Ad Code

លោក Trump បដិសេធ​បិទបាំង​ឲ្យ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ជុំវិញ​ករណី​អ្នកកាសែត​ហើយ​និយាយថា ការពិត​នឹង​បង្ហាញ​ឆាប់ៗ



លោក​ប្រធានាធិបតី Donald Trump កាលពី​ថ្ងៃ​ពុធ​បាន​បដិសេធ​ការបិទបាំង​សម្រាប់​សម្ព័ន្ធមិត្ត​អារ៉ាប៊ីសាអ៊ូឌីត​នៅក្នុង​ករណី​ឃាតកម្ម​ដ៏​គួរ​ឲ្យ​សង្ស័យ​លើ​អ្នកសារព័ត៌មាន​ដ៏​សំខាន់​ម្នាក់ ​ហើយ​បាន​និយាយថា គាត់​រំពឹងថា​នឹង​ដឹង​ការពិត​អំពី​ជោគវាសនា​របស់លោក Jamal Khashoggi នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

ការអត្ថាធិប្បាយ​របស់​លោក Trump បាន​ធ្វើឡើង​បន្ទាប់ពី​ការបោះពុម្ពផ្សាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទួរគី​ដែល​បាន​អះអាងថា លោក Khashoggi មិន​ត្រឹមតែ​ត្រូវបាន​សម្លាប់​ដោយ​ភ្នាក់ងារ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ស្ថាន​កុងស៊ុល​របស់​ពួកគេ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​និង​កាប់​ចិញ្ច្រាំ​ផងដែរ​។​

ប្រធានាធិបតី​រូបនេះ​បាន​និយាយថា គាត់​នឹង​ទទួលបាន​របាយការណ៍​ពេញលេញ​ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស Mike Pompeo បន្ទាប់ពី​ការវិលត្រឡប់​របស់​អ្នកការទូត​ពី​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត​និង​ទួរគី​ដែល​អនុញ្ញាត​ឲ្យ​គាត់​វាយតម្លៃ​អំពី​អ្វីដែល​ពិតជា​បានកើត​ឡើង​។​

លោក Trump បាន​និយាយថា “​យើង​ប្រហែលជា​ដឹង​នៅត្រឹម​ចុង​សប្ដាហ៍​នេះ​”​។​
​យោងតាម​របាយការណ៍​ចុងក្រោយបង្អស់​បាន​ឲ្យ​ដឹងថា អ្នកកាសែត​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវបាន​ធ្វើឃាត​ដោយ​ក្រុម​មួយ​ដែល​រួមមាន​ទាំង​ភ្នាក់ងារ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គម្ចាស់ Mohammed ដែល​ត្រូវជា​បុត្រា​របស់​ស្ដេច Salman ផងដែរ​។​

ប៉ុន្តែ​លោក Trump បាន​ច្រានចោល​លទ្ធភាព​នៃ​សកម្មភាព​ប្រឆាំងនឹង​អារ៉ាប៊ីសាអ៊ូឌីត​ដែល​គាត់​សរសើរ​ម្តង​ហើយ​ម្តង​ទៀតថា​ជា​អតិថិជន​ដ៏​សំខាន់​សម្រាប់​ឧស្សាហកម្ម​សព្វាវុធ​អាមេរិក​។​

ប៉ូលិស​ទួរគី​និង​អ្នកជំនាញ​ផ្នែក​នីតិកម្ម​កាលពី​ថ្ងៃ​ពុធ​បាន​ឆែកឆេរ​អគារ​របស់​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ហើយក៏​បាន​ឆែកឆេរ​ស្ថាន​កុងស៊ុល​របស់​ប្រទេស​នេះ​ជា​លើក​ទី​ពីរ​ផងដែរ​។​

លោក​កុងស៊ុល Mohammed al-Otaibi បាន​ចាក​ចេញពី​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ទៅកាន់​ទីក្រុង​រី​យ៉ា​ដ តាម​ការគ្រោងទុក​កាលពី​រសៀល​ថ្ងៃ​អង្គារ​ដោយ​ទីក្រុង​អង់កា​រ៉ា​បាន​អះអាងថា គាត់​មិន​ត្រូវបាន​គេ​បណ្តេញចេញ​ទេ​ប៉ុន្តែ​បាន​ចាកចេញ​តាម​ជម្រើស​របស់គាត់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu