ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សប្រហែល៦០នាក់ត្រូវបានគេដឹងថា ស្លាប់នៅពេលរថភ្លើងមួយគ្រឿងបុកហ្វូងមនុស្សដែលកំពុងទស្សនាការបាញ់កាំជ្រួចក្នុងប្រទេសឥណ្ឌា។
មនុស្សរាប់សិបនាក់ទៀតបានរងរបួសក្នុងគ្រោះថ្នាក់នេះដោយអ្នកខ្លះរបួសធ្ងន់ហើយមន្ទីរពេទ្យក្នុងតំបន់លែងមានសល់កន្លែងទំនេរដើម្បីដាក់សាកសពហើយដែលជាហេតុបង្ខំឲ្យពួកគេទុកសាកសពខ្លះនៅខាងក្រៅ។
គ្រោះមហន្តរាយនៅជិតទីក្រុង Amritsar ភាគខាងជើងប្រទេសកាលពីថ្ងៃសុក្រនេះបាននាំឲ្យមានការទាមទារថ្មីសម្រាប់កំណែទម្រង់សុវត្ថិភាពចំពោះប្រព័ន្ធផ្លូវដែកដែលពោរពេញដោយគ្រោះថ្នាក់របស់ប្រទេសឥណ្ឌាដែលមនុស្សរាប់ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំ។
របាយការណ៍បានឲ្យដឹងថា រថភ្លើងបានបុកមនុស្សរាប់សិបនាក់ដែលប្រមូលផ្តុំគ្នាលើផ្លូវដើម្បីមើលការដុតរូបទីងមោងនៃស្តេចបិសាច Ravana ភ្ជាប់ជាមួយកាំជ្រួចសម្រាប់ពិធីបុណ្យហិណ្ឌូ។
ប៉ូលិសបាននិយាយថា ជនរងគ្រោះមិនបានឮសំឡេងរថភ្លើងរបស់ក្រុមហ៊ុន Jalandhar-Amritsar ទេដោយសារតែសំឡេងដ៏ឮរបស់កាំជ្រួច។
ក្រុមមន្ត្រីបាននិយាយថា សាកសពជាច្រើនបានបែកខ្ទេចហើយប៉ូលិសបាននិយាយថា អត្តសញ្ញាណរបស់ជនរងគ្រោះអាចចំណាយពេលច្រើនថ្ងៃដើម្បីកំណត់។
លោក Hardeep Singh ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ទីក្រុង Amritsar បានប្រាប់ AFP ថា មនុស្សចំនួន៥៩នាក់បានស្លាប់និង៩០នាក់បានរងរបួស។
លោក Singh បាននិយាយថា រហូតមកដល់ពេលនេះ មានតែសាកសពចំនួន២៥នាក់ប៉ុណ្ណោះដែលត្រូវបានគេស្គាល់អត្តសញ្ញាណ។
ពិធីបុណ្យសពរបស់ជនរងគ្រោះមួយចំនួនត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ហើយគ្រោះថ្នាក់នេះបាននាំឲ្យមានការទាមទារយ៉ាងខ្លាំងក្លាពីសំណាក់អាជ្ញាធរសម្រាប់សកម្មភាពកាន់តែតឹងរ៉ឹង៕ AFP
Source: Kampuchea Thmey Daily
0 Comments