ភ្នំពេញ ៖ ដោយសារខឹងគូទំនាស់ជេរម្រាយខ្លួនអត់ដឹងមូលហេតុ គាប់ជួនខ្លួនមានកាន់ចបនឹងដៃផងនោះ ក៏ស្ទុះទៅវាយនឹងត្បូងចបបែកក្បាលហូរឈាមស្រោចខ្លួនរបួសធ្ងន់ ហើយជនដៃដល់រត់ចូលទៅពួនសម្ងំក្នុងផ្ទះបិទទ្វារជិត លុះព្រឹកឡើងទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង០៥ព្រឹក នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលលេខ៥៣A ផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ត្រយឹង(បុរីសន្តិភាព២) សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនដៃដល់មានឈ្មោះ វ៉ាត់ លីណា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលលេខ 53 A ក្រុមទី៣ ភូមិដំណាក់ត្រយឹងបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះ មី ស៊ី វ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ 535E ភូមិដំណាក់ត្រយឹង(បុរីសន្តិភាព២) សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ មានស្នាមរបួសបែកចិញ្ចើមខាងស្ដាំរងរបួសធ្ងន់ បន្សល់ទុកចបកាប់ចំនួនមួយនៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មុនពេលកើតហេតុជនសង្ស័យបានត្រឡប់មកពីរកត្រីវិញ លុះពេលមកដល់ផ្ទះជួលភ្លាម ពេលនោះជនសង្ស័យឃើញជនរងគ្រោះស្រវឹងស្រា ហើយឈរស្រែកជេរឪពុកម្ដាយរបស់ខ្លួន ក៏ខឹងពេកមិនដឹងធ្វើម៉េច ដោយមានចបកាប់នៅនឹងដៃស្រាប់ផងនោះ បានទាញយកចបកាប់ចូលទៅវាយលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលរបួសបែកឈាមស្រោចខ្លួន ពេលវាយគេរួច ជនសង្ស័យរត់ចូលទៅក្នុងផ្ទះចាក់សោជាប់ រហូតដល់វេលាម៉ោង០៥ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបឪពុកជនរងគ្រោះបើកទ្វារផ្ទះហៅជនសង្ស័យចេញពីផ្ទះប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ឃាត់ខ្លួន រួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការទៅតាមនីតិវិធី។
Source: Kampuchea Thmey Daily
0 Comments