រដ្ឋមន្ត្រីការពារជាតិចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កងយោធារបស់ខ្លួននឹងធ្វើសកម្មភាព “គ្រប់តម្លៃទាំងអស់” ដើម្បីទប់ស្កាត់ការប៉ុនប៉ងដើម្បីបំបែកកោះតៃវ៉ាន់ដែលក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន។
ក្រុងប៉េកាំងមានការខឹងសម្បារដោយការដាក់ទណ្ឌកម្មថ្មីៗរបស់អាមេរិកលើយោធារបស់ខ្លួនដែលនេះជាចំណុចនៃការកើនឡើងភាពតានតឹងក្នុងទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោនដែលក៏រួមមានទាំងសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់ផងដែរ។
កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងពីរគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅក្នុងប្រតិបត្តិការទីពីរក្នុងឆ្នាំនេះនិងជាកាយវិការថ្មីបំផុតដែលធ្វើឡើងដោយសេតវិមានក្នុងការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យតៃវ៉ាន់។
រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បាននិយាយក្នុងពិធីបើកវេទិកា Xiangshan នៅទីក្រុងប៉េកាំងថា “បញ្ហាកោះតៃវ៉ាន់គឺទាក់ទងទៅនឹងអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសចិនហើយវាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន”។
លោកបន្តថា “ក្នុងករណីនេះ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការប្រឈមមុខនឹងបញ្ហា។ ប្រសិនបើមាននរណាម្នាក់ព្យាយាមបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិននោះ កងទ័ពរបស់ចិននឹងធ្វើសកម្មភាពនៅគ្រប់តម្លៃទាំងអស់”។
ទំនាក់ទំនងរវាងចិននិងតៃវ៉ាន់បានដុនដាបយ៉ាងខ្លាំងចាប់តាំងពីលោកស្រីប្រធានាធិបតី Tsai Ing-wen នៃគណបក្សចម្រើនប្រជាធិបតេយ្យទទួលបានអំណាចនៅក្នុងឆ្នាំ២០១៦។
ក្រុងប៉េកាំងមិនដែលច្រានចោលការប្រើប្រាស់កងកម្លាំងដើម្បីនាំកោះតៃវ៉ាន់ឲ្យមកស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួននោះទេ។ ចិនក៏បានមើលឃើញការងាករេរបស់អាមេរិកទៅរកកោះនេះទាំងក្តីព្រួយបារម្ភផងដែរដូចជាស្ថានទូតថ្មីនៅទីនោះនិងការអនុម័តច្បាប់ដើម្បីលើកទឹកចិត្តដល់មន្ត្រីសហរដ្ឋអាមេរិកឲ្យទៅធ្វើទស្សនកិច្ច។
លោក Wei បាននិយាយទៀតថា ទំនាក់ទំនងយោធារបស់ចិនជាមួយសហរដ្ឋអាមេរិកគឺមានសារៈសំខាន់និងរសើបខ្លាំងណាស់។ ប្រទេសចិននឹងមិនបោះបង់ចោលដែនដីរបស់ខ្លួនសូម្បីតែមួយចង្អាម។
លោកបានបន្ថែមថា ក្រុងប៉េកាំងសូមជំទាស់ចំពោះការបង្ហាញពីភាពខ្លាំងនិងការបង្កហេតុនៅក្នុងសមុទ្រចិនខាងត្បូងដោយប្រទេសនានាមកពីខាងក្រៅតំបន់ដែលបានអនុវត្តនៅក្រោមលេសការពារសេរីភាពនៃការហោះហើរនិងនាវាចរណ៍៕ REUTERS
Source: Kampuchea Thmey Daily
0 Comments