ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានប្រកាសចែកផ្លូវជាមួយកីឡាករ លី សារ័ត្ន និង ប្រាក់ សុវណ្ណពិសិដ្ឋ ក្រោយចំណាយពេលជិត១០ឆ្នាំហ្វឹកហាត់ជាមួយក្លិបចាប់តាំងពីថ្នាលយុវជនរហូតឈានដល់ក្រុមធំ គិតត្រឹមរដូវកាលឆ្នាំ២០១៨កន្លងទៅ។
យោងតាមសេចក្តីប្រកាសរបស់ក្លិបបានបញ្ជាក់ថា ខ្សែការពារស្លាបទាំង២នាក់បានចំណាយពេលច្រើនឆ្នាំជាមួយក្លិបជាក់ស្តែងដូចជា សារ័ត្ន ចាប់ផ្តើមបានហ្វឹកហាត់ជាមួយក្រុមអំឡុងឆ្នាំ២០១០ ក្នុងក្រុមយុវជនថ្នាលអាយុក្រោម១៦ឆ្នាំ និងត្រូវបានជ្រើសរើសឲ្យមកលេងក្រុមធំនៅឆ្នាំ២០១៣ ដោយឆ្នាំដំបូងរបស់គេ គឺបានឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីគដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។ សរុបជាមួយរូបគេធ្លាប់បានឈ្នះពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ចំនួន១លើក និង២លើក ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៥ និង ២០១៧។
ចំណែក ប្រាក់ សុវណ្ណពិសិដ្ឋ ដែលជាកូនប្រុសបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា វិញ បានចូលរួមហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលអាយុក្រោម១៣ឆ្នាំរបស់ក្លិបនាអំឡុងឆ្នាំ២០១០ ខណៈត្រូវបានដំឡើងឲ្យលេងក្រុមធំនាពាក់កណ្តាលឆ្នាំ២០១៥ និងក្រសោបពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៧ ដែលជាពានអាជីពលើកដំបូងរបស់គេធ្លាប់ឈ្នះជាមួយក្លិប។
ក្លិបបានបញ្ជាក់ថា កីឡាករទាំង២រូបនេះនឹងបន្តស្វែងរកក្លិបអាជីពថ្មីផ្សេងទៀតដើម្បីអភិវឌ្ឍន៍អាជីពរបស់គេ ស្របពេលគ្រប់គ្នាក្នុងក្លិបបានអរគុណកីឡាករទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គេហើយក្លិបសូមជូនពរឲ្យមានសំណាងល្អសម្រាប់ថ្ងៃអនាគត។
ថ្មីៗនេះក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះបានទើបតែចែកផ្លូវជាមួយកីឡាករយុវជនចំនួន៦នាក់ ក្នុងនោះមានខ្សែបម្រើ ម៉ន កក្កដា, អ្នកចាំទី អ៊ឹម រិទ្ធា និងខ្សែការពារ ផួង សុខរក្សា, កែវ សារ៉េត, ផក សិហា និង ទេព វាសនាកុមារពិទូរ្យ។ ចំណែកកីឡាករបរទេសវិញក្លិបក៏បានបញ្ចប់កិច្ចសន្យាជាមួយកីឡាករបរទេស៣នាក់និងបន្តកិច្ចសន្យាជាមួយកីឡាករបរទេស២នាក់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments