Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ រយៈពេល​៥​ថ្ងៃ



ភ្នំពេញ ​៖ តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ជប៉ុន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ ចាប់ពី​ពីថ្ងៃ​ទី ៦ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នេះ​បើតាម​ការ​បញ្ជាក់​ពី​ក្រសួងការបរទេស​។

អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ ហើយ​ថ្នាក់ដឹកនាំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ផងដែរ​។

កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០​នេះ នឹង​ពិភាក្សា និង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី សំដៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់ លើកកម្ពស់​សុខមាលភាព​ប្រជាជន និង​ការពារ​បរិស្ថាន​។ យុទ្ធសាស្ត្រ​នេះ​ផ្តោត​សារៈសំខាន់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​។ នៅឯ​កិច្ចប្រជុំ​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​មួយ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ទិសដៅ​នាពេល​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​។

ថ្នាក់ដឹកនាំ​មេគង្គ នឹង​អញ្ជើញ​ពិសារ​អាហារ​ការ​ងារ​ពេលព្រឹក រៀបចំ​ដោយ​សមាគម​មិត្តភាព​សភា​ជប៉ុន​-​មេគង្គ ពិសារ​អាហារ​ការងារ​ថ្ងៃត្រង់ រៀបចំ​ដោយ​ក្រុម​ធុរកិច្ច និង​ចូលរួម​ក្នុង​វេទិកា​វិនិយោគ​ជប៉ុន​-​មេគង្គ រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) ដែល​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នឹង​ថ្លែង​សង្កថា​គន្លឹះ ផ្តោត​លើ​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​ធ្វើ​ធុរកិច្ច​ក្នុង​តំបន់​មេគង្គ​។

នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក​ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ស្តីពី​បញ្ហា​ផ្សេងៗ​ដែល​ជា​ការ​យកចិត្ត​ទុក​រួម​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​។ បន្ទាប់មក នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​មាន​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ សម្តេច​តេ​ជោ នឹង​ទទួល​ជំនួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ដោយ​លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា (Masahiro IMAMURA) ប្រធាន​សមាគម​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា លោក ហ៊ី​រ៉ូ​យូគី អ៊ី​ស៊ី​ហ្គេ (Hiroyuki Ishige) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​អង្គការ JETRO លោក ហ្វ៊ូមី​អាគី តាកាហាស៊ី (Fumiaki Takahashi) អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ជប៉ុន​-​ក​ម្ព​ជា លោក ណូ​ប៊ូ​អាគី គី​តា​ម៉ូ​រី (Nobuaki Kitamori) តំណាង​ក្រុមហ៊ុន​មី​ស៊ុ​អ៊ី (Mitsui Co., Ltd) និង​លោក យូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា (Yoshihisa Kainuma) តំណាង​ក្រុមហ៊ុន​មី​នេ​ប៊ែ​រ (Minebea Cambodia Co., Ltd)​។

សម្តេច​តេ​ជោ ក៏​នឹង​អញ្ជើញ​ទស្សនកិច្ច​តំបន់ឧស្សាហកម្ម​សំខាន់ៗ​ចំនួន​ពីរ​របស់​ជប៉ុន​ផង​ដែរ រួមមាន កំពង់ផែ​កុង​តឺ​ណឺ​រ​នៅ​ទីក្រុង​យូ​កូ​ហា​ម៉ា (Yokohama) និង​មជ្ឈមណ្ឌល​សំអាត​ទឹក​អា​រី​យ៉ា​កេ (Ariake)​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ឆ្លៀតឱកាស​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍ និង​និស្សិត​កម្ពុជា​ដែល​កំពុង​រស់នៅ​និង​សិក្សា​នៅក្នុង​ប្រទេស​ជប៉ុន​ផងដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu