ស្ទឹងត្រែង ៖ កម្លាំងការិយាល័យទី៨ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់នៅព្រំប្រទល់កម្ពុជា-ឡាវ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន៥កញ្ចប់ ស្មើនឹង៥គីឡូក្រាម។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចវាលប៉ារ៉ា ភូមិសំរោង ឃុំស្រសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ជួប ឌៀវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ខណៈដែលជនសង្ស័យធ្វើសកម្មភាពនាំគ្រឿងញៀនឆ្លងដែនចូលមកទឹកដីកម្ពុជា ត្រូវបានកម្លាំងការិយាល័យទី៨ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនតែម្តង។
លោកបន្តថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងគ្រឿងញៀនចំនួន៥កញ្ចប់ធំប្រភេទមេតំហ្វេតាមីន (ice )ប្រមាណជា៥គីឡូក្រាម និងបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
បច្ចុប្បន្នវត្ថុតាងគ្រឿងញៀនចំនួន៥កញ្ចប់ធំ រួមជាមួយជនសង្ស័យ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត និងធ្វើការត្រួតពិនិត្យទៅលើគ្រឿងញៀនដើម្បីរៀបចំធ្វើតេស្តបឋម ព្រមទំាងរៀបចំសំណុំឯកសារចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments