រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បានប្តេជ្ញាកាលពីថ្ងៃពុធថា អ្នកសម្លាប់លោក Jamal Khashoggi នឹងត្រូវនាំមកកាត់ទោស។ ព្រះអង្គមានបន្ទូលបែបនេះក្នុងការបញ្ចេញមតិជាសាធារណៈលើកដំបូងរបស់ទ្រង់ចាប់តាំងពីករណីឃាតកម្មរបស់អ្នកកាសែតរូបនេះបានបង្កឲ្យមានការថ្កោលទោសជាសកល។
ព្រះអង្គម្ចាស់ Mohammed បានប្រាប់វិនិយោគិនអន្តរជាតិក្នុងសន្និសីទធំមួយនៅទីក្រុងរីយ៉ាដថា ការខឹងសម្បាលើការសម្លាប់លោក Khashoggi នៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុលនឹងមិនធ្វើឲ្យប៉ះពាល់ដល់ការជំរុញកំណែទម្រង់របស់ប្រទេសនេះនោះទេ។
មតិយោបល់របស់ទ្រង់បានធ្វើឡើងប៉ុន្មានម៉ោងក្រោយពីលោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានដកស្រង់សម្តីដោយកាសែត Wall Street Journal ដែលបាននិយាយថា ក្នុងនាមជាអ្នកគ្រប់គ្រងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ត្រូវទទួលខុសត្រូវចំពោះប្រតិបត្តិការដែលនាំទៅដល់ការស្លាប់លោក Khashoggi ។
ព្រះអង្គ Mohammed មានបន្ទូលថា “យើងនឹងបង្ហាញដល់ពិភពលោកថា រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតនិងទួរគីកំពុងសហការគ្នាដើម្បីដាក់ទណ្ឌកម្មដល់ឧក្រិដ្ឋជនណាម្នាក់ហើយចុងបញ្ចប់នឹងទទួលបានយុត្តិធម៌”។
ប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោកមួយនេះបានស្ថិតនៅក្រោមការគាបសង្កត់កាន់តែខ្លាំងឡើងលើការស្លាប់របស់លោក Khashogi ដែលជាអ្នកកាសែតនិងជាអ្នករិះគន់ខ្លាំងបំផុតលើរាជទាយាទ។
វិបត្តិនេះបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ទីក្រុងរីយ៉ាដជាមួយប្រទេសលោកខាងលិចហើយនាំឲ្យអ្នកនយោបាយលោកខាងលិច ធនាគារិកជាន់ខ្ពស់និងនាយកប្រតិបត្តិក្រុមហ៊ុនរាប់សិបនាក់ធ្វើពហិការមិនចូលរួមក្នុងសន្និសីទដែលបើកនៅទីក្រុង រីយ៉ាដ កាលពីថ្ងៃអង្គារ។
ពីដំបូងឡើយ អារ៉ាប៊ីសាអ៊ូឌីតបានបដិសេធនូវការជាប់ពាក់ព័ន្ធណាមួយនៅក្នុងការបាត់ខ្លួនលោក Khashoggi ប៉ុន្តែមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតបានសន្មតថា គាត់បានទទួលមរណភាពហើយ៕ REUTERS
[caption id="attachment_989949" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments