Ad Code

រាជរដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​ឆ្នាំ​២០១៩​ចំនួន​១៨២​ដុល្លារ



ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​ឆ្នាំ​២០១៩​ចំនួន​១៨២​ដុល្លារ​បូករួម​ទាំង​ថវិកា​បន្ថែម​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ចំនួន​៥​ដុល្លារ​កើនឡើង​ចំនួន​១២​ដុល្លារ​ បើ​ធៀប​នឹង​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៨​ ដែល​មាន​ត្រឹមតែ​១៧០​ដុល្លារ​ប៉ុណ្ណោះ​។

ថ្លែង​ក្រោយ​បើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​កាលពី​ល្ងាច​ថ្ងៃទី​៥ ​ខែតុលា ​ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង លោក​បណ្ឌិត អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជា​ប្រធានគ​ណៈ​កម្ម​ការ​ប្រឹក្សា​ការងារ​បាន​មានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៨២​ដុល្លារ​បូករួម​ទាំង​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ថែមចំនួន​៥​ដុល្លារ​ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់​ថ្ងៃទី​០១​ ខែមករា ​ឆ្នាំ​២០១៩​ ខាងមុខនេះ​តទៅ​។



លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៨២​ដុល្លារ​នេះ ​ដោយ​យើង​នៅតែ​រក្សា​នូវ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ដល់​កម្មករនិយោជិត​ឲ្យ​នៅ​ដដែល​ដូចជា​ប្រាក់​ដឹក​ជញ្ជូន​និង​ស្នាក់នៅ​ចំនួន​១៧​ដុល្លារ​ប្រាក់​រង្វាន់​ការងារ​ទៀងទាត់​១០​ដុល្លារ​ ប្រាក់​អតីតភាព ​ដែល​មាន​ពី​២​ដុល្លារ​ដល់​១១​ដុល្លារ​រួម​ទាំង​ប្រាក់​ថែម​ម៉ោង​ថែម​ទៀត​ ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​កម្មក​រ​ប្រសើរឡើង​ជាង​ឆ្នាំ​២០១៨​ទៅទៀត​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​«​ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​នេះ​គឺជា​កាដូ​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជួន​ដល់​កម្មករនិយោជិត​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ឈានចូល​មកដល់​នឹ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​»។

ជា​មួយ​គ្នានេះ​ដែរ ​លោ​កប​ណ្ឌិ​ត​ អ៊ិត ​សំហេង បាន​បន្ថែម​ទៀត​ថា ​រាជរដ្ឋាភិបាល​បាន​ជួយ​ដោះស្រាយ​ដំណើរ​របស់​ភាគី​និយោជក​ដែល​បាន​ស្នើសុំ​បញ្ចុះតម្លៃ​អគ្គិសនី​មក​នៅ​ត្រឹម​០,០១៤៧​ដុល្លារ​ក្នុង​១​គី​ឡូ​វ៉ា​ត់​ម៉ោង​ដើម្បី​ឲ្យ​និយោជក​យក​ថវិកា​ដែល​ចំណាយ​លើ​ថ្លៃ​អគ្គិសនី​មក​ចំណាយ​លើ​ប្រាក់​ឈ្នួល​វិញ​។

ចំពោះ​សំណើ​ខាង​ភាគី​សហជីព​ក៏​ត្រូវ​បាន​ដោះស្រាយ​ផង​ដែរ​ដូចជា​ស្នើ​ឲ្យ​សម្តេច​បន្ត​ចុះ​ជួប​កម្មករ​បន្ត​ទៀត ត​បណ្តាញទឹក​និង​អគ្គិសនី​ដល់ផ្ទះ​ស្នាក់នៅ​និង​ផ្ទះជួល​របស់​កម្មករនិយោជិត​និង​ការ​កែប្រែ​ឥរិយាបថ​របស់​ក្រុមគ្រូពេទ្យ​ក្នុង​ការផ្តល់សេវា​ដល់​កម្មករ​ដែល​ការងារ​នេះ​ក្រសួង​នឹង​ត្រូវ​ធ្វើការ​ពិភាក្សា​បន្ត​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ឲ្យ​កម្មករ​ទទួលបាន​សេវា​សុខាភិបាល​កាន់តែ​ល្អប្រសើរ​។

លោក​អាត់​ធន​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុ​ជា​នៅ​មិនទាន់​គាំទ្រ​ទាំងស្រុង​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១៨២​ដុល្លារ​នេះ​នៅឡើយ​ទេ​។

តែ​យ៉ាងណាក៏ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា ​«​ប្រាក់​ឈ្នួល​ថ្មី​នេះ​វា​សមល្មម​ហើយ​ដែល​យើង​ទាំងអស់គ្នា​អាច​ទទួលយកបាន​ទោះបីជា​មិនបាន​ដូច​អ្វី​ដែល​បានទាមទារ​កន្លងមក​ក៏ដោយ​»​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ធ្វើយ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​ទំនិញ​ចំណីអាហារ​និង​ម្ចាស់​ផ្ទះជួល​ដំឡើងថ្លៃ​ដើម្បី​កុំ​ឲ្យ​កម្មករ​ចំណាយ​បន្ថែម​ទៀត​ បន្ទាប់ពី​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​នោះ។

​លោក​បណ្ឌិត ​អ៊ិត ​សំហេង​ បាន​គាំទ្រ​ទៅនឹង​សំណើ​នេះ​ដោយ​លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ការ​អំពាវនាវ​ដ​ល់​ម្ចាស់​ផ្ទះជួល​ទាំងឡាយ​សូម​បន្ត​ការគោរព​ទៅតាម​ច្បាប់​ភតិសន្យា​សម្រាប់​ការគ្រប់គ្រង​ថ្លៃឈ្នួល​ផ្ទះ​នេះ​កុំ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល ​និង ​ទំនិញ​និង​ម្ហូបអាហារ​ផ្សេងៗ​ត្រូវ​រក្សា​តម្លៃ​នៅ​ដដែល​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​កម្មករ​ពេល​ដែល​ប្រាក់​ឈ្នួល​កម្មករ​ត្រូវ​បាន​ដំឡើង​នោះ។



ចំណែក​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​ ប្រាក់​ឈ្នួល​ថ្មី​ចំនួន​១៨២​ដុល្លារ​នេះ​ វា​ជា​ចំនួន​មួយ​ដ៏​ច្រើន​ហើយក៏​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សម្រាប់​ភាគី​និយោជក​ដែរ​។

ប៉ុន្តែ​លោក​បាន​ស្នើ​ថា ​ទន្ទឹម​នឹង​ប្រាក់​ឈ្នួល​ដំឡើង​ហើយ ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវតែ​ផ្តោត​ទៅ​លើ​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​កម្ពុជា​ដែល​ត្រូវធ្វើ​បន្តទៀត។

លោក​កាំ​ង​ម៉ូ​នី​កា​បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ ដែល​បាន​បញ្ចុះតម្លៃ​អគ្គិសនី​សម្រាប់​និយោជន​ ដែល​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០១៩ ​តទៅ​បើ​ទោះបីជា​មិនបាន​១០០​ភាគរយ​ក៏ដោយ​ដែល​បាន​ជួយ​សម្រួល​ដល់​សម្ពាធ​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu