អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប គឺឯម ឡេងលី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ និង ជើងចាស់ម៉ន សាម៉េត អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក បានវាយឈ្នះដៃគូប្រកួតថៃក្នុងទឹកទី៤ដូចគ្នា ក្នុងការជួបប្រកួតគ្នាលើសង្វៀនWurkz កាលពីរសៀលថ្ងៃទី ២១ តុលា ២០១៨។
អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ឯម ឡេងលី ក្លិបថ្មគោលពោធិសែនជ័យ បានផ្តួលយកឈ្នះអ្នកប្រដាល់ថៃ Chai Suo ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៤ បន្ទាប់ពីត្រូវឡេងលី ទាត់ជើងក្រោម និងវាយដៃ ព្រមទាំងកែង ត្រូវច្រើនពេកនោះ។
Chai Suo ត្រូវអាជ្ញាកណ្តាលរាប់៨ក្នុងទឹកទី៤ ចំនួន២ដង និងដួលម្តងទៀត អាជ្ញាកណ្តាលក៏បញ្ឈប់លែងអោយប្រកួតតែម្តង ។ ពួកគេទាំងពីរ ប្រកួតគ្នាក្នុងទម្ងន់៧១គីឡូក្រាម ។
ចំពោះ ម៉ន សាម៉េតវិញ គេប្រកួតឈ្នះអ្នកប្រដាល់ថៃចំណូលថ្មី Yorth Savichក្នុងទឹកទី៤ដែរ បន្ទាប់ពីត្រូវសាម៉េតវាយអាជ្ញាកណ្តាលរាប់ជាច្រើនលើកតាំងពីក្នុងទឹកទី២ដល់ ទឹកទី៥នោះ ។ ម៉ន សាម៉េត និង Yorth Savich ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
មាស សុជាតិ ផ្តួល Ha Chhlam ក្នុងទឹកទី១ ខណៈសូត្រខេវិនសងសឹកសេន កុសលមិនបានសម្រេច
អ្នកប្រដាល់ជើងខ្លាំងកម្ពុជាមាស សុជាតិ ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ បានប្រើពេលប្រហែលមួយនាទីប៉ុណ្ណោះ ផ្តួលអ្នកប្រដាល់ថៃHa Chhalam អោយបោះបង់ការប្រកួតក្នុងទឹកទី១ នៅក្នុងការជួបប្រកួតគ្នាក្នុងកម្មវិធីប្រដាល់Boostrong Fighter On Fire នៅលើសង្វៀនSEA-TV ព្រឹកថ្ងៃអាទិត្យ ទី២១តុលា២០១៨។
មាស សុជាតិ និង Ha Chhlam ត្រូវជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ។សុជាតិ បានទាត់ជើងក្រោមរបស់Ha Chhlam ប្រមាណ២-៣ជើងបណ្តាលអោយភ្លៅរបស់ អ្នកប្រដាល់ថៃរូបនេះ ដួលក្រោយលែងរួចតែម្តង ។ ទម្ងន់ជើងរបស់សុជាតិ ពិតជាខ្លាំងមែន ដែលធ្វើអោយអ្នកប្រដាល់ជើងខ្លាំងថៃដួលបោះបង់ការប្រកួតតែម្តង ។Ha Chhlam គេធ្លាប់មកប្រកួតនៅភ្នំពេញម្តងពីរដងហើយហើយដែលការមកលើកចុងក្រោយរបស់គេនោះ គឺវាយឈ្នះទេស ជីវ៉ា អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ក្នុងទឹកទី៣ ។
ចំពោះសូត្រ ខេវិន អ្នកប្រដាល់ក្លិបបក្សីស្លាបដែក ដែលឡើងសងសឹកសេន កុសល អ្នកប្រដាល់ក្លិបមោងឫស្សីមរតកគុនខ្មែរ ខេត្តបាត់ដំបងនោះ គឺសងសឹកមិនបានសម្រេចនោះឡើយ ។ សូត្រ ខេវិន ចាញ់សេន កុសលនេះ គឺចាញ់ដោយសារតែកម្លាំងស៊ុហ្វខ្សោយប៉ុណ្ណោះ ។
ភួង ពិសិដ្ឋ អ្នកប្រដាល់ក្លិបរាជសីហ៍ ខេត្តរតនគិរី ប្រកួតចាញ់ពុទ្ធ ម៉ាណូយ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ក្នុងទឹកទី៣ ។ ពីរនាក់នេះ ជួបគ្នាក្នុងទម្ងន់៦០គីឡូក្រាម ។
ដោយឡែក សេក សារ៉ាន់ ក្លិបអង្គរមានជ័យខេត្តសៀមរាប បានវាយឈ្នះសល់ ស្រស់ ក្លិបសាលវ័ន្តកីឡា ដោយពិន្ទុ ក្នុងការជួបគ្នាទម្ងន់៥១គីឡូក្រាម ហើយជា វិរៈបុត្រ ក្លិបអមតៈគុនខ្មែរ ខេត្តសៀមរាប ក៏ប្រកួតចាញ់ សំខាន់ ពិសិដ្ឋ ក្លិបរ៉ាហាប់ស្វាយប៉ាក ក្នុងទឹកទី២ ក្នុងការជួបគ្នាទម្ងន់៥៤គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments