ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥តុលា បានកោះប្រជុំជាមួយម្ចាស់ក្លឹបកម្សាន្ត,ខារ៉ាអូខេ ផ្ទះសំណាក់,បាបារាំង,សណ្ឋាគារលំដាប់ផ្កាយក្នុងរាជធានីភ្នំពេញ មកប្រជុំជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ ដើម្បីបញ្ជ្រាប ការយល់ដឹង និងទប់ស្កាត់បទល្មើសគ្រឿងញៀនរួមទាំងការចុះកិច្ចសន្យាលើកិច្ច សន្យាសហការ និងធានាអះអាងចូលរួមប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំនោះថា ការទប់ស្កាត់បទល្មើសគ្រឿងញៀនចាំបាច់ត្រូវតែមានការចូលរួម សហការពីម្ចាស់អាជីវកម្មដ្ឋាន,ក្លឹបកំសាន្ត,សណ្ឋាគារ,ផ្ទះសំណាក់,ខារ៉ាអូខេ ទាំង១៣៨៣ទីតាំងក្នុងរាជធានីភ្នំពេញ និងត្រូវមានការយល់ដឹងពីច្បាប់ស្ដីពីគ្រឿងញៀន។
លោកមាន ចាន់យ៉ាដា ថ្លែងថា ទីតាំងរបស់អស់លោក លោកស្រី គឺផុយស្រួយណាស់ងាយរអិលចូលទៅក្នុងបទល្មើសគ្រឿងញៀនបើយើងមិនបានយកចិត្តទុកដាក់ទប់ស្កាត់ទេនោះ។ នេះជាវិធានការថ្មី១ទៀតចំពោះម្ចាស់អាជីវកម្មដ្ឋាន,ក្លឹបកម្សាន្ត,សណ្ឋាគារ,ផ្ទះសំណាក់ក្នុងការចុះកិច្ចសន្យាចូលរួមទប់ស្កាត់ បទល្មើសគ្រឿងញៀន មានការចែកចាយ,ប្រើប្រាស់ ,ជួញដូរជាដើមដែលចាំបាច់ត្រូវមានការចូលរួមសហការពីម្ចាស់ទីតាំងអាជីវកម្ម។ ដោយឡែកបើម្ចាស់ អាជីវកម្មមានអាជ្ញាប័ណ្ណហើយក្តី តែប្រព្រឹត្តផ្ទុយពីច្បាប់ គឺត្រូវប្រឈមមុខច្បាប់ ដូចគ្នា។
អាជ្ញាធរបានកត់សំគាល់ឃើញថា កន្លងមកនេះ មានម្ចាស់សណ្ឋាគារ,ផ្ទះ សំណាក់,ក្លឹបកម្សាន្តនិងម្ចាស់ទីតាំងខារ៉ាអូខេមួយចំនួនមានការធ្វេសប្រហែស មិនបានត្រួតពិនិត្យឲ្យបានម៉ត់ចត់ទៅលើភ្ញៀវដែលចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដូចករណីខ្លះមានក្មេងស្ទាវមិនគ្រប់អាយុជាក្រុមពពាក់ពពូនចូលដេកផ្ទះសំណាក់ជាដើម ដែលជាមុខសញ្ញាត្រូវយកចិត្តទុកដាក់ខ្ពស់។
ជាមួយគ្នានេះ ម្ចាស់ទីតាំងក្លឹបកម្សាន្ត,ផ្ទះសំណាក់,សណ្ឋាគារ ក៏ត្រូវត្រួតពិនិត្យបុគ្គលិករបស់ ខ្លួនដែលបម្រើការក្នុងទីតាំងអាជីវកម្មរបស់ខ្លួនដូចជាការពិនិត្យទឹកនោមរកសារធាតុជាញៀនជាដើម៕
Source: Kampuchea Thmey Daily
0 Comments