ភ្នំពេញ ៖ បទបញ្ជា ចៅហ្វាយក្រុង និងលោកស្នងការ ដែលហាមមិនឲ្យរថយន្តធុនធំចូលក្រុង ពេលព្រឹក និងពេលថ្ងៃ ហាក់គ្មានប្រសិទ្ធភាពសោះឡើយ ខណៈរថយន្តធុនធំដឹកទំនិញនៅតែបន្ត បើកចូលក្រុងដដែល រហូតដល់បង្កឲ្យមានគ្រោះថ្នាក់បុករះរថយន្ត និងរ៉ឺម៉កជាច្រើនគ្រឿង បណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធុនធំនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅគល់ស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកហីយិនដាយ ពាក់ស្លាកលេខ កំពង់ចាម 3A 4814 ដឹកទំនិញពេញរថយន្ត។
សាក្សីនិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កបើកឡើងស្ពានច្បារអំពៅ ពីកើតទៅលិច ដឹកទំនិញពេញប្រៀប ខណៈមកដល់ចំណុចកើតហេតុគល់ស្ពានព្រះមុនីវង្ស ត្រើយខាងលិច រថយន្តបង្កចាប់ហ្វ្រាំងជាន់មិនស៊ី ក៏ជ្រុលទៅបុករថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-2830 បណ្ដាលឲ្យខូចខាតមួយកំណាត់ក្រោយទាំងស្រុង ហើយរថយន្តព្រូស ក៏ហោះទៅប៉ះរថយន្តមួយគ្រឿងទៀត ម៉ាកព្រូស ពណ៌ស្ករ មិនមានស្លាកលេខ បណ្ដាលឲ្យស្រុញមួយកំណាត់ក្រោយ និងរថយន្តកាមរីបាឡែនមួយគ្រឿង មិនចាំស្លាកលេខ ខូចខាតបន្តិច មិនចង់មានរឿងវែងឆ្ងាយ ក៏បើកចេញពីកន្លែងកើតហេតុបាត់ ភ្លាមនោះ ម្ចាស់រថយន្តបង្កភ័យពេក ក៏បួងចង្កូតឲ្យផុតពីរថយន្ត និងម៉ូតូ ក៏ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កស្រុញក្បាលគាបតៃកុង និងព្រូរងរបួសធ្ងន់ (បាក់ជើង) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌចំការមន បានចុះមកដល់ចំណុចកើតហេតុ ទំនាក់ទំនងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្ក និងរថយន្តទាំង៣គ្រឿងដែលរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។
សូមបញ្ជាក់ថា ករណីនេះ មិនមែនជាលើកទីមួយទេ ជាក់ស្ដែងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
រថយន្តធុនធំ ពាក់ស្លាកលេខរថយន្ត ភ្នំពេញ3A7503 ដែលរបស់ លោក ហាក់ ម៉ៅ ដែលមានឥទ្ធិពលមួយរូប បានបើកចូលក្រុង ទាំងព្រឹក បង្កគ្រោះថ្នាក់ បុករះម៉ូតូ រថយន្តជាង១០គ្រឿង រួចជ្រុលទៅបុក ហាងលក់ មីហិល និងផ្ទះលក់ម៉ាស៊ីនត្រជាក់ បាក់សំយាបផ្ទះធ្លាក់ បណ្ដាលឲ្យមនុស្សក្មេង ចាស់៥នាក់ បានរងរបួសធ្ងន់ស្រាល។
កន្លងមកជុំវិញករណីរថយន្តធុនធំ បើកចូលក្រុងភ្នំពេញនេះដែរ អ្នកលេងហ្វេកប៊ុកបានធ្វើការរិះគន់ ទៅលើ សេចក្ដីណែនាំ ក៏ដូចជាបទបញ្ជា បម្រាមរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ស ថេត ស្នងការនគរបាលក្រុង «សាបដូចទឹកទន្លេ » ហាក់ មិនត្រូវបានសមត្ថកិច្ច និងមន្ត្រី អាជ្ញាធរ ថ្នាក់ក្រោម នៅតាមបណ្ដា សង្កាត់ ខណ្ឌ ទូទាំងរាជធានីភ្នំពេញ អនុវត្តតាមឡើយ៕
Source: Kampuchea Thmey Daily
0 Comments