បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ អនុវត្តន៍តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៩៧ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ចេញដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ ឲ្យតាមចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ស្តីពីករណីឆបោក និងក្លែងបន្លំឯកសារគេចខ្លួនក្រោយពីបានទទួលបទបញ្ជាពីព្រះរាជអាជ្ញាហើយនិងដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួចមកលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យតាមចាប់ខ្លួនជនសង្ស័យបានម្នាក់ មាន ឈ្មោះ ជ័យ សារុន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅរស់នៅ ភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួននៅចំណុច បុរីហូលន់ ស្ថិតនៅផ្ទះ លេខ ៦៣C សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ហើយបានបញ្ជូនមកទីបញ្ជាកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើសាកសួរបន្ត។
លោក ម៉ែន ភិរម្យបានបញ្ជាក់ឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ តាមដីកាពាក្យប្តឹង១ឈ្មោះ យឹម គឹមស្រ៊ាង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២មានឈ្មោះ ដួង សំអុល ភេទប្រុស អាយុ៥៨ឆ្នាំរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យស្តីពីការបទឆបោក និងក្លែងឯកសារ ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៧ នៅចំណុច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកន្លងមក។
ក្រោយពី ឃាត់ខ្លួនហើយនិងធ្វើការសាកសួររួចមក កម្លាំងជំនាញបានកសាងសំណុំរឿងជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments