ភ្នំពេញ ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានរៀបចំប្រារព្ធ ទិវាស្បៀង អាហារពិភពលោកលើកទី៣៨ ឆ្នាំ ២០១៨ ក្រោមប្រធានបទ «យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឱ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០» ក្រោមអធិបតីភាពលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
ទិវានេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដោយមានការចូលរួមផងដែរពីលោកស្រី Francesca Erdelmann តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិ បងប្អូនតំណាងកសិករ និងសហគមន៍កសិកម្មយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងល្អប្រសើរ ទាំងបច្ចេកទេសនិងថវិកា ដែលបានញ៉ាំងឲ្យទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសភាតរភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពេញលេញយ៉ាងល្អប្រសើរ។
លោករដ្ឋមន្ត្រីបានបន្តថា ទិវាស្បៀងអាហារពិភពលោកនេះធ្វើឡើងក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីដ៏មានសារៈសំខាន់នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ សុខុមាលភាព និងអភិវឌ្ឍន៍ជនបទ ឈានទៅបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជននៃបណ្តាប្រទេសមួយចំនួននៅទូទាំងសាកលលោកនាឆ្នាំ២០៣០។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព៖កសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០” ចូលរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឲ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានស្នើសុំឲ្យអង្គភាពជំនាញនីមួយៗ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយដូចតទៅ ទី១- ជំរុញការរៀបចំនិងដាក់ឲ្យអនុវត្ត «ផែនការមេសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ឆ្ពោះទៅឆ្នាំ២០៣០» និង «ផែនការយុទ្ធសាស្ត្រអភិឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣»ប្រកបដោយប្រសិទ្ធភាព។ ទី២-បង្កើនផលិតភាព គុណភាព និងពិពិធកម្ម តាមរយៈការបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍពូជដំណាំ ពូជសត្វ និងការចិញ្ចឹមត្រី ដែលផ្តល់តម្លៃបន្ថែមខ្ពស់។ ជំរុញការអភិឌ្ឍកសិដ្ឋានគំរូ ការផ្តល់សេវាបច្ចេកទេស ការពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្ម ការផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបន្តកាត់បន្ថយថ្លៃ និងពង្រឹងគុណភាពនៃធាតុចូលកសិកម្ម ព្រមទាំងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត និងឌីជីថល។
ទី៣-ចូលរួមលើកកម្ពស់ឧស្សាហកម្មកែច្នៃ តាមរយៈការជំរុញឲ្យមានការវិនិយោគឯកជនលើកសិផល ដែលមានសក្តានុពល ដូចជា ស្រូវ ដំទ្បូងមី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ ជាដើម។ ការកែលម្អនូវបរិយាកាសធុរកិច្ច សំដៅសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម ព្រមទាំងបង្កើនការវិនិយោគ និងឥណទានលើការអភិវឌ្ឍ និងស្រាវជ្រាវដើម្បីគាំទ្រដល់ការបង្កើតការងារ និងជំរុញកំណើនអាជីវកម្មធុនតូច និងមធ្យមក្នុងស្រុក។ ទី៤- បន្តជំរុញការដាំបន្លែគ្រប់ប្រភេទជំនួសឲ្យការនាំចូល និងសម្របសម្រួលការរៀបចំបង្កើតទីផ្សារបោះដុំ និងចែកចាយបន្លែ ដែលមានស្តង់ដារ និងអនាម័យខ្ពស់។
ទី៥-ធ្វើកសិកម្មចម្រុះទៅតាមសក្តានុពលនៃភូមិសាស្ត្រនីមួយៗ ដោយមិនត្រូវធ្វើតែស្រែមួយមុខនោះឡើយ ហើយមន្ត្រីជំនាញត្រូវជួយផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្មសមស្រប ការគិតគូរអំពីតម្រូវការទីផ្សារ ជៀសវាងការធ្វើតាមគ្នាដោយពុំមានផែនការច្បាស់លាស់និងទី៦-ត្រូវជំរុញពាណិជ្ជូបនីយកម្មកសិកម្ម តាមរយៈការបន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការវិនិយោគបលើមន្ទីរពិសោធន៍ សម្រាប់នាំចេញ៕
Source: Kampuchea Thmey Daily
0 Comments