បន្ទាយមានជ័យ ៖ កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានផ្តល់អំណោយជូនដល់គ្រួសារសពអ្នកឃ្វាលគោដែលត្រូវរន្ទះបាញ់ស្លាប់នៅស្រុកភ្នំស្រុកដល់ទៅ៣នាក់។
នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមលោកស្រី ឆាន់ ច័ន្ទសោភា អនុប្រធានគណៈកម្មាធិការសាខា លោក សាន ឃិត នាយកប្រតិបត្តិនិងមន្ត្រី បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យដើម្បីចូលរួមរំលែកទុក្ខមកឧបត្ថម្ភក្នុងពិធីបុណ្យឈាបនកិច្ចសពចំនួន៣ នាក់ដែលបានទទួលមរណភាពដោយសារគ្រោះធម្មជាតិរន្ទះបាញ់ស្លាប់កាលពីរសៀលថ្ងៃទី១៨ តុលា ២០១៨កន្លងមកនេះ នៅឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
អំណោយដែលទទួលបានពីសាខាកាកបាទក្រហមរួមមាន៖អង្ករចំនួន ៥០គីឡូក្រាម ទឹកបរិសុទ្ធចំនួន៤កេសមី ២កេស ទឹកត្រី១ឡូត៍ ទឹកស៊ីអ៊ីវ ១ឡូត៍ ទឹកក្រូចដបធំ ២ឡូត៍ ត្រីខ ២០កំប៉ុង និងថវិកា មួយចំនួន។ សមត្ថកិច្ចមូលដ្ឋាន បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា គ្រោះធម្មជាតិដ៏តក់ស្លុតនោះ កើតឡើងនៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ដោយរន្ទះបានបាញ់ទៅលើអ្នកឃ្វាលគោដែលជ្រកភ្លៀងក្នុងខ្ទមស្រែ។
ជនរងគ្រោះត្រូវរន្ទះបាញ់ស្លាប់ ទាំង៣នាក់ រួមមាន ១មានឈ្មោះម៉ក់ យឿយ ប្រុស អាយុ៥៨ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ២មានឈ្មោះ ព្រឺល ឆេង ប្រុស អាយុ៤៤ឆ្នាំ នៅភូមិជាមួយ និង ៣ មានមឿន សាម៉េត ប្រុស អាយុ៤៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ទៀតថា នៅវេលាម៉ោងប្រហែល៣រសៀលនោះ នៅភូមិគោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុកដែរ ក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំខ្យល់កន្ត្រាក់បង្កឲ្យរបើកខូចខាតដំបូល និងតួផ្ទះពលរដ្ឋអស់១០ខ្នងផងដែរ នេះសបញ្ជាក់ឲ្យឃើញថារន្ទះសពថ្ងៃនេះកាចសាហាវណាស់ប្រជាពលរដ្ឋណាទៅស្រែ និងផ្ទះបើឃើញមានភ្លៀងនិងផ្គររន្ទះនោះ ត្រូវរកទីជម្រកដែលមានសុវត្ថិភាពជៀសវាងត្រូវរន្ទះបាញ់ស្លាប់ជាយថាហេតុ៕
Source: Kampuchea Thmey Daily
0 Comments