ភ្នំពេញ ៖ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនឆបោកប្រាក់ពីប្រជាពលរដ្ឋក្នុងអំឡុងឆ្នាំ២០១៦បន្ទាប់ពីលោកចៅក្រមស៊ើបដឹងថា ជនសង្ស័យពិតជាបានប្រព្រឹត្តិតាមពាក្យបណ្តឹងពីជនរងគ្រោះប្រាកដមែន។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៧១"ថ"ដ ច ន ចុះថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨ចេញដោយលោក ឌុច សុខសារិន ចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញ។ ជនល្មើសដែលត្រូវបានលោកចៅក្រមចេញដីកាបង្គាប់ឲ្យចាប់ខ្លួនគឺមានឈ្មោះ ឡេង សុធា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាប្រធានក្រុមហ៊ុន នីត នីត តាក់ស៊ីម៉ែត្រមានស្រុកកំណើតភូមិប៉ោយព្រីង ឃុំព្រះនេតព្រះស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ។ មានប្រពន្ធឈ្មោះ សាន ឡៃហ៊ាង មានកូនពីរនាក់។ឪពុកឈ្មោះ ឡេង លឿង ម្តាយឈ្មោះ នាង មុំ។
នៅក្នុងសំណុំរឿងបានបញ្ជាក់កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ឈ្មោះ ឡេង សុធា បានប្រើល្បិចឆបោកលុយពីជនរងគ្រោះឈ្មោះ ញូង សារឿន និងប្រពន្ធឈ្មោះ គឹម វី អស់ចំនួន ៦៥០០ដុល្លារ ក្នុងរូបភាព យកលុយ ១៥០០ដុល្លារ ទៅកក់ថ្លៃ ជួលរថយន្តតាក់ស៊ីម៉ែត្រទៅរត់និង ៥០០០ដុល្លារទៀតថ្លៃរត់ការបំពេញបែបបទទៅធ្វើការនៅ ប្រទេស អូស្ត្រាលី។
នៅក្នុងសំណុំរឿងបានបន្តថា មូលហេតុដែលជនរងគ្រោះជឿទៅលើការបោកប្រាស់ខាងលើនេះគឺដំបូងឡើងជនរងគ្រោះបានស្តាប់ការផ្សាយពាណិជ្ជកម្មពីវិទ្យុមួយក្នុងស្រុក ពីការជួលរថយន្តតាក់ ស៊ីម៉ែត្រ យកទៅរត់ដោយគ្រាន់តែតម្កល់ប្រាក់ចំនួន១៥០០ដុល្លារ នឹងបានតាក់ស៊ី យកទៅរត់ហើយ ដោយមានស្នាក់ការទំនាក់ទំនងនៅផ្ទះលេខ៩ផ្លូវ លេខ៤ ភូមិបឹងឈូក សង្កាត់និរោធខណ្ឌច្បារអំពៅ (ក្នុងបុរីប៉េងហួត)។ ពេលទៅដល់ស្នាក់ការក្រុមហ៊ុន នីត នីត តាក់ស៊ីម៉ែត្រ ក៏ជួបនឹងឈ្មោះ ឡេង សុធា ដែលអះអាងថា ជាប្រធានក្រុមហ៊ុននិងបានបង់ប្រាក់ចំនួន១៥០០ដុល្លារតាមការបញ្ជាពីក្រុមហ៊ុន។ ខណៈនោះ ជនសង្ស័យ ឡេង សុធា បានអះអាងថា ធានារត់ការឲ្យប្រពន្ធ លោក ញូង សារឿន (ជនរងគ្រោះ)ឈ្មោះ គឹម វី ឲ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីក្នុងតម្លៃ ៥០០០ដុល្លារ។
បន្ទាប់ពីប្រគល់លុយទៅឲ្យ ឡេង សុធា រួចមកគឺជនរងគ្រោះចាំបាត់ៗនិងចេះតែសួរដេញដោលទៅទើបដឹងថា មិនស្រួលព្រោះទីស្នាក់ជាផ្ទះជួល ដូច្នេះហើយទើបជនរងគ្រោះចេះតែតាមរកឈ្មោះ ឡេង សុធា មកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីទាមទារប្រាក់មកវិញព្រោះមិនទុកចិត្ត។
នៅចំពោះមុខនគរបាលខណ្ឌដែលមានលោក ម៉ៅ សឿត អធិការ រងខណ្ឌច្បារអំពៅទទួលបន្ទុកព្រហ្មទណ្ឌដោយភាគី ឡេង សុធា បាន យករថយន្តមួយគ្រឿងម៉ាកហាយ ឡេនឌឺមកដាក់តម្កល់និងសន្យាសងប្រាក់វិញឲ្យគ្រប់ចំនួនក្នុងរយៈពេលមួយខែ។ ប៉ុន្តែរហូតដល់ជាង១ខែមិនឃើញឈ្មោះ ឡេង សុធា យកប្រាក់ មកសងតែបែរជាមានម្ចាស់រថយន្តពិតប្រាកដថា រថយន្តហាយឡេនឌឺដែល ឡេង សុធា យកមកដាក់តម្កល់គឺជារថយន្តដែល ឡេង សុធាជួលជិះប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់នគរបាលគឺឈ្មោះ ឡេង សុធា ពិតជាឆបោកជនរងគ្រោះទើបកសាងសំណុំរឿងនិងរថយន្តបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ រហូតដល់ថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨ នេះទើបលោកឌុច សុខសារិន ចៅក្រមស៊ើបសួរតុលាការរាជធានីសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនឆបោកឈ្មោះ ឡេង សុធា នេះតែម្តង ខណៈដែលរថយន្តហាយឡេនឌឺដែលឡេងសុធាបានប្រើល្បិចបោកគេនោះត្រូវតុលាការប្រគល់ឲ្យទៅម្ចាស់ដើមក្នុងអំឡុងឆ្នាំ២០១៦នោះទៅហើយ។
តាមប្រភពបានបញ្ជាក់ថា ឈ្មោះ ឡេង សុធា នេះបានប្រើល្បិចឆបោកប្រាក់ពីប្រជាពលរដ្ឋច្រើនណាស់ក្នុងរូបភាពជួលរថយន្តពីម្ចាស់ទៅលក់ ឬ ជួលបន្ត រួចគេចខ្លួនបាត់។ ចំពោះដីកាបង្គាប់ឲ្យចាប់ខ្លួននេះត្រូវបានសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនជនឆបោកខាងលើនេះទូទាំងប្រទេសហើយ៕
Source: Kampuchea Thmey Daily
0 Comments