ក្រុមឃ្លាំមើលមួយបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមរដ្ឋឥស្លាមបានដោះលែងចំណាប់ខ្មាំង Druze ចំនួន៦នាក់ក្នុងចំណោម២៧នាក់ដែលពួកគេបានចាប់យកអំឡុងការវាយប្រហារមួយកាលពីខែកក្កដានៅក្នុងខេត្ត Sweida របស់ប្រទេសស៊ីរី។ ការដោះលែងនេះជាថ្នូរនឹងការដោះដូរអ្នកទោសនិងការបង់ប្រាក់លោះ។
លោក Rami Abdel Rahman ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានប្រាប់ AFP ថា “ស្ត្រីពីរនាក់និងកុមារបួននាក់មកពីខេត្ត Sweida ត្រូវបានដោះលែងកាលពីយប់មិញ”។
លោកបានបន្ថែមថា ការដោះលែងនេះគឺជា “ផ្នែកដំបូង” ហើយជាផ្នែកនៃកិច្ចព្រមព្រៀងមួយដែលត្រូវបានឈានដល់ជាមួយរដ្ឋាភិបាលស៊ីរីក្នុងការដោះដូរចំណាប់ខ្មាំងទាំងអស់ជាមួយអ្នកទោសនៃក្រុមរដ្ឋឥស្លាមចំនួន៦០នាក់ដែលត្រូវបានឃុំឃាំងដោយរបបនេះនិងផ្តល់ប្រាក់លោះចំនួន២៧លានដុល្លារ។
ក្រុមជីហាដនិយមបានចាប់ពង្រត់មនុស្សប្រមាណ៣០នាក់ដែលភាគច្រើនជាស្ត្រីនិងកុមារពីខេត្ត Sweida កាលពីចុងខែកក្កដាក្នុងអំឡុងពេលនៃការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតលើសហគមន៍ Druze របស់ប្រទេសស៊ីរីក្នុងសង្គ្រាមស៊ីវិលរយៈពេលប្រាំពីរឆ្នាំមកនេះ។
ក្នុងអំឡុងពេលនៃការវាយប្រហារថ្ងៃទី២៥ខែកក្កដា ក្រុម IS បានបើកការបំផ្ទុះគ្រាប់បែកអត្តឃាត ការបាញ់ប្រហារនិងការចាក់សម្លាប់ជាបន្តបន្ទាប់ដែលបានសម្លាប់មនុស្សជាង២៥០នាក់នៅខេត្តភាគនិរតីមួយនេះដែលភាគច្រើនជាជនស៊ីវិល។
ខេត្ត Sweida គឺជាបេះដូងនៃជនជាតិភាគតិច Druze ដែលស្មើនឹងប្រហែល៣ភាគរយនៃប្រជាជនមុនសង្គ្រាមរបស់ប្រទេសស៊ីរីឬប្រហែល៧០០,០០០នាក់។
ក្រុម IS បានសម្លាប់សិស្សប្រុសអាយុ១៩ឆ្នាំម្នាក់ក្នុងចំណោមចំណាប់ខ្មាំងកាលពីខែសីហានិងបន្ទាប់មកចំណាប់ខ្មាំងស្រីអាយុ២៥ឆ្នាំម្នាក់នៅដើមខែតុលា។ ក្រុមនេះបាននិយាយថា ចំណាប់ខ្មាំងស្រីអាយុ៦៥ឆ្នាំម្នាក់ក៏បានស្លាប់ដោយសារជំងឺផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments