ប្រទេសថៃ ៖ ពលករខ្មែរម្នាក់ដែលមាននាទីជា កម្មករអគ្គិសនី ក្នុងខេត្តឈុនបុរី ត្រូវបានចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម នៅលើបង្គោលភ្លើង ដោយមានអណ្តាតភ្លើងឆេះលើខ្លួនប្រាណផងដែរ ខណៈដែលក្រមការងារ មានទាំងខ្មែរ និងមានទាំងកម្មករថៃ បានចុះត្រួតពិនិត្យខ្សែជាប្រចាំ ហើយក៏បានកាត់ផ្តាច់ ចរន្តយ៉ាងមានសុវត្ថិភាពផងដែរ។
ហេតុការណ៍ដែលធ្វើអោយមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅលើកំណាត់ផ្លូវលេខ ៣៣១
ក្បែរជើងភ្នំ កាប៊ីនបុរី ស្ថិតក្នុងភូមិ ១០ ឃុំណងព្រឺ ស្រុកផាណាត់និគម ខេត្តឈុនបុរី ប្រទេសថៃដោយនៅទីនោះគេសង្កេតឃើញមានភ្នាក់ងារអគ្គិសនីឯកជនម្នាក់ កំពុងជាប់នៅលើបង្គោលភ្លើង ដោយលើខ្លួនប្រាណមានអណ្តាតភ្លើងឆេះរោលរាលផងដែរ ដែលបញ្ហានេះគឺបណ្តាលមកពីការឆក់ខ្សែភ្លើង។
នៅទីនោះដែរ ក៏មានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារនៃអង្គភាពអគ្គិសនី បានយករថយន្តស្ទូច មកឡើងដោះយកជនរងគ្រោះ ចុះពីលើបង្គោល ដើម្បីប្រគល់ទៅអោយសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច័យ ដោយចង់ដឹងថា តើការឆក់ស្លាប់នេះបណ្តាលមកពីមូលហេតុអ្វី ព្រោះមុននឹងឡើងទៅលើបង្គោល គឺក្រុមការងារមានការកាត់ផ្តាច់ចរន្តរួចជាស្រេច ដើម្បីសុវត្ថិភាពរបស់ពួកគេ ចុះហេតុអ្វីបានជាត្រូវភ្លើងឆក់?
បើតាមការលើកឡើងពីសាក្សីម្នាក់ឈ្មោះ ផៃសាល កែវសុខ ជាកម្មករអគ្គិសនីរបស់ក្រុមហ៊ុនឯកជនមួយ ជាមួយនឹងជនរងគ្រោះដែរនោះ បាននិយាយថា នៅមុនពេលកើតហេតុ គឺពួកគេបានទទួលបញ្ជាពីប្រធានក្រុមហ៊ុន អោយចុះត្រួតពិនិត្យទៅលើខ្សែ ដោយសារតែក្រុមហ៊ុននេះជាអ្នកម៉ៅការផ្តាច់មុខ ពីអង្គភាពអគ្គិសនីនៅក្នុងតំបន់នេះ ទើបពួកគេបានធ្វើការកាត់ផ្តាច់ចរន្តនៅខ្សែដើមទីរួចជាស្រេច ទើបនាំគ្នាឡើ ងទៅលើបង្គោលចំនួន ៣ នាក់ ក្នុងនោះក៏មានជនរងគ្រោះម្នាក់ដែរ។
ភ្លាមៗនោះដែរ ក៏ស្រាប់តែជនរងគ្រោះដែលជាពលករខ្មែរឈ្មោះ សឿ ជំនោរ ត្រូវបានចរន្តអគ្គិសនីឆក់យ៉ាងសាហាវជាទីបំផុត ដោយមិនអាចមានវិធីណាមួយជួយជនរងគ្រោះបានឡើយ ឯកម្មរថៃ ២ នាក់ទៀត បានរួចផុតពីសេចក្តីស្លាប់ដោយសារតែពួកគេ នៅលើបង្គោលតែនៅខាងក្រោមខ្សែ។ ដោយបច្ចុប្បន្ននេះ ក្រុមតម្រួតថៃបានបញ្ជូនសពទៅកាន់កន្លែងត្រួតពិនិត្យ ដោយឡែកកម្មករ និងមនុស្សដែលពក់ព័ន្ធ គឺតម្រួតនឹងនាំខ្លួនយកទៅសាកសួរ ដើម្បីចង់ដឹងអំពីមូលហេតុនៃការឆក់ស្លាប់នេះ៕
Source: Kampuchea Thmey Daily
0 Comments