Ad Code

CDC ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៤ ដែលមាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​២៨,៥៩​លាន​ដុល្លារ នៅ​ខេត្ត​ព្រះសីហនុ



ភ្នំពេញ​ ៖ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​វិនិយោគ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៤ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​២៨,៥៩​លាន​ដុល្លារ​អាមេរិក នៅ​ខេត្ត​ព្រះសីហនុ ហើយនឹង​អាច​ផ្តល់​ការងារ​ប្រមាណ​១២១៧​កន្លែង នេះ​បើតាម​ការបញ្ជាក់​ពី CDC ។

តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ចំនួន​៤​នោះ​រួមមាន ទី​១, “INVISTA DECOR CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារ​បន្ទះ និង​គ្រឿង​សង្ហា​រឹម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ១,៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៣៥​កន្លែង​។

ទី​២, “GLORY ALLIANCE (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត កាបូប និង​វ៉ាលិស មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៥,៦៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៨០​កន្លែង។

ទី​៣, “CAMBODIAN TROPIC FLOORING CO.,LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ និង​គ្រឿង​សង្ហា​រឹម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ៦,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៤០​កន្លែង​។

ទី​៤, “COUGAR WOOD INDUSTRY CO.,LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ​១៤,៩៥ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១៦២​កន្លែង។

សូម​បញ្ជាក់​ថា នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្មីៗ​នេះ លោក ហ៊ី​រ៉ូ​យូគី អ៊ី​ស្សី​ហ្គេ ប្រធាន និង​ជានា​យក​ប្រតិបត្តិការ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) បាន​អះអាង​ថា កម្ពុជា​ពិត​ជា​មាន​បរិយាកាស​វិនិយោគ​ល្អ ដោយ​មិន​មាន​ការបែងចែក​រវាង​សហគ្រាស​បរទេស និង​ក្នុងស្រុក ហើយ​អ្នកវិនិយោគ​ជប៉ុន គឺ​មាន​ចរិត​លក្ខណៈ​ផ្សារភ្ជាប់​ទៅ​នឹង​តំបន់​មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​បណ្តុះបណ្តាល​ធនធានមនុស្ស ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ជាពិសេស​បន្ត​ពិនិត្យមើល​ថែមទៀត ក្នុង​ការ​ជួយ​សម្រួល​ដោយ​អ្នក​វិនិយោគិន​នៅ​កម្ពុជា ក្នុងនោះ​ក៏​មាន​ការបង្កើត​វេទិកា​ពិសេស រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយនឹង​ស្ថាន​ឯកអគ្គរាជទូត​ផង​ដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu