ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណបានអះអាងថា ការប្រកាសអំពីដំណើរការនីតិវិធីក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីប្រទេសកម្ពុជារបស់សហភាពអឺរ៉ុបនោះ បើទោះជាសម្រេចដក ឬមិនដក ក៏មិនមានបញ្ហាអ្វីប៉ះពាល់ដល់កម្ពុជានោះទេ ដោយហេតុថា នោះគ្រាន់តែជាកិច្ចព្រមព្រៀងនៃការធ្វើពាណិជ្ជកម្មតែប៉ុណ្ណោះ។
លោក ឈឹម ផលវរុណ លើកឡើងបែបនេះ បន្ទាប់ពីលោកស្រី Cecilia Malstrom រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបានបញ្ជាក់លើលិខិតរបស់ខ្លួនថា បានជូនដំណឹងទៅប្រទេសកម្ពុជារួចហើយថា ខ្លួនកំពុងតែចាប់ផ្តើមដំណើរការដកហូតឋានៈពន្ធអនុគ្រោះ “រាល់មុខទំនិញលើកលែងតែអាវុធ” ប្រសិនបើគ្មានការធ្វើឲ្យប្រសើរឡើង ទាក់ទងបញ្ហាមួយចំនួន ដែលសហភាពអឺរ៉ុបយល់ថា កំពុងមានបញ្ហា។
ទាក់ទងបញ្ហានេះ លោក ឈឹម ផលវរុណ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចំណាត់ការរបស់សហភាពអឺរ៉ុប ដែលចង់ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធហៅកាត់ថា EBA នោះ ជាសិទ្ធិរបស់សភាពអឺរ៉ុប ដោយថា នេះជារឿងពាណិជ្ជកម្ម និងការអភិវឌ្ឍ ហើយមិនមានប្រទេសណាសង្កត់ប្រទេសណាទេ។ តាមលោក ឈឹម ផលវរុណ នោះជាសិទ្ធិរបស់ EU ។ រឿងអនុគ្រោះពន្ធ គឺជារឿងរកស៊ីទៅវិញទៅមក។ បើសិនជាយើងអាចត្រូវគ្នា ក្នុងការធ្វើពាណិជ្ជកម្ម និងដើម្បីអភិវឌ្ឍន៍ នោះគឺយើងបន្តធ្វើជាមួយគ្នាទៅ ហើយបើយើងយល់ឃើញខុសគ្នា បែរខ្នងដាក់គ្នាទៅ កិច្ចសហប្រតិបត្តិការវាតែប៉ុណ្ណឹង តែមិនអាចប្រទេសណា មកសង្កត់ប្រទេសដទៃបានទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែតុលា លោកស្រី Cecilia Malstrom លើកឡើងនៅក្នុងលិខិតរបស់ខ្លួនថា លោកស្រីកំពុងស្ថិតនៅក្នុងទីក្រុង Innsbruck នៃប្រទេសអូទ្រីស ជាកន្លែងដែលយើងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការមួយ។ ជាមធ្យោបាយឆ្ពោះទៅមុខ ដែលជាប់ពាក់ព័ន្ធនឹងកំណែទម្រង់ចាំបាច់បំផុត នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលស្ថិតនៅលើរបៀបវារៈខ្ពស់ ប៉ុន្តែនៅក្នុងរបៀបវារៈផ្សេងពីនេះ របៀបវារៈមួយ ដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំនោះដែរ គឺការឆ្លើយតបរបស់សហភាពអឺរ៉ុប ចំពោះស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសម៉ីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។
លោកស្រី Cecilia Malstrom លើកឡើងថា នៅប្រទេសកម្ពុជា យើងកំពុងឃើញការអភិវឌ្ឍប្រកបដោយបញ្ហាខ្លាំង ដោយគ្មានការកែលម្អគួរឲ្យទុកចិត្ត។ បេសកកម្មកាលពីពេលថ្មីរបស់សហភាពអឺរ៉ុបមកកាន់ប្រទេសកម្ពុជា បានបង្ហាញអំពីការរំលោភធ្ងន់ធ្ងរ និងជាប្រព័ន្ធ លើសេរីភាពខាងការបញ្ចេញមតិ សិទ្ធិការងារ និងសេរីភាពខាងសមាគម។ បញ្ហានេះកើតឡើងនៅពីលើបញ្ហានានា ដែលមានជាយូរមកហើយដែលទាក់ទិនទៅនឹងសិទ្ធិរបស់កម្មករ និងការដណ្តើមយកដី។
ទោះជាយ៉ាងណា លោកស្រី Cecilia Malstrom បានបញ្ជាក់ថា យើងនឹងរក្សាកាណាល់នៃការសន្ទនាជាមួយប្រទេសទាំងពីរនេះឲ្យនៅបើកចំហ និងមានលំហសម្រាប់ការចរចា និងការសន្ទនាជាមួយប្រទេសទាំងពីរនៅក្នុងដំណើរការទាំងស្រុង ហើយយើងក៏នឹងជូនដំណឹងទៅរដ្ឋសមាជិកនៃសហភាពអឺរ៉ុប អំពីជំហានបន្ទាប់ទៀត។ យើងមិនទាន់ស្ថិតនៅមុខច្រាំងចោតនៅឡើយទេ ហើយនឹងនៅតែមានពេលវេលាសម្រាប់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីដកខ្លួនពួកគេថយចេញពីមាត់ចំណោតនេះ៕
Source: Kampuchea Thmey Daily
0 Comments