Ad Code

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ អំពាវនាវ​កុំ​ឲ្យ​មន្ត្រី​យោធា នគរបាល ឬ​ អង្គរក្ស​នៅ​ពីក្រោយ​ការ​នាំ​ចូល​ទំនិញគេចពន្ធ



​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី ០៤​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​ បាន​ប្រកាស​ថា​នឹង​លុបបំបាត់​រូបភាព​នៃ​បទល្មើស​សេដ្ឋកិច្ច​ដែល​កំពង់​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ដោយមាន​មន្ត្រីនគរបាល យោធា ឬ​មន្ត្រី​អង្គរក្ស​ពីក្រោយ។

ជា​មួយ​គ្នា​នេះ​ ស្នងការដ្ឋាន​ក៏បាន​អំពាវនាវ​សុំ​ឲ្យ​អាជីវករ ពាណិជ្ជករ​ទាំងអស់​សហការ​ល្អ​ជាមួយ​សមត្ថ​កិច្ច ទាំង​ការគោរព​ច្បាប់​ចរាចរ មិន​ដឹក​លើស​ទម្ងន់​កំណត់ ព្រមទាំង​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​មុខទំនិញ។



លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​លើក​ឡើង​ថា ខ្ញុំ​សុំ​ឲ្យ​មន្ត្រីនគរបាល ឬក៏​យោធា​មេត្តា​កុំ​នៅ​ពី​ក្រោយខ្នង ឬក៏​កាង​បទល្មើស​សេដ្ឋកិច្ច​ឲ្យ​សោះ។ ដោយមាន​ការ​តាមដាន​ព័ត៌​មាន​ខ្ញុំ​ដឹង​ថា ក្នុង​មួយថ្ងៃៗ​មានការ​ដឹកទំនិញ​គេចពន្ធ​ចូលក្នុង​រាជធានី​ភ្នំពេញ​រាប់​រយ​ឡាន​ដោយ​ឈ្មួញ​ផ្សេងៗ​គ្នា តាម​រូបភាព​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​នគរបាល ឬ​យោធា​ដើម្បី​បិទបាំង​ទង្វើ​គេចពន្ធ​ទាំងនោះ។

លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​បន្ថែម​ថា ​ចាប់ពី​ថ្ងៃនេះ​ទៅ​អង្គភាព​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​នឹង​សហការ​ជាមួយ​សាខាគយ​រាជធានី នាយកដ្ឋាន​គយ​ចល័ត និង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ ដើម្បី​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ដែល​គេចពន្ធ​ក្នុង​ទិស​ដៅ​បង្កើន​ចំណូល​ពន្ធ​រដ្ឋ​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ។



ចំពោះ​រថយន្ត​ដឹក​លើស​ទម្ងន់​ ដែល​ភាគច្រើន​ជា​រថយន្ត​ដឹកទំនិញ​គេចពន្ធ​របស់​ឈ្មួញ​ធំៗ​ដែល​មាន​ម្ចាស់​ជា​យោធា ឬ​នគរបាល​ក៏​ត្រូវ​ប្រគល់​ឲ្យ​ផ្នែក​ជំនាញ​ចរាចរ​ផ្លូវគោក​ចាប់ផ្ដើម​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​បំផុត តាម​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល មាន​ដូច​ជា ទី​១ ឆ្លុះកញ្ចក់ ទី​២ ងូតទឹក ទី​៣ ដុសក្អែល ទី​៤ ព្យាបាល ទី​៥ វះកាត់។

ការសម្រេចចិត្ត​រឹត​បន្តឹង​ខាង​ផ្នែក​បទល្មើស​សេដ្ឋកិច្ច​នេះ បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃនេះ​មាន​បណ្ដាញ​ព័​ត៌​មាន​អេ​លិច​ត្រូ​និ​ច​មួយចំនួន​បានធ្វើការ​វាយប្រហារ​ក​ង​កម្លាំង​នគរបាល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ដែល​ការវាយប្រហារ​ទាំងនោះ​រំលោភបំពាន​ដល់​បេសកកម្ម​របស់​មន្ត្រី​ជំនាញ​ដែល​កំពុង​សហការ​ជាមួយ​ស្ថាប័ន​តុលាការ​ដើម្បី​បង្ក្រាប​បទល្មើស៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu