Ad Code

ទំនាស់​រឿង​កង្ហារ រួមផ្សំ​នឹង​គំនុំ​ចាស់ បង្ក​ទំនាស់​កាប់​ចាក់​គ្នា អ្នក​ចាញ់​ដេកពេទ្យ​អ្នកឈ្នះ​ដេក​គុក



ភ្នំពេញ​ ៖​ បុរស​២​នាក់​ជា​កម្មករ​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​ជាមួយគ្នា​ បាន​បង្ក​ទំនាស់​វាយតប់​កាប់​ចាក់​គ្នា បណ្តាល​អោយ​អ្នក​ចាញ់​រង​របួស​ធ្ងន់​ដេកពេទ្យ​ ចំណែកឯ​អ្នកឈ្នះ​ត្រូវបាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​បញ្ចូល​គុក​ភ្លាមៗ​កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។

គូ​ភាគី​បង្ក​​ទំនាស់​ដោយ​អំពើ​ហិង្សា​ដាក់គ្នា​ទាំង​២​នាក់​ខាងលើ ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​សង្ស័យ​ជា​ជន​បង្ក​ ឈ្មោះ ខឹម ស៊ន អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​ម៉ូតូ​រ៉ឺម៉ក​កង់​បី និង​ស្នាក់​នៅក្នុង​ឃ្លាំង​ផ្ទុក​សម្ភារៈ​អគ្គិសនី ចំណុច​កើតហេតុ​ខាងលើ។

ចំណែកឯ​ភាគី​ជនរងគ្រោះ​ឈ្មោះ ជួន សា​រ៉េ​ម អាយុ​២៩​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត បម្រើការ​ងារ​អោយ​ក្រុមហ៊ុន​ជាមួយគ្នា​ ស្នាក់នៅ​ផ្ទះជួល​នៅ​ម្តុំ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។

លោក​អនុសេនីយ៍ឯក ញាណ នន នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃ្មួញ ខណ្ឌ​សែនសុខ បាន​មានប្រសាសន៍ថា​ ៖ យោងតាម​ចម្លើយ​បំភ្លឺ​ពី​ជន​ទាំង​២​ បាន​អោយដឹង​ថា នៅ​មុនពេល​កើតហេតុ កន្លងមក​ប្រហែលជា​៣​ខែ​មក​ហើយ ​ពួកគេ​តែងមាន​ទំនាស់​កាច់​កុង​ការងារ​គ្នា​នៅក្នុង​ក្រុមហ៊ុន ក្រោយមក​ នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​១៦​ល្ងាច ភាគី​ឈ្មោះ ជួន សា​រ៉េ​ម បាន​យក​កង្ហារ​មក​បើក​ដាក់​អង្គុយ​កន្លែង​គាត់​ធ្វើការ​រៀបចំ​អំពូល​ភ្លើង​តែម្នាក់ឯង ដោយ​មិន​ចុច​អោយ​កង្ហារ​រេ​បក់​ខ្យល់​មករក​ភាគី​ឈ្មោះ ខឹម ស៊ន ដែល​កំពុង​អង្គុយ​ធ្វើការ​ដូចគ្នា​។ ឈ្មោះ ខឹម ស៊ន ក៏បាន​មក​ចំណុច​កង្ហារ​អោយ​រេ តែ​ត្រូវ​ឈ្មោះ ជួន សា​រ៉េ​ម មិនអោយ​ចុច​កង្ហារ​នោះ ក៏​ឈ្លោះ​គ្នា ដោយ​ឈ្មោះ ជួន សា​រ៉េ​ម បាន​ទាញ​កៅអី​ជ័រ​មក​វាយ​លើ​ឈ្មោះ ខឹម ស៊ន បាក់​ជើង​កៅអី នៅពេលនោះ ឈ្មោះ ខឹម ស៊ន បាន​ស្ទុះ​រត់​ទៅយក​កាំបិត​បុ័ងតោ​របស់​ខ្លួន មក​កាប់​សងសឹក​តប​ត​មក​លើ​ឈ្មោះ​ជួន សា​រ៉េ​ម វិញ​បណ្តាលអោយ​រងរបួស​ត្រូវ​ត្រង់​កញ្ចឹងក ជើង និង​ដៃ​របួស​ធ្ងន់ធ្ងរ​តែម្តង​។​

​លោក នាយ​ប៉ុស្តិ៍​បាន​បញ្ជាក់ថា នៅពេល​ពួកគេ​កំពុង​ឈ្លោះ​គ្នា​នោះ ខាង​បុគ្គលិក​ក្រុមហ៊ុន​បាន​រាយការណ៍ កម្លាំង​សមត្ថកិច្ច​របស់​លោក ​​ជួយ​អន្តរាគមន៍​ភ្លាមៗ​ដោយ​ឃាត់ខ្លួន​ឈ្មោះ ខឹម ស៊ន មិនអោយ​រត់គេចខ្លួន​ទាន់ និង​បាន​ចាត់ចែង​ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ផងដែរ ដោយសារ​ស្ថាន​ភាព​របួស​ធ្ងន់ធ្ងរ​។​

ប៉ូលិស​និយាយ​ថា ករណី​នេះ​ជា​អំពើ​ហិង្សា​ដោយ​ចេតនា​ ដែល​ទំនាស់​តិចតួច​មិន​ចេះ​យោគយល់​អធ្យាស្រ័យ​អោយ​គ្នា​ទៅវិញទៅមក មានតែ​ការ​ឌឺដង​កាច់​កុង​គ្នា រហូត​ប្រើ​អំពើ​ហិង្សា ​លទ្ធផល​អ្នក​ចាញ់​ដេកពេទ្យ ឯ​អ្នកឈ្នះ​ជាប់​ខ្នោះ ដេក​គុក​បាត់បង់​ការងារ បង្ក​​ទុក្ខ​លំបាក​ខ្លួនឯង​និង​ក្រុម​គ្រួសារ​ទាំងសងខាង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu