Ad Code

ចំណត​រថយន្ត​ក្រុង​មាន​ទំហំ​៤​ហិកតា ដែល​អាច​ចត​រថយន្តក្រុង​បាន​ជាង​២០០​គ្រឿង គ្រោង​បញ្ចប់​ការស្ថាបនា​នៅ​ដើមខែ​មករា​២០១៩​នេះ



ភ្នំពេញ ​៖ ចំណតរថយន្ត​និង​អគារ​រដ្ឋបាល​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង មកដល់​ពេល​នេះ ការស្ថាបនា​ជិត​ដល់ទី​បញ្ចប់​ហើយ នៅលើ​ផ្ទៃដី​ទំហំ​៤​ហិកតា ស្ថិតក្នុង សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ហើយ​ចំណត​ថ្មី​នេះ​អាច​ចត​រថយន្តក្រុង​បាន​ជាង​២០០​គ្រឿង គ្រោង​បញ្ចប់​ការស្ថាបនា​នៅ​ដើមខែ​មករា​២០១៩​ខាងមុខ​នេះហើយ​។

លោក​អ៊ា​ន សុខ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បានបញ្ជាក់​អោយដឹង​នៅ​ព្រឹក​ថ្ងៃ​១៥ តុលា​នេះ​ថា ចំណតរថយន្ត​និង​អគារ​រដ្ឋបាល​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​សង់​ឡើងលើ​ផ្ទៃដី​ទំហំ​៤​ហិកតា ស្ថិតក្នុង សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ក្នុងនោះ​សម្រាប់​អគារ​រដ្ឋបាល​បាន​សាង់សង់ឡើង​ទំហំ​២៥ម៉ែត្រ​គុណ​និង​៤០​ម៉ែត្រ និង​អាច​ចត​រថយន្តក្រុង​បាន​ចំនួន​២៥០​គ្រឿង។

លោក​បាន​បញ្ជាក់ទៀតថា ចំណតរថយន្ត​និង​អគារ​រដ្ឋបាល​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ថ្ងៃទី​៣០ មករា​ឆ្នាំ​២០១៨ ដោយ​គ្រោង​នឹង​បញ្ចប់​ការស្ថាបនា​នៅ​ថ្ងៃទី​០១​ខែមករា​២០១៩​ខាងមុខ។ លោក​បន្តថា សម្រាប់​ពេលនេះ​សម្រាប់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ ក្រោម​ជំនួយ​របស់​ប្រទេស​ចិន និង​ជប៉ុន​ យើង​មាន​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ​ចំនួន​២១៥​គ្រឿង​ហើយ ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រទេស​ជប៉ុន​នឹង​ផ្តល់​រថយន្តក្រុង​នេះ មកអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​៨០​គ្រឿង​ទៀត សំដៅ​អោយ​ការ​បម្រើ​លើ​សេវា​ដឹកជញ្ជូន​តាម​រថយន្តក្រុង​នេះ​កាន់​តែមាន​ភាពល្អប្រសើរ​និង​កាន់តែ​ទទួល​ការពេញនិយម​ពី​ប្រជាពលរដ្ឋ។

បើតាម​ការលើកឡើងរ​បស់​តំណាំង​អង្គការ​ចៃ​កា ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង កាលពី​ខែឧសភា ២០១៨​កន្លងមកនេះ​នៅ​សាលាខណ្ឌ​ទួលគោក បានបញ្ជាក់ ថា សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថយន្តក្រុង​ក្នុង​មួយឆ្នាំ ដឹកជញ្ជូន​អ្នកដំណើរ​បាន​ប្រមាណ​៣​លាន​នាក់ ក្នុងនោះ​អ្នកដំណើរ​ដែល​បង់​សេវា​មាន​ចំនួន​ជាង​១​លាន​នាក់​និង​អ្នក​មិន​បង់​សេវា ដូចជា​មនុស្ស​ចាស់ជរា ជនពិកា កម្មករ កម្មការិនី​រោងចក្រ​និង​សិស្សានុសិស្ស​ជាដើម​មាន​ចំនួន​ជាង​១​លាន​នាក់​ដូចគ្នា។​

គួរ​បញ្ជាក់ថា មកដល់ពេលនេះ ចំនួន​ខ្សែរ​ត់របស់​រថយន្តក្រុង​បាន​កើន​ឡើងដល់​ចំនួន​១៣​ខ្សែ​ហើយ​ក្នុងនោះ​រួមមាន​៖
១ ខ្សែ​ទី​១ ដែល​ពីមុន​រត់​ចេញពី​គីឡូម៉ែត្រ​៩ ផ្លូវជាតិ​លេខ​៥ ដល់​ចំណត​បឹង​ឈូក ផ្លូវជាតិ​លេខ​១ ត្រូវបាន​កែសម្រួល​ជា​២ វិញ ៖ ខ្សែ​ទី​១A ចេញពី​ផ្សារ​ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥ ផ្លូវ​ព្រះមុនីវង្ស ស្ពាន​ព្រះមុនីវង្ស ដល់ ចំណត​ច្បារអំពៅ​។ ខ្សែ​ទី​១B ចេញពី​ចំណត​ច្បារអំពៅ តាមផ្លូវ​ជាតិ​លេខ​១ ទៅ​ផ្សារ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

២ ខ្សែ​ទី​២ ដែល​ពីមុន​រត់​ចេញពី​ចំណត ផ្សារ​អ៊ី​អន​២ ខណ្ឌ​សែន សុខ ដល់​ក្រុង​តាខ្មៅ ត្រូវបាន​កែសម្រួល អោយ​រត់​ចេញពី​រង្វង់​មូល​គេច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម ស្ពាន​អាកាស​ក្បាលថ្នល់ ផ្លូវជាតិ​លេខ​២ ដល់​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

៣ ខ្សែ​ទី​៤ ត្រូវបាន​កែសម្រួល​បន្ថែម​ថ្មី ដោយ​ក្នុង​នោះ​ខ្សែ​ទី​៤B ត្រូវបាន​បន្លាយ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស អោយទៅដល់​ទីក្រុង​ពាណិជ្ជកម្ម ចេង ឧូ​បា​យី កម្ពុជា ចិន ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។ ខ្សែ​ទី​៤C រត់​ចេញពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​គេច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំថ្មី ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល ស្តាប​នា​ងគ​ង្ហី​ង ស្តុ​ប​អាងទឹក​អូឡាំពិក ផ្លូវ​មុនី​រ៉េត ផ្សារ​ដើម​គរ ស្ពាន​អាកាស​ស្ទឹងមានជ័យ ច្រមុះជ្រូក​ស្ទឹងមានជ័យ កាត់​តាមផ្លូវ​
លេខ​២១៧ រង្វង់​មូល​ដីក្រហម (​កួរស្រូវ​)​។​

៤ ខ្សែ​ទី​៥ ដែល​ពីមុន​រត់​ចេញពី​ចំណត ផ្សារ​អ៊ី​អន​២ ខណ្ឌ​សែន សុខ ដល់​ផ្សា​អ៊ី​អន​១ ត្រូវបាន​បន្លាយ​អោយរ​ត់ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​នៅ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​សេក ខណ្ឌ​ជ្រោយចង្វារ​។​

៥ ខ្សែ​ទី​៦ ត្រូវបាន​កែសម្រួល​អោយ​រត់​ចេញពី​រង្វង់​មូល​គួច​កាណុង កាត់​ស្ពាន​ជ្រោយចង្វារ​ផ្លូវជាតិ​
​លេខ​៦ បត់​ធ្វេ​ង​តាម​វិថី​ឈ្នះ​ឈ្នះ ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​នៅ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​សេក ខណ្ឌ​ជ្រោយចង្វារ​។​

៦ ខ្សែ​ទី​៧ រត់​ចេញពី​ចំណតរថយន្ត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ ផ្លូវ​៥៩៨ កាត់​ក្រោម​ស្ពាន​អាកាស​៧​មករា ផ្លូវ​២៧១ កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​២៧១ ស្ពាន​ព្រះមុនីវង្ស ដល់​ចំណត​បឹង​ឈូក​។​

៧ ខ្សែ​ទី​៨ ចេញពី​រង្វង់​មូល​គួច​កាណុង ផ្លូវ​៧០ ស្តុ​ប​អង់​តែ​ន​ទួលគោក ស្តុ​ប​កាំ​កូ​ស៊ី​ធី ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ផ្លូវ​សម្តេច​ជា ស៊ីម បត់​ឆ្វេង​មក​ផ្លូវ​ឧកញ៉ា​ទ្រី​ហេង ផ្លូវ​សហព័ន្ធរុស្ស៊ី បត់​ឆ្វេង​មក​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា​។​

ចំពោះ​បណ្តាញ​ខ្សែ​រត់​ដែល​ត្រូវ​បន្ថែម​ថ្មី​៖
៨ ខ្សែ​ទី​១០ ចេញពី​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា បត់​ស្តុ​ប​ផ្លូវ​២០០៤ តាមផ្លូវ​២០០៤ ផ្លូវ​សឡា ផ្លូវ​ចោមចៅ​ផ្លូវ​២១៧ ផ្លូវ​៣៧១ ស្ពាន​ព្រះមុនីវង្ស ដល់​ចំណត​បឹង​ឈូក ។​
៩ ខ្សែ​ទី​១១ ចេញពី​វត្ត​ស្លែង ផ្លូវ​ព្រែ​វែង​ពងទឹក បត់​ឆ្វេង​ផ្លូវ​ព្រៃ​ស បត់​តាម​០​្លូ​វ​២១៧ ដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​(​វិលជុំ​)​។​

១០ ខ្សែ​ទី​១២ (​រត់​ជា​រង្វង់​) ចេញពី​រាជា​យ​ស្ម័​យាន មហាវិថី​សហព័ន្ធរុស្ស៊ី បត់​ឆ្វេង​តាមផ្លូវ​នេ​រុ​ហ៍ តាមផ្លូវ​ព្រះសីហនុ បត់​ស្តាំ​តាមផ្លូវ​១៦៣ បត់​ឆ្វេង​តាមផ្លូវ​៣៦០ បត់​ឆ្វេង​មក​ផ្លូវ​ត្រសក់ផ្អែម ផ្សារ​ធំថ្មី បត់​ឆ្វេង​តាមផ្លូវ​ភ្លោះ​ព្រះ​អង្គឌួង រា​ជាយ​ស្ម័​យាន ។​

១១ ខ្សែ​ទី​១៣ ចេញពី​រង្វង់​មូល​គួច​កាណុង ផ្លូវ​៧០ បត់​មក​បឹងកក់ ឆ្ពោះ​មក​ក្តាន់​២ ផ្លូវ​១៦៩ មក​ស្តុ​ប​នា​ងគ​ង្ហី​ង រង្វង់​មូល​សំពៅ ផ្លូវ​១៦៣ មក​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​(​វិលជុំ​)៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu