Ad Code

សម្តេច​នាយក​រដ្ឋមន្ត្រី ចេញ​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​ដោះស្រាយ​បណ្តឹងតវ៉ា​ផ្សេងៗ នៅមុខ​ភូមិគ្រឹះ នៅ​ភ្នំពេញ និង​តាខ្មៅ



ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីសម្រេច​មួយ បង្កើត​ក្រុមការងារ​ចម្រុះ ដើម្បី​ទទួល និង​ដោះស្រាយ​រាល់​បណ្តឹងតវ៉ា​ផ្សេងៗ នៅមុខ​ភូមិគ្រឹះ​សម្តេច នៅ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល នេះ​បើ​យោងតាម​សេចក្តីសម្រេច​ដែល​ការិយាល័យ​យើង ទើប​ទទួលបាន​នៅ​ថ្ងៃទី​១៨ ខែតុលា ។​

តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ក្រុមការងារ​ចម្រុះ​នេះ មាន​ភារកិច្ច ទទួល​ពាក្យ​បណ្ដឹងតវ៉ា​ផ្សេងៗ នៅមុខ​ភូមិគ្រឹះ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី នៅ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល រួច​បញ្ជូនទៅ​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​សម្រេច ឬ​ធ្វើ​របាយការណ៍​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន​, សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថភាព​ពាក់ព័ន្ធ​ទាំងអស់ ទប់ស្កាត់​ក្រុម​តវ៉ា មាន​បាតុករ​ច្រើន​នាក់ ដែលមាន​បំណង​មក​ដាក់ពាក្យ​បណ្ដឹងតវ៉ា​ផ្សេងៗ​ជូន​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, ព្យាយាម​ពន្យល់​នីតិវិធី​ជូន​ក្រុមអ្នកតវ៉ា ឱ្យ​យល់​ពី​ភារកិច្ច​របស់​ក្រុមការងារ​ចម្រុះ និង ច្បាប់​ជា​ធរមាន​ផ្សេងៗ​, ទប់ស្កាត់​រាល់​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀតឱកាស ដែល​កេងចំណេញ​មកលើ​ក្រុមអ្នកតវ៉ា​, អនុប្រធាន និង​សមាជិក ក្រុមការងារ​ចម្រុះ​ត្រូវ​ចូលរួម​ប្រជុំ​តាម​ការកោះអញ្ជើញ​របស់​ប្រធាន​ក្រុមការងារ ។​

ក្រុមការងារ​ចម្រុះ​នេះ គឺមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ជា​ប្រធាន អនុប្រធាន​៣​រូប ដែល​រួមមាន លោក ឃួ​ង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ​, លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល និង​លោក ចៅ តុល នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ និង​ជា​មេបញ្ជាការរង បញ្ជាការដ្ឋាន​អង្គរក្ស និង​មាន​សមាជិក​១៨​រូប​ទៀត​។​

សូមបញ្ជាក់ថា ការបង្កើត​ក្រុមការងារ​នេះ ត្រូវបាន​គេ​មើលឃើញថា ក្រោយពី​ប្រជាពលរដ្ឋ​ស្វែងរក​អន្តរា​គម​ន៍​ពី​ស្ថាប័ន ឬ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន មិនបាន​សម្រេច ហើយ​ពួកគាត់​តែងតែ​ប្រមូលផ្តុំ ឬ​ហែ​​ក្បួន​ស្នើសុំ​អន្តរាគមន៍​ផ្ទា​ល់ពី​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នៅមុខ​ភូមិ​គ្រឹះ ជា​ញឹកញាប់​៕ ​
​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu