Ad Code

យុវជន​ម្នាក់ ទៅ​ដាក់​សត្វ​ជាមួយ​ឪពុក​ក្នុង​ព្រៃ ត្រូវ​ខ្លាឃ្មុំ​ខាំ​របួសធ្ងន់​



រតនគិរី ៖ មាន​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ខណៈ​យុវជន​វ័យក្មេង​ម្នាក់ បាន​ដើរ​ទៅ​មើល​អង្គុប​ដាក់​សត្វ​ក្នុងព្រៃ​ជាមួយ​ឪពុក​របស់​ខ្លួន ក៏ត្រូវ​បាន​សត្វ​ខ្លាឃ្មុំ​ខាំ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ​ថ្ងៃ​អង្គារ ១៣​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ក្នុង​ព្រៃ ភូមិ​ទំពួន​រឺង​តូច ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្ត​រតនគិរី។

នគរបាល​ស្រុក​តា​វែង​បាន​ឲ្យ​ដឹងថា យុវជន​ដែល​ត្រូវ​ខ្លាឃ្មុំ​ខាំ​រង​របួស​ធ្ងន់​នោះ​មាន​ឈ្មោះ ណ​យ សឺ អ៊ី អាយុ​១៦​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​ទំពួន​រឺ​ង​តូច ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្ត​រតនគិរី។​

នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​ដែល​យុវជន​ខាងលើ​ត្រូវ​សត្វ​ខ្លាឃ្មុំ​ខាំ​នោះ ដោយសារតែ​យុវជន​រូបនេះ​បាន​ដើរទៅ​ក្នុងព្រៃ​ជ្រៅ​ជាមួយ​ឪពុក​របស់ខ្លួន​ដើម្បី​មើល​អង្គុប​ដាក់​សត្វ​ ក៏​ប្រទះឃើញ​សត្វ​ខ្លាឃ្មុំ​ក្នុង​ព្រៃ​នោះ ហើយក៏​ត្រូវបាន​សត្វ​ខ្លាឃ្មុំ​ខាំ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​តែម្ដង។ រួច​ឪពុក​ជនរង​គ្រោះ​ក៏បាន​នាំ​កូន​មក​ផ្ទះ​ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ស្រុក​តា​វែង​ឲ្យ​ជួយ​អន្តរាគមន៍​ផងដែរ។​

បច្ចុប្បន្ន​ ជនរងគ្រោះ​ដែល​ត្រូវ​ខ្លាឃ្មុំ​ខាំ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​នោះ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​វែង​ក្រោម​ដឹក​យកមក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​តា​វែង​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu