ភ្នំពេញ ៖ នេះជាការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋទួរគី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានទិសដៅសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ទួរគី ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត និងត្រៀមរៀបចំដំណើរទស្សកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋទួរគី នាពេលខាងមុខ។ដើម្បីរឹតចំណងមិត្តភាពឱ្យកាន់តែស្អិតរមួត និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ភាគីកម្ពុជា នឹងបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងអង់ការ៉ានៅឆ្នាំ២០១៩។ ភាគីតួកគីឯកភាព នឹងរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី២ ឆាប់ៗខាងមុខ ដើម្បីដាក់ចេញនូវវិធានការបន្ថែមទៀត ក្នុងការជំរុញភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងសំដៅសម្រេចឲ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្ម៥០០លានដុល្លារ នាឆ្នាំខាងមុខ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ការហោះហើរត្រង់ បច្ចេកវិទ្យា ទេសចរណ៍ កសិកម្ម អប់រំ កីឡា វប្បធម៌ ធនធានទឹកជាដើម។ ឯកឧត្តម ម៉េវលុត ឆាវូស៊ូលុ បានប្រកាស គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសំអាតមីន និងគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃក្រសួងការបរទេសនៃប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ុលកាន់ បូស្គៀរ ប្រធាន គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាជាតិទួរគី។ កិច្ចសន្ទនាបានផ្តោតសំខាន់ជុំវិញវិធានការជាក់លាក់ដើម្បីជំរុញភាពជាដៃគូរវាងរដ្ឋសភានៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរបានគូសបញ្ជាក់ពីតួនាទីនៃរដ្ឋសភាទាំងពីរ ដែលជាច្រកបន្ថែមជួយពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច។ គណៈកម្មាធិការខាងលើ បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ចំពោះសហគមន៍មុស្លីម និងបង្កលក្ខណៈឱ្យពួកគាត់រស់នៅជាមួយប្រជាជនដ៏ទៃទៀតទាំងអស់ប្រកបដោយសុខដុមរមនា។
លោកឧបនាយករដ្ឋមន្ត្រីបានចូលជួបសំដែងការគួរសមជាមួយ លោកប៊ីណាលី យីលឌីរីម ប្រធានរដ្ឋសភានៃសាធារណរដ្ឋទួរគី។ ភាគីទាំងពីរបានឯកភាពថា គំនិតផ្តួចផ្តើមច្បាស់លាស់ត្រូវការជាចាំបាច់ ដើម្បីជួយឲ្យសម្រេចបាននូវគោលដៅពាណិជ្ជកម្មខាងលើ។ ភាគីទួរគីបានត្រៀមលក្ខណៈទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣នៃប្រធានសភារបស់ក្រុមប្រទេសនៅអាស៊ីអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨-១១ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងអង់ការ៉ា៕
Source: Kampuchea Thmey Daily
0 Comments