សកម្មជនឯករាជ្យរាប់ពាន់នាក់ បានដើរដង្ហែតាមដងផ្លូវកាលពីថ្ងៃសៅរ៍សម្រាប់ការជួបជុំដ៏ធំមួយដែលជាការស្ដីបន្ទោសមួយទៅលើទីក្រុងប៉េកាំងនិងជាបញ្ហាប្រឈមចំពោះរដ្ឋាភិបាលដែលមានជម្លោះរួចទៅហើយរបស់កោះនេះ។
ការតវ៉ានៅកណ្តាលក្រុងតៃប៉ិបានកើតឡើងខណៈពេលប្រទេសចិនកំពុងជំរុញការអះអាងរបស់ខ្លួនចំពោះកោះប្រជាធិបតេយ្យដែលកាន់កាប់ដោយខ្លួនឯងមួយនេះនិងការតស៊ូរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen ដើម្បីទាមទារសន្តិភាពនិងឯករាជ្យភាព។
វាជាការតវ៉ាទ្រង់ទ្រាយធំលើកទីមួយដែលទាមទារឲ្យមានការបោះឆ្នោតឯករាជ្យពេញលេញចាប់តាំងពីតៃវ៉ាន់ក្លាយជាកោះប្រជាធិបតេយ្យលើកដំបូងក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។
អ្នករៀបចំកម្មវិធីបានអះអាងថា មានអ្នកចូលរួមចំនួន៨០,០០០នាក់។ ទោះបីជាយ៉ាងណាក៏ដោយ ការប៉ាន់ស្មានរបស់ប៉ូលិសមិនទាន់បញ្ចេញភ្លាមៗទេ។
ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅខាងក្រៅការិយាល័យកណ្តាលរបស់គណបក្សចម្រើនប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចដោយស្រែកពាក្យស្លោកនិងគ្រវីទង់ដែលសរសេរថា “ប្រជាមតិឯករាជ្យភាព”។
ប្រទេសចិននៅតែមើលឃើញថា កោះតៃវ៉ាន់គឺជាផ្នែកនៃទឹកដីរបស់ខ្លួនដែលនឹងត្រូវបង្រួបបង្រួមបើទោះបីជាភាគីទាំងពីរកំពុងគ្រប់គ្រងដោយឡែកពីគ្នាចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលលើដីគោកក្នុងឆ្នាំ១៩៤៩ក៏ដោយ។
កោះតៃវ៉ាន់បានចាត់ទុកខ្លួនឯងថាជារដ្ឋអធិបតេយ្យមួយដោយមានរូបិយប័ណ្ណ ប្រព័ន្ធនយោបាយនិងប្រព័ន្ធយុត្តិធម៌ផ្ទាល់ខ្លួនប៉ុន្តែមិនដែលប្រកាសឯករាជ្យជាផ្លូវការពីចិនដីគោកទេ។
ក្រុងប៉េកាំងបានព្រមានថា ខ្លួននឹងឆ្លើយតបដោយកម្លាំងប្រសិនបើកោះតៃវ៉ាន់ព្យាយាមបំបែកខ្លួនជាផ្លូវការ។
ក្រុងប៉េកាំងបានធ្វើការវាយប្រហារដើម្បីលុបបំបាត់កោះតៃវ៉ាន់ចេញពីឆាកអន្តរជាតិរួមទាំងការទប់ស្កាត់កោះនេះពីវេទិកាសកលលោកនិងកាត់បន្ថយចំនួនសម្ព័ន្ធមិត្តការទូតផ្លូវការរបស់ខ្លួនផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments