ភ្នំពេញ ៖ មកដល់ល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក កាំង ហ្គិចអ៊ាវ ហៅឌុច ប្រធានគុកទួលស្លែង ឬ ស-២១ ក្នុងរបបខ្មែរកម្ពុជាប្រជាធិបតេយ្យ កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ហៅថាពេទ្យរុស្សី ដែលស្ថិតនៅ រាជធានីភ្នំពេញ ហើយក្រុមគ្រូពេទ្យកំពុងធ្វើការតាមដានស្ថានភាពជំងឺ នេះបើតាមការបញ្ជាក់ពីលោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
កាំង ហ្គិចអ៊ាង ហៅឌុច ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមពាក់ព័ន្ធជាមួយ និងតួនាទីរបស់គាត់ជាប្រធានគុកទួលស្លែង ហើយត្រូវបានផ្ទេរពីពន្ធនាគាររបស់សាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ ទៅកាន់ពន្ធនាគារខេត្តកណ្តាល ក្រោយពីការប្រកាសសាលលដីការបស់អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២។
ទាក់ទងបញ្ហានេះ លោក ចាត ស៊ីនាង បានអះអាងថា ឌុច បាននឹងកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ហៅថាពេទ្យរុស្សី ហើយក្រុមគ្រូពេទ្យកំពុងធ្វើការតាមដានស្ថានភាពជំងឺ។
លោកបន្តថា ខណៈកំពុងស្ថិតនៅក្នុងបន្ទាប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀតនេះ ឌុចបានហាមដាច់ខាត មិនឲ្យផ្តល់ដំណឹងដល់ក្រុមគ្រួសាររបស់គាត់ឡើយ បើទោះបីមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលក៏ដោយ។ លោកបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ឌុច មានអាការៈហត់ ហាក់ដូចជាថប់ដង្ហើម ហើយពេទ្យរបស់គាត់បានស្នើសុំឲ្យបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះនៅខេត្តកណ្តាល ហើយនៅថ្ងៃទី២១ ខែតុលា លោក និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងក្រុមគ្រូពេទ្យមន្ទីរពេទ្យជ័យជំនះ បានសម្រេចបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី រហូតមកដល់ថ្ងៃទី២៥ ខែតុលា គាត់កំពុងតែសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់មន្ទីរពេទ្យរុស្ស៊ី ហើយក្រុមគ្រូពេទ្យកំពុងតាមដាន។
លោក ចាត ស៊ីនាង បានបញ្ជាក់ថា “ឥឡូវនេះ បញ្ជូនដាក់នៅក្នុងបន្ទប់ដាក់អុកស៊ីហ្សែន ដោយឡែកតែឯង”។ លោកបន្តថា ចំពោះបញ្ហាការពារសន្តិសុខ គឺលោកបានស្នើសុំទៅអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីចាត់ទាំងកម្លាំងនាយកដ្ឋានសន្តិសុខ មកសហការជាមួយកម្លាំងពន្ធនាគារ ដើម្បីជួយការពារសន្តិសុខ ពីព្រោះវាផុតពីសមត្ថកិច្ចរបស់ខាងខេត្ត។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានប្រាប់កម្ពុជាថ្មីកាលពីល្ងាចថ្ងៃទី២៥ ខែតុលា ថា ឥឡូវនេះ កាំង ហ្គិចអ៊ាវ ហៅឌុច លែងស្ថិតនៅក្នុងការគ្រប់គ្រងរបស់សាលាក្តីទៀតហើយ ពីព្រោះយើងបានបញ្ជូនទៅអនុវត្តទោសនៅពន្ធនាគារខេត្តកណ្តាលតាំងពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ម្ល៉េះ ដូច្នេះការទទួលខុសសត្រូវ គឺស្ថិតនៅលើអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃវិញ។
កាំង ហ្គិចអ៊ាវ ហៅឌុច ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមពាក់ព័ន្ធជាមួយ និងតួនាទីរបស់គាត់ជាប្រធានគុកទួលស្លែង ឬស-២១ ដែលគុកទួលស្លែងនេះ គឺជាគុកសម្ងាត់ ហើយជាកន្លែងដែលស្និទ្ធទៅនឹងបក្សកុម្មុយនិស្ដកម្ពុជា ហើយត្រូវបានគេដឹងថា មានមនុស្សយ៉ាងហោចណាស់១៥០០០នាក់ ដែលត្រូវបានចាប់ខ្លួនឃុំបញ្ជូនទៅមន្ទីរសន្តិសុខ ស-២១ ដើម្បីធ្វើការសួរចម្លើយ និងយកទៅសម្លាប់ចោល ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៧៩។
តាមសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូល ដែលចេញនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ គឺបានសបម្រេចផ្ដន្ទាទោសលោកកាំង ហ្គិចអ៊ាង ហៅឌុច ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋសង្គ្រាម។ ឧក្រិដ្ឋកម្មដែល កាំង ហ្គិចអ៊ាវ ហៅឌុច បានប្រព្រឹត្តនៅក្នុងរឿងក្តីនេះ គឺជាឧក្រិដ្ឋកម្មមួយនៅក្នុងចំណោមឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់មនុស្សជាតិ៕
Source: Kampuchea Thmey Daily
0 Comments