តាកែវ ៖ កុំព្យូទ័រលើតុចំនួន៧ គ្រឿង កុំព្យូទ័រយួរដៃ៨គ្រឿង ម៉ាស៊ីនព្រីនធើ១១គ្រឿង LCD Projector ០១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោក ហ៊ុន ម៉ាណែត ត្រូវបានក្រុមការងារ យក មកប្រគល់ជូនដល់១០ អង្គភាពនៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវ កាលពីចុងសប្តាហ៍មុន។
ចំពោះអង្គភាពដែលត្រូវបានទទួលសម្ភារៈខាងលើរួមមាន សាលាស្រុក រដ្ឋបាលឃុំគោកធ្លក ប៉ុស្តិ៍នគរបាលគោកធ្លកមណ្ឌលសុខភាពគោកធ្លក បឋមសិក្សាគោកធ្លក បឋមសិក្សា ព្រែកតាផ អនុវិទ្យាល័យភ្នំដា អនុវិទ្យាល័យព្រែកផ្ទោល ការិយាល័យធម្មការស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ខេត្តតាកែវ។
ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកអង្គរបូរី ដែលមានការចូលរួមពីសំណាក់តំណាងអង្គភាពនីមួយៗនិងក្រុមការងារលោកហ៊ុន ម៉ាណែត។
ជំនួសមុខអោយអង្គភាពទាំង១០ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខចំពោះការងារមន្ត្រីរាជការ និងប្រជាពលរដ្ឋ។ លោកបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ចំពោះអំណោយដ៏ថ្លៃថ្លានេះ ព្រោះវាមានប្រយោជន៍ ដែលអាចជួយសម្រួលក្នុងកិច្ចការងារទូទៅ ក៏ដូចជាសម្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
សូមរំលឹកថា អំណោយជាកុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រខាងលើនេះ ត្រូវបានលោក ហ៊ុន ម៉ាណែត ប្រកាសផ្តល់ជូនតបតាមការស្នើសុំរបស់អង្គភាពទាំ១០ចំណុះអោយរដ្ឋបាលស្រុកអង្គរបូរី កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធី សម្ពោធដងទង់ និងសមិទ្ធផលនានាក្នុងវត្តភ្នំដា ស្ថិតក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវកន្លងទៅ៕
Source: Kampuchea Thmey Daily
0 Comments