Ad Code

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​កម្ពុ​ជា អញ្ជើញ​ចូល​ជួប​ពិភាក្សា​លើ ប្រធានបទ​នៃ​ចលនា​បង្កើន​កិច្ច​អន្តរាគមន៍​អាហារូបត្ថម្ភ អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ



ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ប្រតិភូ​អមដំណើរ​កាលពី​រសៀល​ថ្ងៃ​ពុធ ១៥​កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចូល​ជួប​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នៃ​ចលនា​បង្កើន​កិច្ច​អន្តរាគមន៍​អាហារូបត្ថម្ភ (Scaling Up Nutrition Movement) ជាមួយ លោកស្រី Gerda Verburg អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ និង​ជា​អ្នកសម្របសម្រួល​ចលនា​បង្កើន​កិច្ច​អន្តរាគមន៍​អាហារូបត្ថម្ភ​។

ក្រសួង​បញ្ជាក់​ថា ចលនា​បង្កើន​កិច្ច​អន្តរាគមន៍​អាហារូបត្ថម្ភ​នេះ ជា​ចលនា​នៃ​ទស្សនវិស័យ​ក្នុង​ការ​ធានា​នូវ​ការកាត់បន្ថយ​ទាំងស្រុង​នូវ​កង្វះ​អាហារូបត្ថម្ភ​ត្រឹម​ឆ្នាំ​២០៣០ ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដូចជា រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន គ្រឹះស្ថានស្រាវជ្រាវ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដែល​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​។

តាម​ការសិក្សា​របស់​សេដ្ឋវិទូ​មួយចំនួន​បាន​បង្ហាញថា​ ការកាត់បន្ថយ​កង្វះ​អាហារូបត្ថម្ភ​បាន​ផ្តល់​នូវ​ផលប្រយោជន៍​ជាច្រើន​ដូចជា ការ​កើនឡើង​នូវ​ផលិតផល​ក្នុងស្រុក​សរុប ទប់ស្កាត់​បាន​នូវ​មរណភាព​កុមារ​ប្រចាំឆ្នាំ​ពី​កង្វះ​អាហារូបត្ថម្ភ ការ​ប្រសើរ​ឡើង​នូវ​គុណភាព​អប់រំ ការ​កើនឡើង​នូវ​ប្រាក់បៀវត្ស កាត់បន្ថយ​ភាព​ក្រីក្រ​តាម​វ័យ និង​ការ​កើនឡើង​នូវ​ចំនួន​ស្ត្រី​ក្នុង​ការធ្វើ​អាជីវកម្ម​។



មានប្រសាសន៍​នៅក្នុង​កិច្ច​ជំនួប​នេះ លោកស្រី Gerda Verburg បានបង្ហាញ​នូវ​ទស្សនៈ​វិជ្ជមាន​ជាច្រើន​នៅ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​នូវ​វិស័យ​កសិកម្ម ជាពិសេស​ទៅលើ​ការអភិវឌ្ឍន៍ និង​វិនិយោគ​ផ្នែក​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ ព្រោះ​កម្ពុជា​ជា​ទឹកដី​ដែល​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម​។ លោកស្រី​ក៏បាន​សង្កត់ធ្ងន់​ទៅលើ​ការរៀបចំ​ប្រព័ន្ធ​ស្បៀងអាហារ រវាង​កសិកម្ម ជលផល និង​ព្រៃឈើ នៅ​កម្ពុជា​ដោយ​ត្រូវធ្វើ​ការកំណត់​ភូមិសាស្ត្រ​នៃ​ការអភិវឌ្ឍន៍ ការកំណត់​ប្រភេទ​ដំណាំ ការ​ពិនិត្យមើល​ស្ថានភាព​នៃ​ការគ្រប់គ្រង​ទឹក ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ប្រព័ន្ធ​ជីវចម្រុះ ដើម្បី​ធ្វើការ​វាយតម្លៃ​នូវ​សក្តានុពល​នៃ​ការអភិវឌ្ឍន៍​និង​ការវិនិយោគ​។

លោកស្រី​បាន​បន្ត​ថា យើង​ត្រូវ​រួមគ្នា​គាំទ្រ​ដល់​ភាពជា​ដៃគូ​នៃ​ចលនា​បង្កើន​កិច្ច​អន្តរាគមន៍​អាហារូបត្ថម្ភ ដោយ​ចាប់ផ្តើម​ពី​តម្រង់​ទិស​តាម​ប្រទេស​នីមួយៗ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាព​អត់ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ​នៅក្នុង​ឆ្នាំ​២០៣០ ទាំងអស់គ្នា​។ នា​ពេល​ខាងមុខ អង្គការសហប្រជាជាតិ នឹង​មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​ការកាត់បន្ថយ​ភាព​អត់ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ នៅ​ទីក្រុង​បាងកក ហើយ​លោកស្រី សង្ឃឹមថា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង​ចាត់​មន្ត្រី​បង្គោល​ចូលរួម​ផងដែរ។



ឆ្លៀត​ក្នុង​ឱកាស​នេះ លោក រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការសហប្រជាជាតិ ដែល​បាន​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​ក​ម្ពុ​ជា ហើយ​លោក​រដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​គម្រោង​អភិវឌ្ឍ​នានា និង​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ផងដែរ​។ ទន្ទឹម​នឹង​នេះ​កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់​កំពុង​ផ្តោតលើ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ស្បៀង សុវត្ថិភាព និង​គុណភាព​ចំណីអាហារ ដើម្បី​ចូលរួម​ចំណែក​សម្រេច​ឲ្យ​បាន​នូវ​ទស្សនវិស័យ​សាកល​ក្នុង​ការ​កាត់បន្ថយ​ភាព​អត់ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ ក៏ដូចជា​កាត់បន្ថយ​នូវ​ភាពក្រីក្រ និង​ភាព​ងាយ​រងគ្រោះ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

​នា​ឱកាស​នេះ លោក រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​យកចិត្តទុកដាក់​ទៅលើ​ការ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ជាពិសេស​ការ​វិនិយោគ​ទៅលើ​វិស័យ​កសិកម្ម ហើយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក៏​មាន​ឆន្ទៈ​ក្នុង​ការ​សហការ និង​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍ និង​ការ​វិនិយោគ​កសិកម្ម​នៅ​កម្ពុជា ព្រោះ​កម្ពុជា​ត្រូវការ​ធនធាន​ជាច្រើន​ទៀត​ដើម្បី​ពង្រឹង​សក្តានុពល​ទាំង​ក្នុង​ផលិតកម្ម ការកែច្នៃ និង​នាំចេញ​នូវ​ផលិតផល​កសិកម្ម​។ ចំពោះ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការកាត់បន្ថយ​ភាព​អត់ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ចាត់ចែង​ទៅតាម​ការ​អញ្ជើញ​របស់​អង្គការសហប្រជាជាតិ ហើយ​លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​បន្ត​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​ជិតស្និទ្ធ​បន្ថែមទៀត​ក្នុង​ការ​ជំរុញ​ចលនា​បង្កើន​កិច្ច​អន្តរាគមន៍​អាហារូបត្ថម្ភ​នៅ​កម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu