សិស្សនិស្សិតបានយំនៅលើមឈូសរបស់មិត្តរួមថ្នាក់កាលពីថ្ងៃសុក្រនៅឯពិធីបុណ្យសពសម្រាប់មនុស្ស២០នាក់ដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀនក្នុងតំបន់ Crimea ដែលជាការសម្លាប់រង្គាលដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់តំបន់នេះ.
ខ្មាន់កាំភ្លើង Vladislav Roslyakov អាយុ១៨ឆ្នាំបានបើកការបាញ់ប្រហារកាលពីថ្ងៃពុធនៅមហាវិទ្យាល័យបច្ចេកទេសមួយក្នុងទីក្រុង Kerch មុនពេលសម្លាប់ខ្លួន។ មនុស្សជាង៤០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ។
មេដឹកនាំឧបទ្វីបដែលកាត់បញ្ចូលជាឧបសម្ព័ន្ធដោយក្រុងមូស្គូមួយនេះលោក Sergei Aksyonov បានប្រាប់ហ្វូងមនុស្សរាប់រយនាក់នៅទីលានកណ្តាលរបស់ទីក្រុង Kerch ថា “ខ្ញុំមិនចង់និយាយទេ ពួកយើងចង់យំ”។ លោកបាននិយាយថា “ប្រវត្តិសាស្ត្រនៅតំបន់ Crimea នឹងត្រូវបានបែងចែកជាពីរមុននិងក្រោយថ្ងៃទី១៧ខែតុលា។ យើងត្រូវការភាពរឹងមាំនិងភាពក្លាហាន”។
លោក Aksyonov បានដាក់ផ្កាកុលាបពណ៌ក្រហមនៅមុខមឈូសនីមួយៗនៅឯពិធីនោះហើយបន្ទាប់មកបានបន្តដំណើរទៅកាន់ទីបញ្ចុះសពថ្មីរបស់ទីក្រុង។
និស្សិតរាប់រយនាក់មកពីមហាវិទ្យាល័យបច្ចេកទេសបានចូលរួមនៅទីលាននេះរួមទាំងស្ត្រីវ័យក្មេងដែលរងរបួសម្នាក់ជិះក្នុងរទេះរុញផងដែរ។
សន្តិសុខត្រូវបានបង្កើននៅក្នុងទីក្រុងដែលមានប្រជាជន១៥០,០០០នាក់មួយនេះនៅភាគខាងកើតឧបទ្វីប Crimea ។ ផ្លូវកណ្តាលទាំងអស់ត្រូវបានបិទ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោកស្រី Veronika Skvortsova បាននិយាយថា ក្នុងចំណោមអ្នកដែលរងរបួសនៅក្នុងការវាយប្រហារនេះនៅតែមានមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ចំណែករដ្ឋមន្ត្រីសុខាភិបាល Crimea លោក Alexander Golenko បាននិយាយថា មនុស្សប្រាំបួននាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុងមូស្គូដើម្បីព្យាបាលបន្ថែមទៀត។
កាលពីថ្ងៃព្រហស្បតិ៍ ក្មេងស្រីម្នាក់ដែលអះអាងថាជាអតីតសង្សាររបស់ខ្មាន់កាំភ្លើង Roslykov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា គាត់បាននិយាយពីការសងសឹកចំពោះការសម្លុតធ្វើបាប៕ AFP
Source: Kampuchea Thmey Daily
0 Comments