Ad Code

អង្គការ AHF​ នឹង​រៀបចំ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ នៅ​ថ្ងៃ​០១​ធ្នូ​ លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បំផុត​ នៅ​កោះ​ពេជ្រ​



ភ្នំពេញ ​៖​ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​  ​រៀបចំ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៅ​ថ្ងៃ​០១​ធ្នូ​ លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​បំផុត ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​រដ្ឋាភិបាល​ និង​សហគមន៍​ប្រមាណ​ជិត​១​ពាន់​នាក់​។​
​ ​
ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ​ស្ដីពី​ការប្រកាស​ការរៀបចំ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅ​ថ្ងៃ​០១​ធ្នូ​ កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ​សាន់ អ៊ែន​មួន​ លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​ នៃ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ បាន​មាន​ប្រសាសន៍​ថា​ សម្រាប់​ឆ្នាំ​២០១៨​នេះ ​អង្គការ AHF ​នឹង​រៀបចំ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ថ្ងៃ​០១​ធ្នូ ​ដ៏​ធំ​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី អៀង ​ម៉ូ​លី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ដោយមាន​ការ​ចូលរួម​ពី​ស្ថាប័ន​រដ្ឋាភិបាល ​និង​សហគមន៍​ប្រមាណ​ជិត​១​ពាន់​នាក់​។​
​ ​
លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​ នៅក្នុង​ទិវា​នោះ​ ក៏មាន​ការរៀបចំ​ដង្ហែ​ក្បួន​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ការ​រាំ​កន្ត្រាក់​អារម្មណ៍ ការ​រាំ​ហែក្បួន​ និង​ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ ព្រមទាំង​នៅ​ពេល​រាត្រី​ ក៏មាន​ការ​ប្រគំ​តន្ត្រី​ ដែលមាន​ការចូលរួម​ដោយ​តារា​ល្បីៗ ដូចជា​លោក​ ខេមរៈ​ សេរី​មន្ត ក្រុម​កំប្លែង ​និង​តារា​ជាច្រើន​ទៀត​។​
​ ​
លោក​វេជ្ជបណ្ឌិត​បា​ន​បន្ត​ថា ​ការរៀបចំ​ទិវា​អេដស៍​ពិភពលោក​នៅ​ថ្ងៃ​ទី​០១​ធ្នូ​ខាងមុខនេះ​ធ្ វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ក្រើនរំលឹក​ដល់​មនុស្សជាតិ​ថា ​សង្គ្រាម​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ នៅ​មិនទាន់​បញ្ចប់​ទេ ​ដោយ​ជា​រៀងរាល់​ឆ្នាំ មាន​មនុស្ស​ប្រមាណ​១​លាន​នាក់​ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ​និង​ជាង​១​លាន​៨​សែន​នាក់​ បាន​ឆ្លង​ជំងឺ​អេដស៍ ​ក្នុង​១​ឆ្នាំ​។​

​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ព្រឹត្តិការណ៍​ នៃ​ទិវា​នេះ​ នឹង​ជួយ​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថា​ មេរោគ​អេដស៍​អាច​ការពារ ​និង​ព្យាបាល​បាន​ ហើយ​ចំពោះ​អ្នក​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ ពួកគេ​នៅ​តែ​អាច​រស់​នៅ​បាន​ប្រកបដោយ​សុខភាព​ល្អ​ ដោយមាន​ការ​ជួយ​គាំពារ​ និង​ទទួល​បាន​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​យ៉ាង​ត្រឹមត្រូវ​។​
ជាក់ស្ដែង​បច្ចុប្បន្ន​ មាន​មនុស្ស​ប្រមាណ​ជា​៦៧.០០០​នាក់​ នៅ​ប្រទេស​កម្ពុជា​ កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ ក្នុង​នោះ​មាន​អ្នកជំងឺ​ជាង​ពាក់កណ្ដាល ​កំពុង​ទទួល​បានការ​គាំពារ ​និង​ព្យាបាល​ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​AHF​។​

លោក​បាន​បន្ថែម​ថា ​ជាមួយគ្នានេះដែរ ​ទិវា​នេះ​ក៏​ដើម្បី​បង្ហាញ​ពី​សកម្មភាព​នានា ​ដែល​អង្គការ​AHF​បានធ្វើ​ដោយ​ជោគជ័យ​កន្លងមក​ដូចជា ​បាន​ជួយ​គាំពារ​ដល់​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ​១​លាន​នាក់ ​ក្នុងពេល​បច្ចុប្បន្ន​ និង​បើក​សម្ពោធ​គម្រោង​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ ដោយ​រថយន្ត​ចល័ត​របស់​អង្គការ​នៅ​កម្ពុជា​។​
​ ​
លោក​វេជ្ជបណ្ឌិត ឈឹម​ សារ៉ាត់​ សង្ឃឹមថា​ «​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នេះ​ នឹង​ធ្វើ​ឲ្យ​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ កាន់តែ​ប្រសើរ​ទាំង​នៅ​ប្រទេស​កម្ពុជា​ និង​ទូទាំង​ពិភពលោក​»​។​
​ ​
លោក​វេជ្ជបណ្ឌិត តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​មានប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​០១ ខែ​ធ្នូ​ ឆ្នាំ​២០ ១៨​ ដែលជា​ឆ្នាំ​ទី​២៥​នេះ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ នឹង​រៀបចំ​ទិវា​នេះ​នៅ​សាល​សន្និសិទ​ចតុមុខ​។

​ទន្ទឹម​នឹង​មានការ​ប្រារព្ធ​ពិធី​នោះ ​យើង​ក៏មាន​ការធ្វើ​បដា​ចង​នៅ​តាម​ដងផ្លូវ​ទូទាំង​ប្រទេស​ចំនួន​២៥០​បដា​ ដើម្បី​ក្រើនរំលឹក​ដល់​សាធារណជន​ បាន​យល់ដឹង​ និង​ការពារ​ខ្លួន ​កុំ​ឲ្យ​ឆ្លង​ជំងឺ​អេដស៍​។​
​ ​
លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​ជាមួយគ្នានេះដែរ​ អាជ្ញាធរ​ជាតិ​ ក៏បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​នៅ​វត្តភ្នំ​ដោយ​មាន​ការចូលរួម​ពី​តារា​ចម្រៀង​ជាច្រើន ​ដើម្បី​ច្រៀង​ និង​សំដែង ​ជូន​ដល់​សាធារណជន​។​

ជាងនេះទៅទៀត​ បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ដើម្បី​ផ្ញើ​សារ​អប់រំ​ស្ដីពី​ជំងឺ​អេដស៍​តាមរយៈ​ទូរស័ព្ទ​ផង​ដែរ​។​
​ ​
ចំណែក​លោក ខេ​រៈ ​សេរី​មន្ត ឯក​អគ្គ​រាជ​ទួត​សុ​ឆន្ទៈ ​នៃ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ប្រចាំ​នៅ​កម្ពុជា ​បាន​ប្ដេជ្ញា​ថា​ នឹង​ជួយ​ផ្សព្វផ្សាយ​អប់រំ ​ស្ដីពី​ជំងឺ​អេដស៍​នេះ​ នៅ​តាម​ការ​ប្រគំ​តន្ត្រី​ផ្សេងៗ​ និង​ធ្វើជា​សា​អប់រំ​ខ្លី​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ​និង​ស្នើ​ឲ្យ​សាធារណជន​ ក៏ដូចជា​យុវវ័យ​រួមគ្នា​ប្រយុទ្ធ​ និង​លុបបំបាត់​ជំងឺ​នេះ​ឲ្យ​អស់ពី​កម្ពុជា​។​
​ ​
គួរ​បញ្ជាក់​ថា​ តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើស្បែក​ និង​កាម​រោគ​ បាន​ឲ្យ​ដឹង​ថា ​កាល​ឆ្នាំ​២០១៧​កន្លងទៅ​ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ឆ្លង​ជំងឺ​អេដស៍​ថ្មី​ចំនួន​៥៧២​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​មេផ្ទះ​ និង​យុវវ័យ​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu