Ad Code

លោក ពូ​ទីន សម្លឹង​រក​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​មេដឹកនាំ​ថ្មី​របស់​អ៊ូ​បេ​គី​ស្ថាន​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង



ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​ បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​ជា​លើកដំបូង​របស់​លោក​ទៅកាន់​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​វិមាន​ក្រឹម​ឡាំង​ព្យាយាម​ចាប់ផ្ដើម​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ។

ពេលវេលា​ចុងក្រោយ​បំផុត​ដែល​លោក ពូ​ទីន ឈាន​ជើង​ចូល​សាធារណរដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​អាស៊ី​កណ្តាល​ដែលជា​អតីត​សូ​វៀត​មួយ​នេះ​គឺ​កាលពី​ឆ្នាំ​២០១៦​ដែល​ពេលនោះ អ៊ូ​បេ​គី​ស្ថាន​ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់​ខាង​នយោបាយ​បន្ទាប់ពី​ការស្លាប់​របស់​មេដឹកនាំ​យូរអង្វែង​លោក Islam Karimov។

បច្ចុប្បន្ន ប្រទេស​ទាំងពីរ​កំពុង​រៀបចំ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដែលមាន​តម្លៃ​ជាង​២០​ពាន់​លាន​ដុល្លារ​ដែល​ក្នុងនោះ​មាន​ជាង​ពាក់​កណ្តាល​គឺ​សម្រាប់​ស្ថានីយ៍​អា​តូ​មិ​កមួយ​ដែល​ត្រូវបាន​សាងសង់​ដោយ​ហិរញ្ញប្បទាន​របស់​រុស្ស៊ី​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​។​

លោក Karimov ដែលជា​អ្នក​ផ្តាច់ការ​មាន​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​របស់​ក្រុង​មូ​ស្គូ​គឺ​បាន​ក្លាយជា​មេដឹកនាំ​កំពូល​របស់​អ៊ូ​បេ​គី​ស្ថាន​មុនពេល​ទទួលបាន​ឯករាជ្យ​ជា​ផ្លូវការ​ពី​វិមាន​ក្រឹម​ឡាំង​ក្នុង​ឆ្នាំ​១៩៩១។

ជាង​ពីរ​ឆ្នាំ​បន្ទាប់ពី​មរណភាព​របស់គាត់ លោក Shavkat Mirziyoyev ដែលជា​អ្នក​ស្នង​តំណែង​បាន​ប្រើ​កំណែទម្រង់​នយោបាយ​និង​សេដ្ឋកិច្ច​ដ៏​សំខាន់​ដើម្បី​ដាក់ខ្លួន​ឯង​ថា​ជា​មេដឹកនាំ​គ្មាន​ជម្លោះ​របស់​សាធារណរដ្ឋ​មួយ​នេះ។

យោងតាម​លោក Konstantin Kalachev ប្រធាន​ក្រុម​អ្នកជំនាញ​ផ្នែក​នយោបាយ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​មូ​ស្គូ​បាន​ឲ្យ​ដឹងថា បើទោះបីជា​អ្នក​ទាំងពីរ​ជួបគ្នា​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ឆ្នាំមុន​ក៏ដោយ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃនេះ​មាន​សារៈសំខាន់​ណាស់​ជាពិសេស​សម្រាប់​អ្នក​ទាំងពីរ​។

លោក​បាន​និយាយថា “​ចំពោះ​លោក ពូ​ទីន វា​មាន​សារៈសំខាន់​ដែល​បង្ហាញថា គាត់​មាន​ដៃគូ​។ ចំពោះ​លោក Mirziyoyev វិញ វា​សំខាន់​ណាស់​ដែល​បង្ហាញ​ពី​ការគោរព​របស់គាត់​ចំពោះ​ក្រុង​មូស្គូ”។​
លោក Kalachev បាន​បញ្ជាក់ថា ក្នុង​រយៈពេល​វែង គោលបំណង​របស់​ក្រុង​មូ​ស្គូ​គឺ​នឹង​ប្រែក្លាយ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​ពី​ដៃគូ​មួយ​ទៅជា​សម្ព័ន្ធមិត្ត​មួយ។

គួរ​បញ្ជាក់​ថា ចំណុច​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកពូ​ទីន​នេះ ​គឺ​ទំនងជា​ពិធី​បុក​គ្រឹះ​សម្រាប់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu