ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨នេះ គិតពីខែមករា ដល់ខែតុលា កម្ពុជាមានភ្ញៀវទេសចរឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ជិត៨.៥លាននាក់ កើនឡើងចំនួន២១.៧% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧ ដែលមានត្រឹមតែ៧លាននាក់ប៉ុណ្ណោះ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពី «ការតភ្ជាប់ការហោះហើរ កាលានុវត្តភាព និងការប្រឈម» ដែលមានការចូលរួម ពីមន្ត្រី នៃប្រទេសកម្ពុជា, ឡាវ, ភូមា និងចិនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានឲ្យដឹងថា រីឯចំនួនជើងហោះហើរក្នុងឆ្នាំនេះ ក៏មានការកើនដែរ បើធៀបនឹងឆ្នាំ២០១៧។
ដោយឆ្នាំ២០១៨ មានជើងហោះហើរចំនួន ៧២,៧៨៧ កើនឡើង២០% បៀបធៀបនឹងឆ្នាំ២០១៧ មានត្រឹមតែ៦០,៦៣៦ប៉ុណ្ណោះ។ ចំណែកទំនិញវិញ ក៏មានការកើនឡើងដែរ ដោយរយៈពេល៩ខែឆ្នាំ២០១៨កន្លងទៅនេះ មានទំនិញចំនួន៥៥,៣២៤តោន កើនឡើង១៩% ខណៈឆ្នាំ២០១៧ មានត្រឹមតែ៤៦,៦៧៥តោន»។
លោក ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា អាកាសយានដ្ឋានកម្ពុជា មានការតភ្ជាប់ជើងហោះហើរ ទៅកាន់ទីក្រុង នៃប្រទេសចិន ដោយបច្ចុប្បន្នកម្ពុជាមាន២៨គោលដៅ ចេញពីអាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមាន១៦គោលដៅ ចេញពីអាកាសយានដ្ឋានសៀមរាប ទៅប្រទេសចិន, ១២គោលដៅចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង១២គោលដៅ និងចេញពីអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សរុបមកជើងហោះហើរចំនួន៣៤៣ជើង ក្នុង១សប្ដាហ៍ ដែលប្រតិបត្តិដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក៦ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន១០ គិតត្រឹមខែតុលា ឆ្នាំ២០១៨នេះ។
លោកបានបន្ថែមទៀតថា ឧស្សាហកម្មដឹកជញ្ជូនផ្លូវអាកាសដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោក ហើយវានៅតែជាវិស័យមួយដែលរីកលូតលាស់លឿនបំផុត។
យោងតាមសមាគមដឹកជញ្ជួនផ្លូវអាកាសអន្តរជាតិបានឲ្យដឹងថា ក្នុងរយៈពេលតិចជាង២០ឆ្នាំ ចុងក្រោយនេះ មានចំនួនអ្នកដំណើរតាមផ្លូវអាកាស កើនឡើងទ្វេដង ហើយគេរំពឹងថា នឹងមានចំនួនមនុស្សចំនួន៧.៨ពាន់លាននាក់ ធ្វើដំណើរតាមផ្លូវអាកាស ក្នុងឆ្នាំ២០៣៦ខាងមុខនេះ។
ក្នុងនោះតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងក្លាយជាគោលដៅដែលមានតម្រូវការធំបំផុតដែលជាប្រភព នៃអ្នកដំណើរតាមផ្លូវអាកាសថ្មីពោល គឺជាងពាក់កណ្ដាល នៃចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសសរុបក្នុងពិភពលោក ហើយគេរំពឹងថាក្នុងរយៈពេល២ទសវត្សខាងមុខចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងឈានដល់៣.៥ពាន់លាននាក់ នៅឆ្នាំ២០៣៦។
ចំណែកប្រទេសកម្ពុជាវិញ ភ្ញៀវទេសចរចិន បាននាំមុខគេ ក្នុងចំណោមភ្ញៀវទេសចរផ្សេងៗ ដែលចូលមកកម្សាន្តនៅប្រទេសកម្ពុជា។
យោងតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលភ្ញៀវទេសចរប្រទេសចិនចំនួន១លាន៧សែននាក់ នៅឆ្នាំ២០១៨នេះ ហើយនឹងកើនឡើងដល់២លាន៥សែននាក់ នៅឆ្នាំ២០២០ខាងមុខនេះ ដោយសារតែប្រជាជនចិនចូលចិត្តចំណាយពេលវេលាក្នុងការដើរទៅកម្សាន្ត នៅតាមបណ្ដាប្រទេសនានា នៅលើពិភពលោកពិសេសនៅតំបន់អាស៊ាន៕
Source: Kampuchea Thmey Daily
0 Comments