តាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចស្រុកព្រៃកប្បាសចាប់ឃាត់ខ្លួនយកមកកសាងសំណុំរឿងបញ្ជូនឡើងសាលាដំបូងខេត្ត ក្នុងករណីចោរកម្មពីរកន្លែងផ្សេងគ្នា។
តាមការឲ្យដឹងពីសមត្ថកិច្ចស្រុកព្រៃកប្បាសបានប្រាប់ថា ករណីទី១ កើតឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៥០នាទី ដែលជនសង្ស័យ ឈ្មោះ ហួយ ពិសិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស បានធ្វើសកម្មភាពចូលផ្ទះជនរងគ្រោះ ឈ្មោះ វ៉ា មួយ ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយជនសង្ស័យដែរ ក្នុងគោលបំណងលួចទ្រព្យសម្បត្តិ តែសំណាងល្អម្ចាស់ឃើញទាន់ក៏ស្រែកឆោឡោផ្អើលអ្នកជិតខាងជនសង្ស័យភ័យរត់គេចខ្លួនបានមួយស្របក់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន។
ចំណែកករណីទី២ កើតឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ដែលជនសង្ស័យឈ្មោះ សំរិទ្ធ នោ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករដឹកអេតចាយ រស់នៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពលួចយកទូរស័ព្ទមួយគ្រឿងពីជនរងគ្រោះឈ្មោះ លុក ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ខណៈនោះម្ចាស់ឃើញទាន់ក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យក្នុងករណីប្រព្រឹត្តអំពើចោរកម្មទាំងពីរនាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកព្រៃកប្បាសកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments