ភ្នំពេញ ៖ តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន និស្សិតកម្ពុជាដែលបានបញ្ចប់ ឬកំពុង សិក្សាផ្នែកបច្ចេកវិទ្យា ចំនួន១៩រូប ព្រមទាំងអ្នកដឹកនាំ១រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស ជប៉ុនពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតដែលហៅកាត់ថាJENESYS 2018។
អ្នកចូលរួម នឹងទៅទស្សនកិច្ចសារមន្ទីរនៅទីក្រុងតូក្យូ ជាកន្លែងដែលមានដាក់តាំងបច្ចេកវិទ្យា ទំនើបចុងក្រោយ ព្រមទាំងទៅទស្សនកិច្ចក្រុមហ៊ុនផលិតម្ហូបអាហារ នៅខេត្តស៊ីហ្សឹអុកា ដើម្បីសិក្សា ពីដំណើរការនៃសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យានៃប្រទេសជប៉ុន។ ក្រៅពីនេះ ពួកគាត់នឹងមាន ការពិភាក្សាជាមួយនិស្សិតសាកលវិទ្យាល័យនៅប្រទេសជប៉ុន និង ទៅទស្សនកិច្ចតំបន់ប្រវត្តិសាស្ត្រ ផ្សេងៗផងដែរ។ មានជូនភ្ជាប់តារាងកម្មវិធីលម្អិត។
កម្មវិធី JENESYS 2018 មានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២០០០នាក់ ហើយតាំងពីឆ្នាំ២០០៧មក។
យើងខ្ញុំសង្ឃឹមថា អ្នកចូលរួមនឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ៕
Source: Kampuchea Thmey Daily
0 Comments