សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានប្រកាសដាក់លក់សំបុត្រ ចាប់ពីថ្ងៃសុក្រ សប្ដាហ៍នេះតទៅហើយ សម្រាប់មហាជនចូលទស្សនាក្នុងប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់បាល់ទាត់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 ពេលជម្រើសជាតិកម្ពុជា ទទួលក្រុមជម្រើសជាតិឡាវ នៅដើមសប្ដាហ៍ក្រោយ។
នៅលើហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា សំបុត្រនេះមានលក់នៅពហុកីឡដ្ឋានជាតិ និងតាមរយៈកម្មវិធី PiPay ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៦ ល្ងាចនៅរៀងរាល់ថ្ងៃនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ មុនការប្រកួតមករវាងក្រុមកម្ពុជា ជាមួយឡាវ ក្នុងពូល A នៃពានរង្វាន់ AFF Suzuki Cup នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។
ចំណែកតម្លៃសំបុត្រ ក៏មិនខុសពីពេលកម្ពុជា បើកទ្វារផ្ទះទទួលក្រុមម៉ាឡេស៊ី នោះទេគឺបែងចែកជា២ប្រភេទគឺប្រភេទ ថ្លៃ១២,០០០៛ សម្រាប់អ្នកអង្គុយនៅផ្នែកវេទិកា និងប្រភេទ ទី២ថ្លៃ ៦,០០០៛ សម្រាប់អ្នកអង្គុយនៅបរិវេណអត់មានដំបូលនៃកីឡដ្ឋាន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្នុងម៉ោងធ្វើការទៅកាន់លេខ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០។
ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះបឋមគឺទីម័រខាងកើត។ ក្រុមដែលឈ្នះនឹងឡើងទៅលេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រជាបន្តដើម្បីរកម្ចាស់ជើងឯកប្រចាំសម័យកាល។ តាមគម្រោងការប្រកួតនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។
ក្រុមកម្ពុជា នៅសល់២ប្រកួតក្នុងដៃ ទៀតសម្រាប់វគ្គជម្រុះតាមពូលនេះ តែមិនទាន់អស់ឱកាសប្រជែងកៅអីឡើងទៅវគ្គបន្តទោះបីជា២ប្រកួតកន្លងមកសុទ្ធតែបរាជ័យក៏ដោយ។ ២ប្រកួតកន្លងមកកម្ពុជា បានចាញ់ម៉ាឡេស៊ី ១ទល់០ និងចាញ់មីយ៉ាន់ម៉ា ៤ទល់១។ បើមើលតារាងចំណាត់ថ្នាក់ពូល A ម៉ាឡេស៊ី មាន៦ពិន្ទុ ហើយមីយ៉ាន់ម៉ា និងវៀតណាម មាន៣ពិន្ទុ ខណៈកម្ពុជា និងឡាវ មិនទាន់មានពិន្ទុនោះទេ៕
Source: Kampuchea Thmey Daily
0 Comments