Ad Code

អនុប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ថា នៅ​ប្រទេស​កម្ពុជា មាន​លក្ខខណ្ឌ និង​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការ​វិនិយោគ ជាង​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​អាស៊ាន



ភ្នំពេញ​ ៖ លោក BRINZER អនុប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ថ្លែង​បែបនេះ ជា​ការ​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​នៅក្នុង​កិច្ចពិភាក្សា​មួយ​ស្តីពី​ធុរកិច្ច​អឺរ៉ុប​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វេ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា និង​តំណាង​អង្គភាព​អ្នកសារព័ត៌មាន​ជាច្រើន​។

លោក BRINZER ថ្លែង​ថា នៅ​ប្រទេស​កម្ពុជា មាន​លក្ខខណ្ឌ និង​ស្ថានភាព​ល្អប្រសើរ​ជាង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​អាស៊ាន ដែល​ក្រុមហ៊ុន​អាច​មក​វិនិយោគ​ដោយ​ផ្ទាល់ និង​អាច​ផ្ទេរ​ដើមទុន ប្រាក់ចំណេញ​របស់​ខ្លួន តាម​ការ​ចង់​បាន​។



លោក​បញ្ជាក់​ថា “​ខ្ញុំ​មើលឃើញ​កម្ពុជា គឺជា​កន្លែង​ល្អ​បំផុត​សម្រាប់​វិនិយោគ ជា​កន្លែង​ដែលមាន​លក្ខខណ្ឌ ហើយ​បើ​មើល​ទៅលើ​ពិន្ទុ មាន​កត្តា​ច្រើនណាស់ ដែល​គេ​ត្រូវ​យក​មក​ដាក់ពិន្ទុ មិន​ត្រឹមតែ​លក្ខខណ្ឌ និង​បរិយាកាស​នៃ​ការវិនិយោគ​ប៉ុណ្ណោះ​ទេ តែ​គេ​អាច​រកបាន​នូវ​កម្មករ និយោជិត ដែល​មាន​ជំនាញ ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល និង​ទីផ្សារ ដែល​បង្ក​ដល់​ការ​វិនិយោគ​ស្មើភាព​គ្នា ហើយ​គេ​គិតថា បើសិន​ក្រុមហ៊ុន​បរទេស​ចូលមក​វិនិយោគ តើ​ក្រុមហ៊ុន​ក្នុងស្រុក​ធ្វើ​ដូចគ្នា​ដែរ​ឬ​ទេ? ពីព្រោះ​នេះ​គឺជា​បញ្ហា​ដ៏​សំខាន់ ដូច​បញ្ហា​ដទៃទៀត​ដែរ​។ ដូច្នេះ​យើង​រីករាយ នឹង​មកកាន់​ទីនេះ ប្រទេស​កម្ពុជា គឺ​យើង​បាន​មក​រាប់​ឆ្នាំ​ហើយ អាជីវកម្ម​របស់​អឺរ៉ុប ជាង​២០​ឆ្នាំ​ហើយ ហើយក៏​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ មានន័យថា យើង​សហគមន៍​អឺរ៉ុប មិន​មាន​ដៃគូ​ថ្មី​ទេ គឺ​យើង​មាន​វត្តមាន​យូ​ហើយ​នៅទីនេះ យើង​នឹង​បន្ត​ជួយ​កម្ពុជា​ឲ្យ​ទទួល​បាន​ពិន្ទុ​កាន់តែ​ល្អ​បន្ថែមទៀត គឺ​ពិន្ទុ​ដែល​គេ​ដាក់​សម្រាប់​ការវិនិយោគ​នេះ​”​។



លោក BRINZER បាន​លើក​ឡើង​ទៀតថា ក្នុងនាម​លោក​ផ្ទាល់ លោក​ចង់​ឃើញ​សហភាព​អឺរ៉ុប វិនិយោគ​កាន់​តែ​ច្រើន​បន្ថែម​ទៀត នៅ​ប្រទេស​កម្ពុជា ហើយ​នេះ​ជា​អ្វី ដែល​ផ្ដល់​ផលប្រយោជន៍​ទាំងសងខាង គឺ​ទាំង​ភាគី​អឺរ៉ុប និង​កម្ពុជា ហើយ​យើង​ក៏​ចាត់ទុកថា ឈ្នះ​ឈ្នះ ទាំងអស់គ្នា​ផងដែរ​។

ទាក់ទង​ទំហំ​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប ជាមួយ​កម្ពុជា លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ឆ្នាំ​២០១៧ កន្លងមក សម្រាប់​ការនាំ​ចេញពី​កម្ពុជា ទៅ​អឺរ៉ុប មាន​ប្រហែល​៥,៥​ប៊ី​លាន​អឺរ៉ូ​។ ចំណែក​ការ​នាំ​ចេញពី​អឺរ៉ុប មកកាន់​កម្ពុជា​វិញ មាន​៨៥០​លាន​អឺរ៉ូ ហើយ​៩០​ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប គឺ​ផ្ដោត​ទៅ​លើ​សំលៀកបំពាក់ និង​ផលិតផល​ស្បែកជើង ក្នុងនោះ​ក៏មាន​កង់ និង​អង្ករ​ផងដែរ​។​តែ​ក៏មាន​ផលិតផល​ផ្សេងៗ​មួយចំនួនទៀត​ដូចជា ផលិតផល​ម្រេច​កំពត និង​សូត្រ​ជាដើម ដែលជា​ផលិតផល​សំខាន់ៗ​របស់​កម្ពុជា​។



ចំណែក​បញ្ហា EBA គឺ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម ដែល​សហភាព​អឺរ៉ុប​ផ្ដល់​ទៅ​ឲ្យ​ប្រទេស​អភិវឌ្ឍ​តិចតួច ដែល​មាន​កម្ពុជា​ផងដែរ​នោះ លោក George EDGAR លើកឡើងថា អ្វី​ដែល EBA បានផ្ដល់​ឱ្យ​បណ្តា​ប្រទេស​ទាំងនោះ គឺ​ការនាំ​ទំនិញ​ពី​បណ្តា​ប្រទេស​ទាំងនោះ ដោយ​មិន​ជាប់​ពន្ធគយ និង​មិន​កំណត់​កូតា​។ EBA គឺជា​ការ​អនុគ្រោះ​ពន្ធ​លើកលែងតែ​អាវុធយុទ្ធភណ្ឌ ហើយ​នៅ​ប្រទេស​កម្ពុជា សហភាព​អឺរ៉ុប បានគិត​បញ្ចូល​គ្រប់​មុខទំនិញ​ទាំងអស់ លើកលែងតែ​អាវុធយុទ្ធភណ្ឌ​។ លោក​បញ្ជាក់ដែរថា កន្លងមក​តែងតែមាន​ការភាន់ច្រឡំ​មួយចំនួន​ដែលថា ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍន៍​តិចតួច​។ លោក​ពន្យល់​ថា បើ​គិត​តាម​ធនាគារពិភពលោក ចាប់ពី​ឆ្នាំ​២០១៦​មក ប្រទេស​កម្ពុជា​បាន​រួច​ផុត​ពី​កំរិត​កំណត់​ហើយ​។ មានន័យថា​ប្រទេស​កម្ពុជា បាន​រត់​ចេញពី​ប្រទេស ដែលមាន​ចំណូល​ទាប ទៅ​ចំណូល​មធ្យម ដូច្នេះ​បើ​គិត​តាម​រង្វាស់​របស់​ធនាគារ​ពិភពលោក ប្រទេស​កម្ពុជា បាន​ក្លាយ​ទៅជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ប៉ុន្តែ​បើ​និយាយ​ពី​ប្រទេស ដែលមាន​ការ​អភិវឌ្ឍ​ន៍​តិចតួច ដែលជា​ចំណាត់ថ្នាក់ ដាក់​ដោយ​អង្គការសហប្រជាជាតិ ដែល​គិត​ទាំង​កត្តា​ដទៃ​ផ្សេងទៀត និង​សន្ទុះ​នៃ​ការអភិវឌ្ឍ​មនុស្ស និង​ភាព​ងាយ​រងគ្រោះ​ផងដែរ​។ ដូច្នេះ​ការចាត់​ចំណាត់ថ្នាក់​របស់​ប្រទេស​នីមួយៗ​នៅ​អង្គការសហប្រជាជាតិ គេ​កំណត់​៣​ឆ្នាំ​ម្តង ហើយ​ប្រទេស​កម្ពុជា បើ​គិត​តាម​អង្គការសហប្រជាជាតិ រហូតដល់​ឆ្នាំ​២០២៧ ទើប​ងើប​ផុតពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ហើយ​ដក EBA បាន​។

ទោះជា​យ៉ាងណា លោក BRINZER អនុប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បាន​អះអាង​ថា សភាពាណិជ្ជកម្ម​អឺរ៉ុប បាន​ខិតខំ​យ៉ាង​ខ្លាំង ដោយ​យើង​បាន​ផ្សព្វផ្សាយ ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​អឺរ៉ុប​មកកាន់​កម្ពុជា និង​បាន​រៀប​ចំ​កម្មវិធី​ពិ​ពណ៌​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប ជួយ​ផ្តល់​ព័ត៌មាន​ដល់​អ្នកវិនិយោគ​នៅ​អឺរ៉ុប ដែល​មាន​គោលបំណង​មក​កម្ពុជា ហើយ​ក៏បាន​ផ្សព្វផ្សាយ​ពី​ការ​វិនិយោគ​នៅលើ​បណ្តាញ​ព័ត៌មាន និង​នៅ​សភា​សភាពាណិជ្ជកម្ម​បារាំង និង​អាល្លឺម៉ង់​ជាដើម និង​បាន​បញ្ជាក់ថា ប្រសិនបើ​អ្នក​វិនិយោគ​នៅ​អឺរ៉ុប មាន​គោលបំណង​មក​កម្ពុជា សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា មាន​ផ្តល់​ព័ត៌មាន​ដល់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​បានដឹង​ពី​សក្តានុពល​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu