Ad Code

សំណុំរឿង​០០២​វគ្គ​២ ៖ សាលាក្តី​សម្រេច​ផ្តន្ទាទោស នួន ជា និង ខៀវ សំផន ដាក់គុក​អស់​មួយជីវិត



លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន​ ៖ ចាប់តាំងពី​របប​ខ្មែរក្រហម ត្រូវបាន​ដួលរលំ​នៅ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ កម្ពុជា​មិនដែល​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឡើយ ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព

ភ្នំពេញ ​៖ តាម​ការ​គ្រោងទុក កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បានប្រកាស​សាលក្រម​លើ​សំណុំរឿង​០០២ វគ្គ​២ ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ហើយ​បើតាម​សាលក្រម​នោះ ចៅក្រម​បានសម្រេច​ផ្តន្ទាទោស​នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារ​អស់​មួយជីវិត ហើយ​ក៏បាន​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ជំទាស់​តាម​ទម្រង់​ច្បាប់​ផងដែរ​។​

ពិធី​ប្រកាស​សាលក្រម​លើ​សំណុំរឿង​០០២/០២ ដែលមាន​ជន​ត្រូវ​ចោទ នួន ជា និង ខៀវ សំផន នេះ មាន​អ្នកចូលរួម​ប្រមាណ​១០០០​នាក់ មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ រួមមាន ជនរងគ្រោះ សិស្ស យុវជន ឥស្សរជន​ជាន់ខ្ពស់ និង​បណ្តា​អង្គទូត​នានា ហើយ​ព្រឹត្តិការណ៍​ជាតិ​ប្រវត្តិសាស្ត្រ​នេះ ក៏មាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​.​ទ​.​ក (TVK) និង​ទូរទស្សន៍​ឯកជន​ដទៃទៀត​ផងដែរ​។ ជាមួយគ្នា​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​សម្រាប់​ទ្រទ្រង់​ដំណើរការ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា និង​លោក Miguel de Serpa Soares អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ​ផងដែរ​។ សវនាការ​ការប្រកាស​សាលក្រម​នេះ បានចាប់ផ្តើម​នៅ​ម៉ោង​៩ និង​៣០​នាទី រហូតដល់​ម៉ោង ១១ និង​៤០​នាទី​ព្រឹក ដោយ​លោក​ចៅក្រម និល ណុន បាន​អាន​សេចក្តីសន្និដ្ឋាន​សង្ខេប​លើ​សំណុំ​រឿងនេះ ហើយ​ក្រោយពី​អាន​សេចក្តី​សន្និដ្ឋាន​លើ​សំណុំរឿង​០០២/០២​នេះ បានប្រកាស​ផ្តន្ទាទោស​នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារ​អស់​មួយជីវិត​។

ក្រោយ​ប្រកាស​សាលក្រម​ខាងលើនេះ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​បញ្ជាក់​ថា អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បានសម្រេច​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម នួន ជា និង​ខៀវ សំផន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ដែល​ឧក្រិដ្ឋកម្ម​ទាំងនេះ ត្រូវ​បាន​ប្រព្រឹត្ត​នៅ​តាម​ទីកន្លែង​នានា នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ទៅដល់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​១៩៧៩ និង​បាន​បញ្ជាក់​ថា សវនាការ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។

បន្ទាប់ពី​លឺ​ការ​ប្រកាស​សាលក្រម​នេះ ក៏​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​បញ្ចេញយោបល់​ផង​ដែរ ដោយ​ខ្លះ​ពេញចិត្ត និង​ខ្លះទៀត​មិន​ពេញចិត្ត ដោយ​សំអាង​ថា មាន​មនុស្ស​ច្រើន​ទៀត​បាន​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ មិនមែន​មានតែ​២​នាក់​នេះ​ទេ​។

ចំណែក​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ដែល​បាន​ចូលរួម​តាមដាន​ព្រឹត្តិការណ៍​នោះ បាន​មាន​ប្រសា​ស​ន៍​ថា ការប្រកាស​សាលក្រម​នៅ​ថ្ងៃ​នេះ គឺជា​ប្រវត្តិសាស្ត្រ​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា និង​សម្រាប់​មនុស្សជាតិ​ទាំងមូល ពាក់ព័ន្ធ​នឹង​ដំណើរការ​ស្វែងរក​យុត្តិធម៌ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ឧក្រិដ្ឋកម្ម​ព្រហ្មទណ្ឌ​ជាតិ និង​អន្តរជាតិ ។ នៅក្នុង​រយៈកាល​ជិត​៤ ទសវត្សរ៍ ចាប់តាំងពី​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា “​របប​ខ្មែរក្រហម​” ត្រូវបាន​ដួលរលំ​នៅ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ មក កម្ពុជា​មិនដែល​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ស្វែងរក​យុត្តិធម៌​ម្ដងណា​ឡើយ ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព ចំពោះ​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​របប​៣​ឆ្នាំ​៨ ខែ​២០​ថ្ងៃ ដែល​ធ្វើអោយ​ប្រជាជន​របស់​យើង​រាប់លាន​នាក់​បាន​បាត់បង់​ជីវិត​។​



​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហៅ​កាត់​ថា អ​.​វ​.​ត​.​ក ដោយមាន​ការចូលរួម​ពី​សហគមន៍​អន្តរជាតិ ដែល​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​មិន​ធ្លាប់មាន​ពីមុនមក​។ គោលបំណង​របស់​យើង គឺ​ដើម្បី​ស្វែងរក​យុត្តិធម៌ ក្នុង​ក្របខណ្ឌ​សន្តិភាព​ស្ថេរភាព​នយោបាយ និង​ការបង្រួបបង្រួម​ជាតិ ដែលជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ក្នុង​ការគោរព និង​ការ​ចងចាំ​ដល់​ជនរងគ្រោះ​ទាំងអស់ ដើម្បី​ជួយ​ពង្រឹង​នីតិរដ្ឋ​នៅក្នុង​ប្រទេស និង​ដើម្បី​ធានា​កុំ​ឲ្យ​មាន​សោកនាដកម្ម​បែបនេះ​កើតឡើង​សាជាថ្មី​នៅ​ប្រទេស​កម្ពុជា ឬ​នៅ​ទី​ណាៗ​ទាំងអស់​ក្នុង​ពិភពលោក​។

រហូតមកដល់​ពេលនេះ អ​.​វ​.​ត​.​ក បានបញ្ចប់​ជា​ស្ថាពរ​នូវ​សំណុំរឿង​ចំនួន ៣ រួមមាន ទី​១. សំណុំរឿង​០០១ ចំពោះ​ពិរុទ្ធជន កាំ​ង​ហ្កេ​ច​អ៊ា​វ ហៅ​ឌុ​ច ដែល​បាន​នឹង​កំពុង​អនុវត្ត​ទោស​មួយ​ជីវិត​នៅ​ពន្ធនាគារ ទី​២. សំណុំរឿង​០០២ ដំណាក់កាល​ទី​១ ចំពោះ​ជនជាប់ចោទ នួន ជា និង​ខៀវ សំផន ដែល​ត្រូវបាន​អង្គ​ជំនុំ​ជំ​រះ​តុលាការ​នេះ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លង​មក​នេះ និង​ទី​៣. សំណុំរឿង​០០៤ វគ្គ​១ ចំពោះ​ជនសង្ស័យ អ៊ឹម ចែម ដែល​ត្រូវបាន​លើកលែង​ការចោទប្រកាន់​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ កន្លងមក​។

ចំពោះ​សំណុំរឿង​០០២ ដំណាក់កាល​ទី​២ អង្គជំនុំជម្រះ​សាលាដំបូង​បានធ្វើ​សវនាការ​រយៈពេល​ចំនួន​២៨៣​ថ្ងៃ លើ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ស្ដីពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ប្រឆាំង នឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន​។ នៅក្នុង​អំឡុង​ពេល​សវ​នា​ការ​នេះ អង្គជំនុំជម្រះ​សាលាដំបូង​បាន​ស្ដាប់​សក្ខីកម្ម​ពី​បុគ្គល​សរុប​ចំនួន​១៨៥​នាក់ ក្នុងនោះ​មាន​សាក្សី​បញ្ជាក់​អង្គហេតុ​ចំនួន​១១៤​នាក់ ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន​៦៣​នាក់ និង​អ្នកជំនាញ​ចំនួន​៨​នាក់​។ សវនាការ​នេះ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន ដោយមាន​សាធារណជន​ចូលរួម​ស្តាប់ និង​តាមដាន​ដោយ​ផ្ទាល់​សរុប​ចំនួន​៨២៧៨០​នាក់។ សំណុំរឿង​០០២ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​សំណុំរឿង​ដ៏​សំខាន់​ជាងគេ​បង្អស់ នៅក្នុង​សាវតា​នៃ​ប្រព័ន្ធ​យុត្តិធម៌​អន្តរជាតិ​ចាប់តាំងពី​ការ​ជំនុំ​ជំ​រះ​ក្តី​នៅ នូ​រិម​ប៊ើ​ក ប្រទេស​អាឡឺម៉ង់ ដោយហេតុថា សាលា​ក្តី​បាន​ចោទប្រកាន់​មេដឹកនាំ​ជាន់ខ្ពស់​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​នៅ​មាន​ជីវិត​ចំនួន​៤​រូប​តែម្ដង​។ តែ​គួរ​ឲ្យ​សោកស្ដាយ​ជនជាប់ចោទ​ចំនួន​ពីររូប គឺ អៀង សារី និង​អៀង ធី​រិ​ទ្ធ មិនបាន​រស់នៅ ដើម្បី​ប្រឈមមុខ​ជាមួយ​តុលាការ​ទេ ខណៈដែល​ជនរងគ្រោះ​ជាច្រើន​ទៀត ក៏បាន​លាចាក​លោក​ដោយ​ពុំ​បានឃើញ​យុត្តិធម៌​សម្រាប់​ពួកគេ​នៅឡើយ​។

តាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក្រៅពី​ទិ​ដ្ធ​ភាព​យុត្តាធិការ សាលាក្តី​នេះ ក៏​សម្រេចបាន​នូវ​សមិទ្ធផល​មិនមែន​ផ្នែក​តុលាការ​មួយ​ចំនួន​ទៀត ដូចជា ទី​១. កេរ្តិ៍ដំណែល​របស់ អ​.​វ​.​ត​.​ក ត្រូវ​បាន​ចាត់ទុកជា​ក​ត្តា​ដ៏​សំខាន់​បំផុត ដែល​គួរ​ថែរក្សា​ទុក និង​ផ្ដល់​ឱកាស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែល​រួមមាន ការ​ចងចាំ ការទប់ស្កាត់​របប​ប្រល័យពូជសាសន៍ និង​ការអប់រំ ក៏ដូចជា​ការ​កសាង​សមត្ថភាព និង​ការ​ពង្រឹង​ស្ថាប័ន ក្នុង​វិស័យ​យុត្តិធម៌​។ នៅពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់​ឆ្នាំ​ជា​ទិវា​ជាតិ នៃ​ការចងចាំ និង​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ផងដែរ​។​

ទី​២. អ​.​វ​.​ត​.​ក ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ថា ជា​តុលាការ​កូនកាត់​គំរូ​មួយ​សម្រាប់​ធ្វើ​ការវិនិច្ឆ័យ និង​ឧក្រិដ្ឋកម្ម និង​ការ​សម្លាប់​រង្គាល​។ មាន​ប្រទេស​ខ្លះ កំពុងស្ថិត​ក្នុង​ដំណាក់កាល​គិតគូរ និង​ប្រទេស​ខ្លះទៀត​បាននឹងកំពុង​បង្កើត​ជា​បណ្ដើរៗ​ដូចជា បង់​ក្លា​ដេ​ស ស្រីលង្កា កេ​ន​យ៉ា សេ​ណេ​ហ្គា​ល់ និង​អាហ្វ្រិក​កណ្តាល​ជាដើម​។

ទី​៣. ជនរងគ្រោះ​ប្រមាណ​៤​ពាន់​នាក់ ត្រូវបាន​ទទួលស្គាល់​ជាដើម​បណ្តឹង​រដ្ឋប្បវេណី នៅក្នុង​សំណុំរឿង​០០២ ហើយក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ដោយ​ផ្ទាល់​នៅក្នុង​ដំណើរការ​ជំ​រះ​ព្រមទាំង​មាន​សិទ្ធិ​ទាមទារ​សំណង​ផ្លូវចិត្ត និង​ជា​សមូហភាព​ផងដែរ​។ ត្រង់​ចំណុច​នេះ អ​.​វ​.​ត​.​ក​បានផ្ដល់​ជា​គំរូ​មួយ នឹង​ក្លាយជា​ជំហាន​នាំមុខ​ដ៏​សំខាន់​ជាងគេ បើ​ប្រៀបធៀប​ទៅនឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដទៃទៀត​។


ទី​៤. សាធារណៈ​ជនកម្ពុជា​ជាង​កន្លះ​លាន​នាក់ បាន​មក​ឃើញ​ដំណើរការ​ស្វែងរក​យុត្តិធម៌​នៅ​សាលាក្តី ដោយ​ផ្ទាល់ ឬ​តាមរយៈ​សកម្មភាព​ផ្សព្វផ្សាយ ដែល​រៀបចំ​ដោយ​ផ្នែក​កិច្ចការ​សាធារណៈ អង្គភាព​គាំពារ​ជនរងគ្រោះ និង​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​។

ទី​៥. មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​សាលា​ដទៃ​ត្រូវបាន​បង្កើតឡើង​តាំងពី​ចុងឆ្នាំ​២០១៥ ដែល​មាន​តួនាទី​តម្កល់​ឯកសារ​ច្បាប់ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ដំណើរការ​ជំនុំជម្រះ​ក្តី​របស់ អ​.​វ​.​ត​.​ក សម្រាប់​ឲ្យ​សាធារណជន​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ មក​សិក្សា​ស្វែងយល់​។

​ទី​៦. ប្រវត្តិសាស្ត្រ​ស្ដីពី​របប​ខ្មែរក្រហម​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​ថ្នាក់​ទី ១២ កម្រិត​វិទ្យាល័យ សម្រាប់​ឱ្យ​សិស្ស និង​យុវជន​ជំនាន់​ក្រោយ​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​របស់ខ្លួន​។

ទី​៧. ទស្សនទាន ស្ដីពី​រដ្ឋបាល​តុលាការ ដែល​យក​គំរូ​តាម​សាលាក្តី​ត្រូវបាន​បង្កើតឡើង និង​បញ្ចូល​ទៅក្នុង​ច្បាប់​អង្គការ​ទាំងបី នៃ​ប្រព័ន្ធយុត្តិធម៌ នឹង​ត្រូវបាន​ដាក់ឱ្យអនុវត្ត​នូវ​ប្រព័ន្ធ​តុលាការជាតិ​។ បច្ចុប្បន្ននេះ​តុលាការជាតិ គ្រប់លំដាប់​ថ្នាក់ មាន​អង្គភាព​អចិន្ត្រៃយ៍​មួយ​ហៅថា រដ្ឋបាល​តុលាការ ដើម្បី​ធ្វើអោយ​សេវាសាធារណៈ​ផ្នែក​យុត្តិធម៌ កាន់​តែមាន​ប្រសិទ្ធភាព​ដល់​អ្នកប្រើប្រាស់​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានលើកឡើង​ទៀតថា ទោះបីជា​ដំណើរការ​កាត់ក្តី របស់​បាន​ប្រព្រឹត្តទៅ​យូរ​ជាង​ការរំពឹងទុក និង​រហូតមក​ដល់ពេលនេះ បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​២៩៧​លាន​ដុល្លារ​អាមេរិក ដែល​ទទួលបាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្ដល់ជំនួយ​ជាង​៣៥ ប្រទេស​ទៀតផង​ក៏ដោយ ក៏​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​រាជរដ្ឋាភិបាល​កម្ពុជា អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​ផ្តល់ជំនួយ​ទាំងអស់ បាន​សំដែង​ទស្សនៈ​ដូចគ្នា​ថា អ​.​វ​.​ត​.​ក បាននឹងកំពុង​សម្រេច​នូវ​សមិទ្ធផល​ទាំង​ផ្នែក​យុត្តាធិការ និង​មិនមែន​ផ្នែក​យុត្តាធិការ​យ៉ាងច្រើន​។ ជាងនេះទៅទៀត​សាលាក្តី ក៏​បាននិងកំពុង​បន្សល់ទុក​កេរដំណែល​ដ៏​ល្អ នៅក្នុង​សង្គម​កម្ពុជា​ផងដែរ ហើយ​ក៏បាន​ផ្ទេរ​ចំណេះដឹង និង​បទពិសោធន៍ ទៅ​តុលាការជាតិ និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ ព្រមទាំង​បង្កើតបានជា​យុទ្ធសាស្ត្រ​មួយចំនួន​សម្រាប់​រួមចំណែក​ក្នុង​ប្រព័ន្ធយុត្តិធម៌​អន្តរជាតិ​។



​ជាមួយគ្នា​នោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​សំដែង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក​ទាំងឡាយ ដែល​បាន​ចូលរួមចំណែក​នៅក្នុង​ដំណើរការ​នេះ រួមមាន​ចៅក្រម មេធាវី មន្ត្រី​ច្បាប់ និង​បុគ្គលិក​សាលាក្តី​ទាំងអស់ ទាំង​ភាគី​ជាតិ និង​អន្តរជាតិ ព្រមទាំង​ប្រជាជន និង​បណ្ដា​រដ្ឋាភិបាល​នានា ដែល​បានផ្ដល់​ថវិកា ហើយ​ជា​សក្ខីកម្ម​ជាក់ស្ដែង​នៅពេល​ប្រកាស​សាលក្រម​សំណុំរឿង​០០២ ដំណាក់កាល​ទី​២ នេះ ក៏មាន​ការចូលរួម​ពី​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ផងដែរ​។



សូម​រម្លឹកថា សវនាការ​ដេញដោល ពិនិត្យ​ភ័ស្តុតាង​លើ​សំណុំរឿង​០០២ ដំណាក់កាល​ទី​២ នេះ​បានចាប់ផ្តើម ដោយ​ការធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៤ និង​បានបញ្ចប់​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​។ សរុបមក ការជំនុំជម្រះ រួមទាំង​ការ​ស្តាប់​សេចក្តីសន្និដ្ឋាន បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល លើ​សំណុំរឿង​០០២/០២ មាន​រយៈពេល​ចំនួន​២៨៣ ថ្ងៃ​។ ក្នុងអំឡុងពេល​សវនាកា​រ​នេះ អង្គជំនុំជម្រះ​សាលាដំបូង បាន​ស្តាប់​សក្ខីកម្ម​ពី​បុគ្គល​សរុប​ចំនួន​១៨៥ នាក់ ក្នុងនោះ មាន​សាក្សី​បញ្ជាក់​អង្គហេតុ​ចំនួន​១១៤ នាក់ ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​៦៣ នាក់ និង​អ្នកជំនាញ​ចំនួន​៨ នាក់​។ ជនជាប់ចោទ ដែល​ត្រូវ​ជំនុំជម្រះ ក្នុង​សំណុំរឿង​០០២ ដំណាក់កាល​ទី​២ មាន នួន ជា ដែលជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​
​បទ​ចោទ​នៅក្នុង​សំណុំរឿង​០០២ ដំណាក់កាល​ទី​០២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ពាក់ព័ន្ធ​ទៅនឹង​ទីតាំង​ឧក្រិដ្ឋកម្ម និង​ការចោទប្រកាន់​លើ​អង្គហេតុ ដូចជា ការដ្ឋាន​ការងារ និង​សហករណ៍ នៅ​ត្រាំកក់ ខេត្តតាកែវ និង​ការដ្ឋាន​ព្រលានយន្តហោះ នៅ​ខេត្តកំពង់ឆ្នាំង ជាដើម​។ អង្គជំនុំជម្រះ ក៏បាន​បើកសវនាការ​ដេញដោល​ពិនិត្យ​ភស្តុតាង​លើ​ការចោទប្រកាន់​អំពី​លក្ខណៈ នៃ​ជម្លោះ​ប្រដាប់អាវុធ រវាង​កម្ពុជា​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​សង្គមនិយម វៀតណាម តួនាទី​របស់​ជនជាប់ចោទ នៅក្នុង​រដ្ឋាភិបាល រួមទាំង​ភ័ស្តុតាង ស្តីពី​រចនាសម្ព័ន្ធ រដ្ឋបាល និង​ប្រព័ន្ធ​ទំនាក់ទំនង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

លោក នួន​ជា និង​លោក ខៀវ សំផន ត្រូវបាន​តុលាការ​ខ្មែរក្រហម សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​មួយជីវិត នៅក្នុង​សំណុំរឿង​០០២ ដំណាក់កាល​ទី​១ (០០២/០១ ) កាលពី​ឆ្នាំ​២០១៤ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែលមាន​ការ​ជម្លៀស​ប្រជាជន និង​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu