ប្រភពនានាបានប្រាប់ AFP ថា អ្នកសរសេរប្លុកប្រឆាំងវៀតណាមម្នាក់ ដែលត្រូវបានគេស្គាល់ថា “Mother Mushroom” កំពុងធ្វើដំណើរដោយសេរីភាពទៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ ដែលនាងត្រូវជាប់រយៈពេល១០ឆ្នាំសម្រាប់ការឃោសនាប្រឆាំងនឹងរដ្ឋ។
វាជារឿងដ៏កម្រសម្រាប់អ្នកទោសនយោបាយដែលត្រូវបានដោះលែងពីពន្ធនាគារមុនពេលកំណត់នៅក្នុងប្រទេសវៀតណាមដែលជារដ្ឋឯកបក្សហើយមេដឹកនាំអភិរក្សបានធ្វើការបង្ក្រាបយ៉ាងឃោរឃៅទៅលើអ្នករិះគន់ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះដែលជាហេតុបង្កកំហឹងពីសម្ព័ន្ធមិត្តលោកខាងលិចនិងក្រុមសិទ្ធិមនុស្ស។
ប៉ុន្តែការដោះលែងលោកស្រី Nguyen Ngoc Nhu Quynh បានកើតឡើងចំពេលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis កំពុងធ្វើទស្សនកិច្ចប្រទេសវៀតណាម។ វៀតណាមចង់កសាងចំណងទាក់ទងជាមួយអតីតសត្រូវរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោនព្រោះខ្លួនកំពុងសម្លឹងមើលទាំងភ័យខ្លាចចំពោះការកើនឡើងនៃប្រទេសចិនដែលជាប្រទេសជិតខាងដ៏ធំរបស់ខ្លួន។
Mother Mushroom បានក្លាយជាអ្នករិះគន់ឥតសំចៃមាត់របស់ប្រទេសវៀតណាមមុនពេលនាងត្រូវបានឃុំខ្លួនក្នុងឆ្នាំ២០១៧ដោយសារការសរសេររបស់នាងលើប្រធាននៃការស្លាប់មនុស្សនៅក្នុងមន្ទីរឃុំឃាំងប៉ូលិស បរិស្ថាននិងនយោបាយ។
ប្រភពស្ថានទូតអាមេរិក មិត្តភក្តិនិងមន្ត្រីវៀតណាមបានប្រាប់ AFP ថា នាងត្រូវបានគេដោះលែងពីពន្ធនាគារកាលពីថ្ងៃពុធហើយបានធ្វើដំណើរទៅសហរដ្ឋអាមេរិក។
មន្ត្រីរដ្ឋាភិបាលវៀតណាមម្នាក់បានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “លោកស្រី Quynh ត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកនៅពេលព្រឹក”។
គួរបញ្ជាក់ថា Mother Mushroom ត្រូវបានចាប់ខ្លួននៅខែតុលាឆ្នាំ២០១៦បន្ទាប់ពីបានទៅសួរសុខទុក្ខសកម្មជនជាមិត្តម្នាក់នៅក្នុងពន្ធនាគារប៉ុន្តែបើទោះបីជាចេញពីគុកក៏ដោយ នាងនៅតែរក្សាការប្រឆាំងចំពោះរដ្ឋាភិបាលកុម្មុយនីស្ត៕ AFP
Source: Kampuchea Thmey Daily
0 Comments