Ad Code

ផ្លូវ​មួយ​កន្លែង​ អាច​ប្រឈមមុខ​នឹង​ការ​ស្រុត បើ​ជំនាញ​គ្មាន​ចំណាត់ការ​ទាន់ពេល



បាត់ដំបង ៖ ផ្លូវ​១​ខ្សែ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាងកើត កំពុង​ជួបនឹង​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការ​បាក់​ស្រុត​ទាំង​ផែន​តែម្តង ក្រោយពី​ទឹកជំនន់​បាន​ច្រោះ​ផ្នែក​ខាងក្រោម ដែល​បច្ចុប្បន្ន​សូម្បីតែ​ការ​បើកបរ​រថយន្ត​បើ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​អាច​បង្ក​ឲ្យ​មាន​ការ​កល់​ទ្រូង​ផង​ដែរ ដោយសារតែ​ការ​ស្រុត​ដី​កាន់​តែ​ជ្រៅ​បន្តិច​ម្តងៗ។

ការបាក់​ស្រុត​ផ្លូវ​មួយ​កន្លែង​នេះ គឺ​នៅត្រង់ចំណុច​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះ​ស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​តាម​បណ្តោយ​ដងស្ទឹង​សង្កែ ត្រើយ​ខាងកើត ដែល​ផ្លូវ​មួយ​ខ្សែ​នេះ ក៏មាន​សារៈសំខាន់​ណាស់​ដែរ សម្រាប់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ព្រោះ​តាម​បណ្តោយ​ផ្លូវ​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​គឺ​មិនអាច​ខ្វះ​ផ្លូវ​នេះ​បាន។



​ថ្មីៗ​នេះ គេ​សង្កេត​ឃើញថា នៅ​ត្រង់​ចំណុច​ខាងលើ គឺ​មាន​ការ​បាក់​ស្រុក​ដី​យ៉ាង​ធំ មាន​លក្ខណៈ​ជា​ត្រីកោណ​ដោយមាន​ជម្រៅ​កាន់តែ​ជ្រៅ​ឡើងៗ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​បាន បើ​ពួកគេ​បើកបរ​លឿន​នៅពេល​យប់ ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន។

​នៅ​ទី​នោះដែរ ក៏​គេ​សង្កេត​ឃើញ​ផ្ទះ និង​អាហារដ្ឋាន ដែល​បាន​សាងសង់​ឡើង​នៅលើ​ដី​ចំណី​ស្ទឹង ចំនួន ៣ ខ្នង​ ក៏​ត្រូវ​បិទទ្វារ​ដែរ ដោយសារតែ​ដី​ស្រុត​នោះ​បាន​ទាញ​អោយ​ផ្អៀង​រកកល់​និង​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ទឹង​សង្កែ​ទៅ​ហើយ​ម្យ៉ាងទៀត​ បើ​អង្គភាព​ជំនាញ​គ្មាន​វិធានការ​ទាន់​ពេលវេលា​ទេនោះ ផ្លូវ​នេះ​អាច​ប្រឈម​និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ជាក់​ជាមិនខាន។

ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់​នៅ​តាម​បណ្តោយ​ដងស្ទឹង​ត្រើយ​ខាងកើត ក៏បាន​សំណូមពរ​ដល់​មន្ទីរ​សាធារណការ​ពិសេស​គឺ​អាជ្ញាធរ​ខេត្ត មេត្តា​ដាក់​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ និង​សិក្សា​លើ​បញ្ហា​នេះ​ផង ដើម្បី​មាន​វិធានការ​ទប់ស្កាត់​បាន​ទាន់​ពេល​វេលា មុននឹង​ផ្លូវ​នេះ​បាក់​ធ្លាក់​ទៅ​ក្នុង​ស្ទឹង​សង្កែ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu