ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ “ខណ្ឌ ស្រុក ក្រុង មួយចំនួន នៃរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ប្រុងប្រយ័ត្ន ពី ជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨”។
សេចក្តីប្រកាសនោះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៨ ពោលគឺក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ភ្លៀងអាចបន្តធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេស ហើយក្នុងនោះ រាជធានី-ខេត្ត ចំនួន ០៥ ប្រឈមនឹងជំនន់ទឹកភ្លៀង រួមមាន ៖ ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត។ ពិធីបុណ្យភ្ជុំបិណ្ឌ នឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី០៨-១០ ខែតុលា ឆ្នាំ២០១៨។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នឹងបន្តមានភ្លៀងធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងនោះ នៅតំបន់ខ្ពង់រាប មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅមធ្យម និងតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅច្រើន។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសឲ្យប្រុងប្រយ័ត្ន ដោយអក្សរពណ៌ក្រហមថា “ខណ្ឌ ស្រុក ក្រុង មួយចំនួន នៃរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត អាចនឹងមានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨”៕
Source: Kampuchea Thmey Daily
0 Comments