Ad Code

សាលា ប៊ែ​ល​ធី អន្តរជាតិ​ទី​១៩ (​សាខា​ផ្សារ​ព្រែកលៀប​)​ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ



ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ប៊ែ​ល​ធី បាន​ប្រារព្ធ​ពិធីសូត្រមន្ត បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទី​១៩ (​សាខា​ផ្សារ​ព្រែកលៀប​) ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​លោកស្រី​។

អគារ​ប៊ែ​ល​ធី​ទី​១៩​នេះ មាន​កម្ពស់ ៨​ជាន់ ក្នុងនោះ​ជាន់​ក្រោម​ដី គឺជា​ចំណត និង​មាន​បន្ទប់​សិក្សា ៧០​បន្ទប់ ដែលមាន​សិស្ស​ចុះឈ្មោះ​ចូលរៀន​ប្រមាណ ៦០០​នាក់ និង​មាន​កម្មវិធីសិក្សា​ធំៗ​ចំនួន ៥ ដូចជា​៖
១- ថ្នាក់​ចំណេះ​ទូទៅ​(​ថ្នាក់​ទី​១-១២)
២- កម្មវិធី​គណនា​លេខ​រហ័ស IMA
៣- ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ (​គ្រប់​កម្រិត​) ​ ​
៤- វគ្គ​បណ្តុះបណ្តាល​កុំព្យូទ័រ
៥- ថ្នាក់​ត្រៀមប្រឡង​តេស្ត​អន្តរជាតិ (TOEFL & IELTS)

សាលា ប៊ែ​ល​ធី អន្តរជាតិ ក៏បាន​ប​ញ្ចូល កម្មវិធីសិក្សា​បន្ថែម​ធំៗ ចំនួន​៨ លើ​កម្មវិធី​ដែលមាន​ស្រាប់ សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ​រួមមាន​៖ ១-​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ ២-​កម្មវិធី​ពង្រឹងស្មារតី ៣-​កម្មវិធី​ទស្សនកិច្ច​សិក្សា ៤-​កម្មវិធីសិក្សា​តាម​ទូរទស្សន៍ ៥-​កម្មវិធី​ប្រឡង​សំណេរ ៦-​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា ៧-​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ និង ៨-​កម្មវិធី​កីឡា​។​

គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ឆ្នាំ​២០១៨ នេះ សិស្ស​ប៊ែ​ល​ធី ថ្នាក់​ទី​១២ បាន​បន្ត​រក្សា​ជើងឯក​លេខ​១ និង​លេខ​២ ទូទាំងប្រទេស ៤​ឆ្នាំ​ជាប់ៗ​គ្នា ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) និង​មាន​សិស្ស ៤២​នាក់ ទទួលបាន​និទ្ទេស A ហើយ​បានទទួល​អាហារូបករណ៍​ឧកញ៉ា លី ឆេង ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដៃគូ​ល្បីៗ​របស់​ប៊ែ​ល​ធី នៅ​ជុំវិញ​ពិភពលោក​ដូចជាៈ សហរដ្ឋអាមេរិក កាណាដា ជប៉ុន សឹង្ហ​បុរី ចិន ថៃ ម៉ាឡេស៊ី ជាដើម​។​

ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត លី ឆេង ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ មាតាបិតា អាណាព្យាបាល សិស្ស​-​និស្សិត​ទាំងអស់ ដែល​តែងតែ​គាំទ្រ និង​មាន​ទំនុកចិត្ត​ជឿជាក់​មកលើ​សាលា​ ប៊ែ​ល​ធី អន្តរជាតិ ព្រមទាំង​បាន​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​គណៈ​គ្រប់គ្រង​សាខា​នីមួយៗ ដែល​ធ្វើឱ្យ​សិស្សានុសិស្ស ទទួលបាន​នូវ​ចំណេះដឹង ប្រកបដោយ​សីលធម៌ និង​គុណធម៌​ខ្ពស់​។

ជាទី​បញ្ចប់ លោក​បណ្ឌិត បានប្រកាស​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទី​១៩ (​សាខា​ផ្សារ​ព្រែកលៀប​) ចាប់ពី​ថ្ងៃនេះ​តទៅ ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu