បាត់ដំបង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន គឺបានកើតឡើងយ៉ាងញឹកញាប់ជាទីបំផុត នៅតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ជាក់ស្តែងគឺយុវជនម្នាក់ បានស្លាប់ភ្លាមៗរហូតផ្ទុះលលាដ៏ក្បាល ខណៈដែលគេបានបើកបរម៉ូតូចេញពីផ្លូវលំ ឡើងទៅលើផ្លូវជាតិខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរថយន្តបុកតែម្តង។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៤០ នាទី រសៀល ថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៨ នៅត្រង់ចំណុច ភូមិថ្មី ឃុំត្រាង ស្រុកកំរៀងខេត្ត បាត់ដំបង រវាង នករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ម៉ាក អ៊ីស៊ុយហ្សុយ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 3B.9982 ជាមួយ និង ម៉ូតូ ម៉ាកហុងដា (ធូដេកូនទា) ពណ៌ស្លាទុំ គ្មានស្លាក លេខ។
យោងតាមរបាយការរបស់សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺរថយន្តខាងលើ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ ៥៩ ក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូ ( កូនទា ) បានបើកចេញពីផ្លូវលំឡើងមកលើផ្លូវជាតិ ទើបត្រូវរថយន្តបុកពេញតែម្តង ព្រមទាំងបានបង្កអោយភាគីម៉ូតូ ស្លាប់ភ្លាមនៅនិងកន្លែង។
ជនរងគ្រោះមានឈ្មោះ វណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង (ស្លាប់)នៅនឹងកន្លែងកើតហេតុ ។ ដោយភ្លាមៗនោះដែរ មុនពេលសមត្ថកិច្ចចុះទៅដល់ គឺអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ទៅហើយ ដោយឡែកសព ក៏ត្រូវបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ ក៏បាននាំយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំរៀង បណ្តោះអាសន្ន៕
Source: Kampuchea Thmey Daily
0 Comments