សកម្មភាព​រួម​គ្នា​រវាង​រដ្ឋ ឯកជន សង្គម​ស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​សម្រេច​បាន​នូវ​ទស្សនវិស័យ​រួម​របស់​សាកលលោក​ក្នុងការ​កាត់បន្ថយ​ភាព​អត់ឃ្លាន​ត្រឹម​កម្រិត​សូន្យ​នៅក្នុង​ឆ្នាំ​២០៣០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu